ព័ត៌មានជាតិ

រថយន្តកំពង់ផែស្វយ័តក្រុងភ្នំពេញ វង្វែងផ្លូវត្រូវមែកឈើរលំសង្កត់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តកុងតឺន័រសណ្តោងរម៉កមួយគ្រឿងរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ វង្វែងផ្លូវបានបើកទៅទាក់មែកឈើមួយដើមនៅចិញ្ចើមផ្លូវបណ្តាលឲ្យរលំសង្កត់លើរថយន្តទៅមុខលែងរួច។ សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់Post Newsឲ្យដឹងថា រថយន្តបង្កខាងលើនេះជាប្រភេទរថយន្តកុងតឺន័រ សណ្តោងរម៉ក របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ពណ៌ខៀវ ទូក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-1960 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ លុះបានមកដល់ចំណុចកើតហេតុ ក៏បានបើកទៅទាក់ជាមួយមែកឈើមួយដើម បណ្តាលឲ្យដើមឈើនោះប៉ើងគល់រលំសង្កត់ទៅទូកុងតឺន័រគាំងជាប់ ទៅមុខលែងរួចតែម្តង សំណាងល្អគ្មានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការវាស់វែង នាំយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

ក្នុងនោះយើងក៏មានការផ្សាយផ្ទាល់លើផេក Post News Media ផងដែរ៕

មតិយោបល់