ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ុន ណារីម៉ូនីកា ត្រូវគេបោកអស់សែនដុល្លារ

ក្រោយបញ្ចប់ការប្រគល់ថវិការបស់គ្រួសារតារាកម្ពុជាកាលពីល្ងាចថ្ងៃទី២១ មីនា នៅCTN អ្នកនាងស៊ុន ណារីម៉ូនីកា បានសារភាពទាំងក្ដុកក្ដួលថា អ្នកនាងពិតជាចាញ់បោក មិត្តភ័ក្រ្ត និងបងប្អូនរបស់ខ្លួនអស់ប្រាក់ច្រើនសែនដុល្លារឡើងចង់អស់ពីខ្លួនប្រាកដមែន។ ជាក់ស្ដែងថ្មីៗនេះ អ្នកនាងទម្លាយថាមនុស្សដែលអ្នកនាងស្រឡាញ់ និងទុកចិត្តអស់ច្រើនឆ្នាំ ទើបនឹងបោកអ្នកនាងអស់ច្រើនម៉ឺន ក្នុងពេលដែលអ្នកនាងត្រូវការលុយកាក់រហូតដល់៥ម៉ឺនដុល្លារមើលជំងឺកូនប្រុសនោះផង។

អ្នកនាងលើកឡើងទាំងបញ្ចេញទឹកភ្នែករលីងរលោងថា តាំងពីអ្នកនាងប្រឡូកសិល្ប:រហូតមកទល់ពេលនេះ អ្នកនាងចាញ់បោកលុយកាក់មនុស្សដែលអ្នកនាងស្រឡាញ់មិនក្រោមច្រើនសែនដុល្លារនោះទេ រាប់ទាំងដីមួយប្លង់តម្លៃប្រមាណ៤០ម៉ឺនដុល្លារដែលត្រូវបងប្អូនរបស់អ្នកនាងម្នាក់បន្លំឯកសារកាត់យក ក្នុងពេលអ្នកនាងចេញទៅរស់នៅប្រទេសបារាំងនោះផង។ អ្នកនាងថាជីវិតពោរពេញដោយការឈឺចាប់ណាស់ ដែលសាច់ញាតិរបស់អ្នកនាងគឺអ្នកនាងហៅឲ្យមករស់នៅផ្ទះរបស់ខ្លួនដោយសារតែឃើញលំបាក ប៉ុន្តែចុងក្រោយបុគ្គលម្នាក់នោះបានបន្លំយកដីរបស់អ្នកនាង និងបានទាំងតម្រូវឲ្យអ្នកនាងឲ្យចំណែកផ្ទះពាក់កណ្ដាលនៅពេលលក់ផ្ទះនោះទៀត។ អ្នកនាងបានដាក់បណ្ដឹង ប៉ុន្តែនៅពេលបុគ្គលម្នាក់នោះត្រូវគេប៉ងចាប់ ហើយក៏អាណិតសម្រេចចិត្តប្ដឹងហើយដោយឲ្យផ្ទះ ឲ្យដីដែលគេបន្លំឯកសារយកទៅនោះ ដោយសុខចិត្តបាត់បង់។ អ្នកនាងនិយាយថាក្នុងពេលអ្នកនាងល្បីខ្លាំង ហើយមិនទាន់ចេញទៅស្រុកបារាំង អ្នកនាងសន្សំបានលុយទិញជាផ្ទះ ជាដីច្រើនកន្លែងណាស់ ដោយដីនិងផ្ទះមួយចំនួនក៏ត្រូវសាច់ញាតិកេងប្រវ័ញ្ចយក ហើយលុយកាក់ដែលមានផ្សេងទៀត ក៏ត្រូវគេល្បួងខ្ចី ហើយមិនព្រមសង។ អ្នកនាងនិយាយថាក្នុងមួយជីវិតនេះ អ្នកនាងឆាប់ជឿគេ ទុកចិត្តគេ និងឆាប់អាណិតគេ រហូតភ្លេចគិតពីខ្លួនឯង បើទោះជាអ្នកនាងធ្លាប់ត្រូវគេបោកម្ដងហើយម្ដងទៀត។ អ្នកនាងនិយាយថា«មកពីបងឆាប់អាណិតគេ ទើបគេសុំខ្ចី៥ពាន់១ម៉ឺន(ដុល្លារ) នឹងខ្លះរហូតដល់ប្រាំប្រាំមួយម៉ឺនអីម្ដងៗ ក៏នៅតែឲ្យ ចុះអ្នកណាដឹងថាគេខ្ចីលុយយើងហើយមិនសង និងអត់និយាយយើងនោះ!»។ អ្នកនាងថាអ្នកបោកប្រាក់អ្នកនាងទាំងនោះ សុទ្ធតែជាមិត្តជិតស្និទ្ធិ ជាប្អូនធម៌ល្អពីមុន និងជាបងប្អូនអ្នកនាង ដែលនាងចេះតែចិត្តមិនដាច់។ ម្យ៉ាងមកពីអ្នកនាងមិនចង់មានរឿងប្ដឹងផ្ដល់នោះផង ទើបអ្នកបោកលុយអ្នកនាងគេបានសើយសុខ ហើយមិនដែលនឹងមើលមុខអ្នកនាងផង ដោយថែមទាំងស្អប់ និងគេចមុខអ្នកនាងទៅទៀត។ អ្នកនាងនិយាយថា«តែនឹកដល់រឿងហ្នឹង ខ្ញុំនិយាយអត់ចេញ អ្នកខ្ចីសុទ្ធតែរាប់ស្គាល់គ្នា អ្នកខ្លះមករកយើង យើងសុខចិត្តលក់តាំងពីឡានយកលុយឲ្យដោយសារឃើញថាទាល់ តែចុងក្រោយបានលុយហើយអត់និយាយរកយើងម្មង!»។ អ្នកនាងសារភាពថាខ្លួនអភ័ព្វស្គាល់សុទ្ធតែអ្នកចង់បោក ទើបរយ:ពេល២០ឆ្នាំមកទល់នឹងពេលនេះ គឺអ្នកនាងត្រូវគេបោកផ្ទះដី និងលុយសុទ្ធដែលខ្ចីមិនសងមិនតិចជាងច្រើនសែនដុល្លារ។ អ្នកនាងបង្ហាញពីការឈឺចិត្ត ដែលអ្នកនាងត្រូវគេបោករហូតចង់អស់ពីខ្លួនមកទល់ពេលនេះ។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថាមិនទាន់ចង់បង្ហាញអត្តសញ្ញាណអ្នកបោកលុយទាំងនោះទេ ដោយទុកឱកាសឲ្យសិន៕

មតិយោបល់