ព័ត៌មានសិល្បៈ និងកម្សាន្ត

សង្ក្រាន្តវិហារសួគ៌ ដាក់ដេញថ្លៃសេះដល់រាប់ម៉ឺនដុល្លារ

ព្រឹត្តិការណ៍សង្ក្រាន្តធំមួយដែលបានប្រកាសធ្វើឡើងនៅតំបន់វិហារសួរ ក្នុងតំបន់សេដ្ឋកិច្ច7NG បានចាប់ផ្ដើមកាលពីថ្ងៃទី៨ មេសា ដោយមានសកម្មភាពកម្សាន្តជាច្រើនទាក់ទាញយ៉ាងខ្លាំង។ អ្វីដែលគេចាប់អារម្មណ៍គឺវត្តមានសិល្ប:កុះរបស់គ្រួសារតារាកម្ពុជាជាង៣០រូបបង្ហាញខ្លួន និងការដាក់ដេញថ្លៃសេះច្រើនក្បាល ដែលសេះមួយក្បាលមានតម្លៃច្រើនម៉ឺនដុល្លារតែម្ដង។

លោកភោ សុផានិត ពិធីករ និងជាអ្នកចាត់ចែងកម្មវិធីសិល្ប:ក្នុងព្រឹត្តិការណ៍សង្ក្រាន្តនោះបានអះអាងថា ព្រឹត្តិការណ៍នេះមានរយ:ពេល៣ថ្ងៃដោយផ្ដើមពីថ្ងៃទី៨ មេសា រហូតដល់ថ្ងៃ១០ មេសា ដោយក្នុងពិធីនោះក្រៅពីមានវត្តមានតារាល្បីៗច្រៀងរាំ ក៏មានព្រឹត្តិការណ៍ប្រណាំងម៉ូតូ ព្រឹត្តិការណ៍ប្រណាំងសេះ និងព្រឹត្តិការណ៍ដេញថ្លៃសេះជាលើកដំបូងនៅកម្ពុជាក្នុងចំនួនច្រើនក្បាល ក្នុងរយ:ពេល៣ថ្ងៃនោះផង។ លោកថានេះជាលើកទី១ ដែលតារាសិល្ប: និងភ្ញៀវកិត្តិយសមានឱកាសបានឃើញពូជសេះល្អរបស់កម្ពុជា និងពូជមកពីពិភពលោក តាមរយ:ការដាក់ឲ្យដេញថ្លៃជាសាធារណ:។ លោកថាពូជសេះទាំងនេះ ត្រូវបានរៀបចំឲ្យដេញថ្លៃក្នុងបំណងបង្រៀនឲ្យអ្នកទស្សនាព្រឹត្តិការណ៍វិហារសួគ៌សង្ក្រាន្តបានយល់ពីប្រព័ន្ធដេញថ្លៃ និងចង់បង្ហាញឲ្យសាធារណ:មតិបានដឹងថានៅក្នុងប្រទេសកម្ពុជាក៏មានពូជសេះល្បីត្រូវបាននាំយកមកបង្កាត់ពូជផងដែរ។ ពូជសេះទាំងនេះត្រូវបានប្រកាសថាមានតម្លៃចាបពី១៥០០ដុល្លារ រហូតដល់៣៥០០០ដុល្លារ ដោយការដេញថ្លៃមានកម្រិតពី១០០ដុល្លារ ទៅ១០០០ដុល្លារ។ លោកថាសង្ក្រាន្តភាគច្រើនគេផ្ដោតតែលើការលេងល្បែងប្រជាប្រិយ និងការរាំច្រៀងប៉ុណ្ណោះ ប៉ុន្តែសង្ក្រាន្តដែលបានធ្វើឡើងនៅវិហារសួគ៌ គឺមានបញ្ចូលព្រឹត្តិការណ៍ដេញថ្លៃសេះ បើទោះជាការដេញថ្លៃនេះ នៅមិនទាន់មានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមនៅឡើយ។

លោកស្រី ចន្ធូ នាយកក្រុមហ៊ុន7NGជាអ្នករៀបចំបានអះអាង លោករំពឹងថានឹងប្រើពេល៣ឆ្នាំទៅមុខ ទើបប្រព័ន្ធដេញថ្លៃសេះដែលបានធ្វើឡើងមានការចូលរួមផុសផុល។ លោកថាសេះដែលដេញថ្លៃបាន គឺម្ចាស់អាចយកទៅចិញ្ចឹម ដោយខាងក្រុមហ៊ុនក៏មានសេវាកម្មថែរក្សាជូនក្នុងកិច្ចព្រមព្រៀងកំណត់ណាមួយផងដែរ។ លោកបានសរសើរចំពោះវត្តមានតារាសិល្ប: ដែលក្រៅពីចូលរួមរាំច្រៀង ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះពូជសេះនីមួយៗក្នុងពេលដេញថ្លៃ។

នៅក្នុងពិធីនោះ មានការចូលរួមរាំច្រៀងពីសំណាក់តារាល្បីៗ និងពីសំណាក់អ្នកទស្សនាយ៉ាងកងរំពងរហូតដល់ម៉ោ១១យប់៕

មតិយោបល់