ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៣០ ឧសភា ខ្សែរឿង«Hello Phnom Penh» ដែលត្រូវបានសម្ងំផលិតដោយផលិតកម្ម LD Picture ត្រូវបានដាក់បញ្ចាំងជាផ្លូវការហើយ នៅរោងភាពយន្តទំនើបLegend ផ្សារស្ទឹងមានជ័យ។ យ៉ាងណាមិញ នៅក្នុងពិធីនោះ មិនត្រូវបានចូលរួមកុះករពីសំណាក់ផលិតករ និងតារាសម្ដែងនោះទេ ដោយសារតែកាលកំណត់ដែលរោងភាពយន្តកំណត់ត្រូវចំក្រុមការងារភាគច្រើនជាប់រវល់។ តារាសម្ដែងដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះ រួមមានតួឯកស្រីនាងគៀត សុវណ្ណាឡាង លោកលឹម ជាឡាយ កញ្ញា សុភ័ណ្ឌ លីនដា លោកប៊ីអាយជី លោកស៊ឹម សោភ័ណ្ឌ និងតារាសម្ដែងដែលជាតួអង្គក្នុងរឿង និងភ្ញៀវកិត្តិយសដែលជាតារាបួនដប់រូបផ្សេងទៀត។
លោកលៀក លីណា តំណាងផលិតកម្ម LD Picture បានអះអាងថាការសម្ពោធរឿង«Hello Phnom Penh » ក្រុមផលិតករ និងតារាសម្ដែងបានកំណត់យកថ្ងៃចុងសប្ដាហ៍កាលពីសប្ដាហ៍មុននោះទេ ប៉ុន្តែដោយសារតែខាងរោងកុនទំនេររោងនៅអំឡុងថ្ងៃច័ន្ទ និងតម្រូវឲ្យបើកសម្ពោធនៅថ្ងៃនោះវិញ ទើបបណ្ដាលឲ្យផលិតករ និងតួសម្ដែងភាគច្រើនមិនអាចមកបាន។
លោកថាខ្សែរឿងនេះ ត្រូវបានសម្ងំថតយូរហើយដោយថតតាំងពីសួនកម្សាន្តឌ្រីមលែនដ៍នៅបើកដំណើរការនោះទៅទៀត។ លោករឿង«Hello Phnom Penh » បង្ហាញពីភាពភ្លើតភ្លើនរបស់តួអង្គ៣រូបរួមមាន លោកលឹម ជាឡាយ លោកប៊ីអាយជី និងនាយគ្រឿន បានលួចមកលេងភ្នំពេញ ហើយឈ្លក់វង្វែងនឹងបរិយាកាសនៅក្នុងទីក្រុង ហើយក៏បង្កើតឲ្យមានឆុតឆាកអស់សំណើច និងសាច់រឿងជាមួយតួអង្គស្រីដែលជានារីបម្រើការនៅក្នុងហាងKTV និងកន្លែងផឹកស៊ី។ លោកមិនច្បាស់ពីខ្ទង់ចំណាយសម្រាប់ការផលិតនោះទេ ដោយគ្រាន់តែរឿងនេះនឹងអាចទាក់ទាញដោយសារតែជារឿងដំបូងសម្រាប់ដាក់បញ្ចាំងរោងរបស់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record៕
មតិយោបល់