ក្នុងជំនួបប្រគល់ថវិការបស់គ្រួសារតារាកម្ពុជា កាលពីរសៀលថ្ងៃទី២១ មីនា លោកតាវ៉ិចទ័រ ដែលជាប្រធានក្រុមដឹកនាំចលនាស្វែងរកមូលធិនិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បានប្ដេជ្ញាថាលោកនឹងប្រឹងរកចំណូលអោយបានច្រើនជាង២៤ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យមួយនេះ នៅចុងខែនេះ។ លោកបានបង្ហាញនូវការរំពឹងយ៉ាងខ្លាំង ថាអ្វីដែលលោកប្ដេជ្ញានឹងដល់គោលដៅ ដោយសារសម្អាងថាការរ៉ៃអង្គាសនាពេលកន្លងមកគឺបានលុយច្រើនម៉ឺនក្នុងដៃហើយ ខណៈដែលការប្រគំតន្ត្រីនៅថ្ងៃទី២៥ មីនា ខាងមុខក៏ជាប្រភពរករំណូលដ៏ច្រើន។
លោកតាវ៉ិចទ័រ បានថ្លែងប្រាប់ថាការរ៉ៃអង្គាសរបស់ក្រុមលោកតាមខេត្តនាមួយរយៈមុន ទទួលបានប្រាក់ច្រើនម៉ឺនដុល្លារ បើទោះមិនទាន់បានរាប់នៅឡើយ។ ជាក់ស្ដែងនៅក្នុងខេត្តខ្លះលោកថាដើររ៉ៃអង្គាសតែមួយថ្ងៃបានរហូតដល់១ម៉ឺនដុល្លារក៏មានដែរ ប៉ុន្តែមកពីក្រុមការងាររបស់លោកម្នាក់ៗសុទ្ធតែរវល់ទើបមិនសូវបានដើរច្រើនក្នុងការរ៉ៃអង្គាស។ លោកថាសកម្មភាពដើររ៉ៃអង្គាសធ្វើបានតែពេលដែលលោក និងក្រុមការងារចុះថតកម្មវិធី«សំណើចតាមភូមិ» ប៉ុណ្ណោះ ខណៈដែលក្នុងខេត្តក៏បានដើររ៉ៃអង្គាសនោះដែរ ដោយសារតែពាក់ព័ន្ធនឹងការហត់នឿយរត់មិនរួច។ លោកថានៅថ្ងៃទី២៥ មីនា នេះក្រុមតារាល្បីៗដែលលោករៀបចំ នឹងធ្វើការប្រគំតន្ត្រី អមដោយការប្រកួតបាល់ទាត់រវាងក្រុមតារា និងក្រុមជម្រើសជាតិ នៅសាលកីឡាបាល់ទាត់វេស្ទើន ដោយលោករំពឹងថានឹងមានអ្នកទិញសំបុត្រចូលទស្សនាច្រើន បើទោះជាតម្លៃសំបុត្រត្រូវលក់១ម៉ឺនរៀលនាថ្ងៃនោះ។ លោកថាផ្អែកកាលពីឆ្នាំលោករកបាន២៤ម៉ឺនក្រោយការប្រគំតន្ត្រីចប់ ដូច្នេះលោកជឿជាក់ថានៅក្នុងឆ្នាំនេះ គឺពិតជាទទួលបានច្រើនជាង២៤ដុល្លារ។ លោកថានៅក្នុងឆ្នាំនេះ ការរ៉ៃអង្គាសថវិកាមានការចូលរួមពីច្រើនមជ្ឈដ្ឋានជាងមុន ដោយក្រៅពីក្រុមមហាជន ក៏មានក្រុមសប្បុរសជនជាតារាសិល្បៈចូលរួមផងដែរ។ លោកបានថ្លែងកោតសរសើរ ដល់កម្លាំងចូលរួមរបស់គ្រួសារតារាកម្ពុជាដែលបានរួមគ្នាបរិច្ចាគថវិកាជួយដល់គម្រោងរបស់លោកចំនួន៥០០ដុល្លារ ដោយលោកបញ្ជាក់ថានេះជាការរួមចំណែកដ៏មានតម្លៃរបស់តារាសិល្បៈ។
ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថាថវិកាដែលយកទៅប្រគល់ជូនដល់គម្រោងលោកតាវ៉ិចទ័រនោះ គឺថវិកានដែលបានពីការបរិច្ចាគដោយសមាជិកមួយចំនួនធំរបស់គ្រួសារតារាកម្ពុជា។ លោកថានេះមិនមែនជាលើកទី១សម្រាប់ការរួមចំណែកជួយដល់គន្ធបុប្ផានោះទេ ដោយសារតែពេលកន្លងមក តារាៗដែលជាសមាជិករបស់គ្រួសារតារាកម្ពុជាបានធ្វើការប្រគំតន្ត្រីជួយរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យនេះច្រើនលើករួចមកហើយ ដូចជាការសហការជាមួយសាកលវិទ្យាល័យន័រតុនកាលពីឆ្នាំ២០១៦ និងគម្រោងធ្វើការប្រគំតន្ត្រីនៅថ្ងៃទី៩ មេសាខាងមុខនេះ នៅក្រុងតាខ្មៅជាដើម។
ក្នុងពិធីប្រគល់ថវិកាជូនដល់លោកតាវ៉ិចទ័រនោះ តារាក្មេងចាស់ប្រមាណជាង២០ ដោយមានវត្តមានរបស់លោកសុះ ម៉ាច ជាប្រធានសមាគមសិល្បករខ្មែរផ្ដល់ជាកិត្តិយសផងដែរ។
https://www.youtube.com/watch?v=pKhmqEGlnVQ&feature=youtu.be





























មតិយោបល់