ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា និងទេព រិន្ទដារ៉ូ លើកពីរឿង«លត់ដែកថែប»

បើទោះជារងសម្ពាធពីក្រសួងសុខាភិបាលរឿងប្រតិកម្មជុំវិញការប្រកាសលក់ថ្នាំផ្ដាច់សារជាតិញៀនឡើងផ្អើលមហាជន ក៏តារាសម្ដែងល្បីឈ្មោះអ្នកនាងស្វែង សុជាតា នៅតែអះអាងថាមិនភ័យចំពោះចំណាត់ការស៊ើបអង្កេតរបស់ក្រសួងនោះទេ។ អ្នកនាងថែមទាំងបានបង្វែរទិសដៅជាមួយលោក ទេព រិន្ទដារ៉ូ ទៅវិភាគពីរឿង«លត់ដែកថែប»ដែលត្រៀមធ្វើពិធីសម្ពោធដាក់បញ្ចាំងនៅថ្ងៃទី២៧ មីនា នោះផង។ ការវិភាគនេះ បន្ទាប់ពីមានការវាយប្រហារថាសម័យថាភាពយន្តគេប្រើសំឡេងពិតទៅហើយ បែរជារឿង«លត់ដែកថែប»ដែលភាពយន្តវ៉ៃប្រហារ និងចម្រុះដោយអ្នកក្បាច់គុណកុះករ បានជួយអ្នកអាជីពអោយមកបញ្ចូលសំឡេងអោយតួទៀត។

អ្នកនាងនិយាយថាខ្លួនបានទទួលដំណឹងថាភាពយន្តខ្នាតធំរឿង«លត់ដែកថែប»មិនប្រើសំឡេងរបស់តារាផ្ទាល់នោះទេ ដោយបានបញ្ចូលសំឡេងអោយតួទៅវិញ។ អ្នកនាងថាមិនមែនជារឿងមិនល្អនោះទេ ដែលខ្សែភាពយន្តមួយនេះបានប្រើបច្ចេកទេសយកអ្នកជំនាញផ្នែកបកប្រែរឿងអោយបញ្ចូលសំឡេងជំនួស ដោយសារតែភាពជាក់ស្ដែង គឺតារាមួយចំនួនមុខមាត់ស្អាតៗ សម្ដែងល្អ តែសំឡេងផ្ទាល់ខ្លួនគឺមិនសូវពីរោះនោះទេ ដែលធ្វើអោយប៉ះពាល់ដល់ផ្ទៃរឿង។ អ្នកនាងថាភាពយន្តល្អលុះត្រាតារាសម្ដែងក៏ល្អ សាច់រឿងល្អ ហើយសំឡេងរបស់តួអង្គ ក៏ពីរោះទាក់ចិត្តទៅទៀត អ៊ីចឹងហើយទើបអ្នកនាងយល់ថាបើភាពយន្តរឿង«លត់ដែកថែប»ចំណាយលុយបញ្ចូលសំឡេងគឺជាគួរអោយចាប់អារម្មណ៍មួយ។ អ្នកនាងបានលើកឧទាហរណ៍ថា ក្នុងពេលអ្នកនាងសម្ដែងរឿង«មរណមាតា»អ្នកបញ្ចូលសំឡេងអោយអ្នកនាងបានជួយអោយតួអង្គរបស់អ្នកនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអ្នកដែលបានបញ្ចូលសំឡេងនោះ ដឹងពីដង្ហើមរបស់អ្នកនាង ហើយបកប្រែបានពីរោះធ្វើអោយការសម្ដែងរបស់អ្នកនាងកាន់តែរស់រវើក។ យ៉ាងណាមិញ អ្នកនាងថាក្រោយពេលអ្នកបញ្ចូលសំឡេងរបស់អ្នកនាងក្នុងរឿង«មរណមាតា»ចែកឋាន គឺមិនមានអ្នកបញ្ចូលសំឡេងណាម្នាក់បញ្ចូលសំឡេងតួអង្គអ្នកនាងត្រូវតាមដង្ហើមទេ ទើបអ្នកចូលចិត្តសម្ដែងដោយនិយាយសំឡេងពិតជាជំនួសវិញ។

មិនខុសគ្នាដែរលោក ទេព រិន្ទដារ៉ូ បានអះអាងថាភាពយន្តរឿង«លត់ដែកថែប»ពិតជាទាក់អារម្មណ៍ជាជាងការកំណត់អោយតារាសម្ដែងនិយាយផ្ទាល់នោះផង។ លោកថាការបញ្ចូលសំឡេង ឬមិនបញ្ចូលសំឡេងចូលមិនប៉ះពាល់ចំពោះផ្ទៃរឿងនោះទេ តែបញ្ហាភាពយន្តល្អ ឬមិនល្អគឺស្ថិតនៅលើសាច់រឿងប៉ុណ្ណោះ។ លោកសរសើរថាភាពយន្តដែលបញ្ចូលសំឡេង បើសាច់រឿងល្អ គឺកាន់តែល្អមើលថែមទៀត ទើបលោកយល់ថាភាពយន្តរឿង«លត់ដែកថែប»នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង ដោយសារតែរឿងមួយនោះ គឺលោកដឹងថាមានឈុតឆាកវាយតប់រស់រវើក និងបានចំណាយពេលថតយូរហើយ។

លោកសុខ ដែន តំណាងភាពយន្តរឿង«លត់ដែកថែប»បានអះអាងថាខ្សែរឿងមួយនេះ ក្រុមហ៊ុនសម្រេចបញ្ចូលសំឡេង ដោយសារតែឃើញសាច់រឿងមានឈុតឆាករស់រវើក ហើយចង់អោយរឿងកាន់តែល្អនៅពេលមានការបញ្ចូលសំឡេងល្អ។ លោកថាក្រុមហ៊ុនសុខចិត្តចំណាយលុយ ប៉ុន្តែមិនសុខចិត្តអោយរឿង«លត់ដែកថែប»មិនល្អ ព្រោះតែតួសម្ដែងខ្លះសម្ដែងល្អ តែសំឡេងមិនល្អ។ លោករំពឹងថារឿងមួយនេះនឹងជោគជ័យ ក្រោយពេលដាក់បញ្ចាំងផ្លូវការនៅចុងខែមីនានេះ៕

មតិយោបល់