ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនទាន់បញ្ចាំងផង ផលិតកររឿង «ដើម្បីកូន» ប្រគល់៤លានរៀលជូនគន្ធបុប្ផា

ខុសពីផលិតករភាគច្រើន ដែលទាល់តែបានចំណូលពីការបញ្ចាំងកុន ទើបបរិច្ចាគជួយសង្គម សម្រាប់ផលិតកររឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង គឺមិនចេះតែថានោះទេ ដោយលោកបានប្រគល់ទឹកប្រាក់៤ លានរៀល ទុកជាមុនតែម្ដង ជូនមន្ទីរពេទ្យ គន្ធបុប្ផាតែម្ដង។ លោកក៏បានប្រកាសថា នឹងបន្តផ្ដល់ប្រាក់ចំណេញ១០ភាគរយ ក្រោយពេលភាពយន្តនេះ ទម្លាក់ពីរោងនោះផង។

លោក ហ៊ុយ យ៉ាឡេង និយាយថាទឹកប្រាក់៤លានរៀល ដែលលោកសម្រេចប្រគល់ជូនគន្ធបុប្ផា នេះគឺគ្រាន់តែជាការរួមចំណែកដំបូងរបស់ខ្លួនតែប៉ុណ្ណោះ ហើយលោក ត្រៀម នឹងកាត់ប្រាក់ចំណេញ១០ ភាគរយផ្សេងទៀត ជូនមន្ទីរពេទ្យនេះ នៅពេលបញ្ចប់ការបញ្ចាំងផ្លូវការ។ លោកបានអះអាងថា៖ ”ខ្ញុំធ្វើកម្មវិធីថ្ងៃនេះ ដោយមានបងៗមកពី មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលប្រាក់ ដែលខ្ញុំបានប្រគល់ជូន សម្រាប់រឿងថ្មីរបស់ខ្ញុំនេះ ហើយនេះមិនមែនខ្ញុំយកមន្ទីរពេទ្យ ដើម្បីប្រម៉ូសិនឱ្យទស្សនិកជនចូលទស្សនារឿងខ្ញុំ ឡើយ។ ខ្ញុំមានគម្រោងនេះ យូរមកហើយគ្រាន់តែ មិនទាន់ដល់ពេល ទើបតែពេលនេះប៉ុណ្ណោះ ខ្ញុំធ្វើវាបានសម្រេច”។ ម្ចាស់ស្នាដៃរឿង ”ធ្មប់” ដ៏ល្បីល្បាញរូបនេះ បន្តថាភាពយន្តរឿង ”ដើម្បីកូន” ជារឿងថ្មីបំផុតមួយរបស់ខ្លួន មិនធ្លាប់ផលិតពីមុនមកព្រោះតែស្នាដៃនេះ គឺជារឿងពិតនៅក្នុងសង្គម ដែលនិយាយពីការតស៊ូលះបង់គ្រប់ បែបយ៉ាងរបស់ឪពុក ដើម្បីកូន។ ក្នុងនេះដែរក្រៅតែពីសាច់ រឿងបែបអប់រំ និងកម្សត់ស្នាដៃនេះ គឺផលិតឡើង ដោយយកគុណភាពជាចម្បងដោយមិនចាញ់ស្នាដៃ មុនៗឡើង។

ទោះមិនមែនជាស្នាដៃ បែបជារឿង ខ្មោច កំប្លែង ដូចមុនដែលជាការពេញនិយមរបស់ទស្សនិកជនខ្មែរ នាពេលបច្ចុប្បន្ន ក៏ប៉ុន្តែផលិតករ និងជាតួអង្គក្នុងរឿង”ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បានបង្ហាញក្ដីរំពឹងទទួលការគាំទ្រពីទស្សនិកជន មិនចាញ់ស្នាដៃ មុនៗនេះ។ ជាងនេះ ទៀតសោធន៍លោក ជឿជាក់ថារឿងនេះ នឹង អាចកែប្រែអារម្មណ៍ទស្សនិកជន ពីការចូលចិត្ត ទស្សនារឿងបែបកំប្លែង និង ខ្មោច ងាកមកចាប់ អារម្មណ៍រឿងបែបអប់រំវិញម្ដង។
ទន្ទឹមនឹងការបង្ហាញក្ដីរំពឹងនេះ ផលិតករឈរលើវិស័យភាពយន្តជាង ២០ ឆ្នាំរូបនេះ ក៏ស្នើឱ្យទស្សនិកជនជួយគាំទ្រស្នាដៃថ្មីរបស់ខ្លួនមួយនេះ ដោយមិនត្រឹមតែទទួលបានផ្ទាំង ទស្សនីយភាពថ្មីប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាថែមទៀត នៅពេលបានទស្សនាភាពយន្តនេះ។

ភាពយន្តបែបអប់រំកម្សត់ និងការតស៊ូរឿង ”ដើម្បីកូន” របស់ផលិតករលោក ហ៊ុយ យ៉ាឡេង នឹងផ្ដើមចាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និង បណ្ដាខេត្តចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ នេះតទៅ៕

មតិយោបល់