តាំងពីបានបើកលក់សំបុត្រមកទល់ទល់ពេលនេះ មានការបញ្ជាក់ថាខ្សែភាពយន្តរឿង«លត់ដែកថែប» ទទួលបានអ្នកទិញសំបុត្រតិចបំផុតមិនគួរអោយជឿ។ ធៀបនឹងខ្សែភាពយន្តខ្មែរផ្សេង ភាពយន្តមួយនេះ ត្រូវគេអះអាងថាមិនមានចំណូលរួចខ្លួននោះឡើយ ក្នុងពេលដែលខាងបណ្ដារោងក៏រៀបទម្លាប់វិញហើយ។
មន្ត្រីទទួលបន្ទុកខាងផ្នែកចែកចាយភាពយន្តដែលមានឈ្មោះពូព្រហ្ម បានអះអាងថាមកទល់ពេលនេះភាពយន្តរឿង«លត់ដែកថែប»ដែលគេប៉ាន់ស្មានថានឹងជោគជ័យព្រោះតែបានប្រមូលផ្ដុំដោយតារាល្បីៗ និងមានក្បាច់គុណរស់រវើកនោះមានចំណូលទើបតែប៉ុន្មានពានដុល្លារប៉ុណ្ណោះ ក្នុងពេលដែលចំណូលសរុបនេះនៅមិនទាន់បានកាត់ជាមួយរោង និងថ្លៃពន្ធរដ្ឋផ្សេងៗនោះផង។ មន្ត្រីដដែលបន្តថារឿងនេះ អត់សូវមានអ្នកទស្សនានោះទេ ដោយក្នុងម៉ោងខ្លះក៏មានអ្នកទិញសំបុត្រចូលមើលតិចតួចបំផុត រហូតបណ្ដាលអោយរោងកុនមួយចំនួនសម្រេចដកម៉ោងល្អៗចេញ ដើម្បីទុកបញ្ចាំងភាពយន្តផ្សេងវិញ។ ខ្សែរឿងមួយនេះត្រូវគេមើលឃើញថាខាតដើមលើគោក ដោយសារតែការផ្សព្វផ្សាយក៏មានកម្រិត។
លោក សុខ ដែន ជាអ្នកចូលរួមដឹករឿងមួយនេះ បានទទួលស្គាល់ថាខ្សែរឿង«លត់ដែកថែប»ប្រហែលជាមិនរួចដើមនោះទេ បើទោះជាថ្ងៃទម្លាក់ផ្លាកនៅ២បីថ្ងៃទៀត។ លោកថាថ្ងៃបញ្ចាំងរឿងនេះ ចំថ្ងៃតារាចម្រៀងកូរ៉េលោករ៉េន មកសម្ដែងនៅកម្ពុជា ដែលធ្វើអោយបាត់យុវវ័យដែលស្នេហាវិស័យកុនអស់ជាច្រើននៅថ្ងៃបញ្ចាំងដំបូង។ នៅថ្ងៃបន្តបន្ទាប់ក៏ត្រូវរំខានដោយភ្លៀង និងរំខានដោយការបញ្ចាំងរឿងថ្មី ទើបលោកយលថាបញ្ហាចំណូលមិនសូវបានរបស់រឿងនេះ បណ្ដាលមកពីការជ្រើសថ្ងៃដាក់បញ្ចាំងគឺចំបរិយាកាសអាប់អួរ។ លោកថារឿងនេះមានឈុតឆាកល្អ ហើយគុណភាពក៏រស់រវើកនោះដែរ ប៉ុន្តែបណ្ដាលមកពីការជ្រើសថ្ងៃមិនសូវល្អ ហើយការផ្សព្វផ្សាយក៏ពិតជាមានកម្រិត ទើបអ្នកភាគច្រើនមិនសូវចាប់អារម្មណ៍។ លោកសម្ដែងការសោកស្ដាយដែលរឿងមួយនេះ ស្ថិតក្នុងភាពមិនជោគជ័យ ដោយសារតែថ្ងៃបើកសម្ពោធចំតារាបរទេសមក ថ្ងៃបន្តចំភ្លៀង ហើយដល់ពេលលោកបំផុសអោយមិត្តភ័ក្ត្រ និងអ្នកគាំទ្រទៅជួយទស្សនាអោយបានច្រើន ក៏ត្រូវចំពេលបណ្ដារោងជម្រុះម៉ោងល្អ ទុកតែម៉ោងមិនល្អ ដែលពិបាកប្រទាញអ្នកទស្សនា៕
មតិយោបល់