ព័ត៌មានជាតិ

Update៖ បុគ្គលិកក្រុមហ៊ុនគង់ នួន ជិះម៉ូតូ១គ្រឿងឌុបគ្នា៤នាក់ជ្រុលទៅបុករថយន្តកូរ៉េកំពុងបត់ពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរស៤នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនឹងរថយន្តកូរ៉េមួយគ្រឿងដែលកំពុងបត់បញ្ច្រាសផ្លូវចូលផ្លូវលំ ចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យអ្នកបើកម៉ូតូម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិអូរបែកក្អម ផ្លូវលេខ២០០៤ កែងនឹងផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE- 9934 ជិះគ្នា៤នាក់ បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង មិនចាំពណ៌និងស្លាកលេខ បើកចុះមកពីស្តុបណូគា អូរបែកក្អមក្នុងទិសដៅពីកើតទៅលិច ហើយរថយន្តបានបត់ឆ្វេងបញ្ច្រាសផ្លូវ ចូលតាមផ្លូវក្បែរស្ថានីយប្រេងឥន្អនៈតេលា ទើបម៉ូតូខាងលើចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យអ្នកជិះម៉ូតូហោះផ្លោង ទៅបោកក្បាលនៅនិងទ្រុងរថយន្តបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ចំណែកឯអ្នករួមដំណើរ៣នាក់ទៀត មាន២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។ចំណែករថយន្តដែលត្រូវម៉ូតូខាងលើបុកនោះ បានបន្ថែមល្បឿនបើករត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ។

ភ្លាមៗនោះអ្នកដែលឃើញហេតុការណ៍ផ្ទាល់ បានទាក់ទងទៅកាន់ រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះទាំង២នាក់ដែលរងរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់ តែដោយសារក្នុងចំណោមអ្នកទាំង២ មានម្នាក់រងរបួសធ្ងន់ធ្ងរពេក ក៏ត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។

បើតាមការរៀបរាប់ពីអ្នករួមដំណើរជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំង៤នាក់ទើបតែមកពីលេងផ្ទះមិត្ត ហើយបានផឹកស៊ីបន្តិចបន្តួចក្រោយមកក៏នាំគ្នាជិះម៉ូតូត្រឡប់មកកន្លែងធ្វើកាវិញនៅម្ដុំផ្សារដេរប៉ូ លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តខាងលើនោះបត់លឿនពេកទើប ធ្វើឲ្យអ្នកបើកបរចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពាក់កណ្ដាលរថយន្តកូរ៉េនោះ បណ្ដាលឲ្យមិត្តភក្ដិដែលជាអ្នកបើកបរ បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំនែកឯ២នាក់ផ្សេងទៀត រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាលបាល។ ក្នុងនោះ ជនរងគ្រោះទី១ ជាអ្នកបើកបរម៉ូតូមានឈ្មោះ ថេន ថាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន គង់ នួន ម្ដុំផ្សារដេរប៉ូ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅនិងកន្លែង) និងជាអ្នកបើកបរម៉ូតូ, ទី២មានឈ្មោះ កេម គូយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរដូចគ្នា ជាអ្នកជិះកណ្ដាលរងរបួសធ្ងន់ ទី៣មានឈ្មោះ សែម សុភក្ដ្រ អាយុ២៦ឆ្នាំ ជាអ្នកជិះកណ្ដាល រងរបួសធ្ងន់ និងទី៤ មានឈ្មោះ ដឿន សំរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកជិះក្រោយគេរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់ចំណុចកើតហេតុ បានធ្វើការវាស់វែងនិងធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំងផងដែរ៕

មតិយោបល់