ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិត្យ វិច្ឆិកា ត្រូវក្រុមហ៊ុនធំមួយប្រកាសប្ដឹង

មកទល់ពេលនេះ ចម្រូងចម្រាងរវាងលោក ទិត្យ វិច្ឆិកា តារាចម្រៀង និងក្រុមហ៊ុនធំមួយត្រូវបានកើតឡើងយ៉ាងក្ដៅគគុក បើទោះជាភាគីដែលបានបង្កហេតុ ដែលជាប់ពាក់ព័ន្ធនឹងករណីឆបោកថវិកា របស់លោកទិត្យ វិច្ឆិកា ត្រូវចាប់ញាត់គុកទៅហើយ។

នៅលើបណ្ដាញហ្វេសប៊ុកលោកទិត្យ វិច្ឆិកា បានប្រកាសដោយចំហរថាលោក សាបូអូហ្សាណូអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតាភីអិលស៊ី ដែលត្រូវគេស្គាល់ថាជាមន្ត្រីជាន់ខ្ពស់ធំម្នាក់ផង មានជាប់ពាក់ព័ន្ធនឹងការទទួលប្រាក់ទិញផ្ទះរបស់លោក និងរឿងបំណុលដែលលោកបានជំពាក់។ លោកសាម៉ន បណ្ឌិត្យ តំណាងលោកសាបូអូហ្សាណូ បានចាត់ទុកថាអ្វីដែលលោកវិច្ឆិកាបានបង្ហោះជាបទបរិហាកេរ្តិ៍ធ្ងន់ធ្ងរ ដោយសារតែអ្នកពាក់ព័ន្ធរឿងបោកលុយនោះ ជាមនុស្សម្នាក់ផ្សេងគឺឈ្មោះ ថា ថុន ហើយត្រូវបានចាប់ដាក់គុគទៅហើយ ។ លោកអះអាងថា លោក សាបូអូហ្សាណូ ក៏ជាជនរងគ្រោះ។ លោកពន្យល់ថាក្នុងពេលលោក ថា ថុន គ្រប់គ្រងតំណែងជានាយកប្រតិបត្តិនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតា បុគ្គលរូបនេះបានលួចទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា T&L ដោយទទួលបង់រំលោះផ្ទះក្នុងតម្លៃទាប នៅភូមិស្ងួនពេជ្រ ក្នុងខ័ណ្ឌដង្កោ ជាយភ្នំពេញ។ ឈ្មោះ ថា ថុននេះ បានតម្រូវអោយអតិថិជនទាំងអស់រួមទាំងលោកទិត្យ វិច្ឆិកា ផង បង់៣៥០០ដុល្លារជាមុនសិន ទើបអាចបង់រំលោះយកផ្ទះនោះបាន។ លោកនិយាយថា«រឿងហ្នឹងអ៊ីចេះ គឺលោកថា ថុន ពេលគាត់ធ្វើនាយកប្រតិបត្តិអោយឌែតា គាត់ប្រើល្បិចបើកក្រុមហ៊ុនមួយបង់រំលោះផ្ទះតម្លៃថោក ហើយអ្វីដែលគាត់ត្រូវអូសចូលគុកកាលពីប៉ុន្មានខែមុនហ្នឹងគឺលោកថា ថុន ហ្នឹងក្រោយគាត់ទទួលបានលុយកក់ហើយ ទទួលបានលុយដែលអតិថិជនខ្ចីពីឌែលតាហើយ តែគាត់អត់សង់ផ្ទះតាមគម្រោងទេ ទើបបង្កអោយអតិថិជនរបស់ឌែលតាដែលខ្ចីទិញផ្ទះទាំងអស់ហ្នឹងអត់បង់ប្រាក់តាមកាលកំណត់ ហើយបណ្ដាលអោយបែករឿង!»។ លោកថាក្នុងពេលភ្លាមៗ ខាងឌែលតា អត់ដឹងថាម្ចាស់ក្រុមហ៊ុនT&L គឺជាលោកថា ថុន នោះទេ ទាល់តែស្រាវជ្រាវទៅទើបដឹងថាជាបុគ្គលិកខ្លួនឯង ហើយក៏អូសចូលតុលាការតែម្ដង!»។ យ៉ាងណាមិញ លោកថាម្ចាស់គ្រឹះស្ថានឌែលតាបាន សុខចិត្តបន្តគម្រោងសង់ផ្ទះនោះ អោយតែអតិថិជនដែលមានឈ្មោះខ្ចីលុយ តាមការឆបោករបស់លោក ថា ថុន បង់ប្រាក់អោយទៀងរាល់ខែ តែបណ្ដាលមកពីលោក ទិត្យ វិច្ឆិកា និង១៦គ្រួសារទៀតមិនព្រម ហើយ គិតតែទារយកលុយវិញ និងអត់ព្រមបង់បំណុលទាំងឈ្មោះខ្លួនឯងបានផ្ដិតមេដៃខ្ចី ទើបក្លាយជារឿងចម្រូងចម្រាស់។ លោកនិយាយថា«ការពិតរឿង! បើទិត្យ វិច្ឆិកា អត់ទារលុយ៣៥០០ដុល្លារ វាអត់មានអីទេ តែមកពីគាត់ចង់អោយលុបឯកសារបំណុលហើយ ចង់អោយឌែលតាសងលុយអោយទៀត ហើយ ទៅបង្ខូចឈ្មោះឯកឩត្តមអគ្គនាយកជាម្ចាស់ក្រុមហ៊ុនឌែលតា ដែលអត់បានពាក់ព័ន្ធទទួលលុយទៀត ធ្វើចឹងវាសមទេ បើឈ្មោះថា ថុន ជាអ្នកបោកគេចាប់ដាក់គុគ បែរជាអោយឌែលតា ដែលត្រូវឈ្មោះថា ថុន បន្លំឯកសារបោកលុយយកទៅ អោយអតិថិជនដែរទទួលខុសត្រូវ!»។ លោកថាលោកអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតា អត់មានជំនួញសង់ផ្ទះបង់រំលោះនោះទេ ប៉ុន្ដែដោយសារយល់ថាមានជនរងគ្រោះសុទ្ធតែចាញ់បោកឈ្មោះ ថា ថុន ដោយបានខ្ចីលុយពីឌែលតាទៅបង្គ្រប់ថ្លៃផ្ទះទាំងអត់បានផ្ទះ ទើបក្រុមហ៊ុនសុខចិត្តចេញទុនសង់ផ្ទះនោះអោយ តែអតិថិជនត្រូវតែបង់សងបំណុលអោយទៀង ដោយសាតឌែលតាបានបញ្ចេញកម្ចីទៅអោយអ្នកទិញផ្ទះរបស់ក្រុមហ៑ុនសង់ផ្ទះ លោក ថា ថុន អស់ប្រាក់ច្រើនសែនដុល្លារដែរ។ លោកថាលោក ទិត្យ វិច្ឆិកា មិនបង់បំណុលតាមតារាងមួយរយៈមកហើយ ហើយបានបង្ហោះបង្ខូចឈ្មោះក្រុមហ៊ុនឌែលតាជាបន្តបន្ទាប់ ដើម្បីគំរាមអោយចេញ៣៥០០ដុល្លារអោយវិញ។ លោកថា លោកសាបូអូហ្សាណូ បានសម្រេចដាក់ប្ដឹងលោកទិត្យ វិច្ឆិកា តែដោយសារតែលោកមិនចង់អោយតារារូបនេះប្រឈមផ្លូវច្បាប់ ទើបលោកបញ្ជាក់ថាអ្នកប្រមូលលុយបានជាប់គុកហើយ និងថា ទាំងលោកទិត្យ វិច្ឆិកា និងក្រុមហ៊ុនឌែលតា សុទ្ធតែជាជនរងគ្រោះដូចគ្នាប៉ុណ្ណោះ ។ លោកនិយាយថា«ឥឡូវហ្នឹងទិត្យ វិច្ឆិកា គាត់ចង់អោយលុបបំណុលផង ចង់អោយបង្វិល៣៥០០អោយវិញផង សួរថាលុយហ្នឹងក្រុមហ៊ុនបានទទួលទេ ជម្រើសគាត់មានតែបង់បំណុលប្រចាំខែដើម្បីយកផ្ទះ ឬចោលលុយកក់ទេ តែបើចង់បានទាំងពីរ ចាំទៅយកពីលោកថា ថុនទៅ ក្រែងតិចទៀតតុលាការអោយលក់ទ្រព្យអីបានលុយមកសង!»។

លោកទិត្យ វិច្ឆិកា បានអះអាងថាខ្លួនត្រូវយកលុយចំនួន៣៥០០ដុល្លារមកវិញ ហើយលោក អត់ត្រូវការផ្ទះនោះទៀតទេ។ លោកថា ហេតុផលដែលលោកទាមទារអោយលោកសាបូអូហ្សាណូដោះលើបញ្ហារបស់ខ្លួន ក្រោយឈ្មោះ ថា ថុន ត្រូវបានចាប់ ព្រោះតែលោក សាបូអូហ្សាណូ ជាម្ចាស់ក្រុមហ៊ុនឌែលតា ដែលលោកយល់ថា បានជាប់ពាក់ព័ន្ធ នឹងរឿងឆបោកនេះ។ លោកថាខ្លួបបានប្ដឹងខ័ណ្ធពោធិ៍សែនជ័យ ហើយបើមិនលុបបំណុលដែលមានឈ្មោះរបស់លោកផ្ដិតមេដៃចោលទេ គឺលោកនឹងប្រើប្រព័ន្ធហ្វេសប៊ុកទាមទារអោយលោកសាបូអូហ្សាណូ ដោះស្រាយអោយដល់ទីបំផុត។ លោកក៏បានដាក់បណ្ដឹងទៅខ័ណ្ឌពោធិសែនជ័យផងដែរ។ លោកសាម៉ន បណ្ឌិត្យ និយាយថាបើ ទិត្យ វិច្ឆិកា នៅតែបន្តបង្ខូចឈ្មោះលោកសាបូអូហ្សាណូ លោកនឹងត្រូវប្រឈមផ្លូវច្បាប់ ដោយសារតែអ្នកពាក់ព័ន្ធនឹងលុយរបស់លោកគឺឈ្មោះថា ថុន ដែលទើបត្រូវចាប់ដាក់គុកឯណោះទេ។ លោកថាដំណោះនឹងចប់ បើលោកទិត្យ វិច្ឆិកា ព្រមបង់បំណុលដើម្បីយកផ្ទះ ឬចោលលុយកក់ដោយបញ្ឈប់យកឈ្មោះលោកសាបូអូហ្សាណូ ទៅពាក់ព័ន្ធ៕

មតិយោបល់