ជាមួយនឹងការឈានឡើងនៃទីផ្សារចម្រៀង តារាសម្ដែងទម្រង់មុខកូនកាត់ កញ្ញា ព្រីយ៉ា បានអះអាងថា នាងមិនចោលឥរិយាបថចាស់ ឬ មានភាពក្រអើតក្រទម ដាច់ខាត បើទោះជានាងអាចនឹងក្លាយជាតារាល្បីឈ្មោះមួយរូបនាពេលអនាគត។ នាងអះអាងថា ខ្លួនមានម្តាយជាខ្មែរកម្ពុជាក្រោម និងមានឪពុកជាខ្មែរកាត់ចិន ប៉ុន្តែរូបសម្រស់របស់តារាស្រីរូបនេះ ត្រូវគេឆ្ងល់កាន់តែច្រើន ដោយសារតែមានត្រេមុខ ដូចតារាកូនកាត់។
កញ្ញា ព្រីយ៉ា បានអះអាងថា ក្នុងនាមជាតារាសិល្បៈមួយរូប ដែលមានការងារថត សកម្មនៅភ្នំពេញ ប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់នាង រស់នៅឯខេត្តកំពតឯណោះទេ ខណៈដែលម៉ាក់ប៉ារបស់នាង ក៏គ្រាន់តែជាអ្នកចំការ មិនមែនជាអ្នកមានស្ដុកស្ដម្ភ។ នាងមានបងប្អូន៧នាក់ ដោយមានបងប្អូនប្រុសតែម្នាក់គត់ តែមិនមែនជាអ្នកសិល្បៈ ដូចនាងឡើយ។ នាងជាកូនទី៣ ដោយបានចូលប្រឡូកការងារសិល្បៈ មិនតិចជាង២ឆ្នាំនោះទេ ដោយគ្រាន់តែមិនទាន់មានឱកាសឲ្យគេស្គាល់ច្រើន។
កេរ្តិ៍របស់នាងមានការឈានឡើង ក្រោយពីបានស្ម័គ្រចិត្តចូលប្រកួតឈុតបុរាណ របស់គ្រួសារតារាកម្ពុជា និងបានចូលរួមសកម្មភាពជាច្រើនជាមួយក្រុមនេះ។ នាងបន្តថា រយៈពេលជាង២ឆ្នាំដែលនាងប្រឡូកសិល្បៈ នាងទើបតែបានឡើងកូដ នាពេលចុងក្រោយ ដោយបានទទួលថត៣រឿងព្រមគ្នាតែម្ដង ហើយសុទ្ធតែជាភាពយន្ត ដែលនាងសម្ដែងជាតួធំ។
នាងត្រូវបានគេស្គាល់កាន់តែច្រើនតាមរយៈ ការសម្ដែងក្នុងបទ”កំដរខ្ញុំបន្តិចបានទេ របស់កញ្ញា សួស វីសា តារាហង្សមាស បទ”ផឹកកាហ្វេ” របស់តារាចម្រៀង នី រតនា បទ “កុំបង្ខំឲ្យបងចេញពីអូន” លោក រ៉ូបឺត និងបទ “បើបងក្បត់អូននរណាទទួលខុសត្រូវ” របស់កញ្ញា លីដា តារាសាន់ដេ។ នៅលើកញ្ចក់ទូរទស្សន៍ My tv ភាពយន្តរឿង “អំណាចទឹកកប្រាក់” ដែលបញ្ចាំងរាល់ថ្ងៃ ក៏ជួយឲ្យនាងកាន់តែមានគេស្គាល់ផងដែរ។
នាងត្រូវគេយល់ស្របគ្នាថា កាន់តែល្បីកាន់តែស្រស់ស្អាត ខណៈដែល ភាពស្រស់ស្អាតរបស់នាង ទើបតែត្រូវគេឃើញ កើតឡើងបន្ទាប់ពីទីផ្សារ សិល្បៈមានការឈានឡើង នាពេលចុងក្រោយ ជាពិសេសចាប់តាំងពីនាង ចេះតុបតែងខ្លួនឲ្យមើលទៅហាយសូរ។
តារាសម្ដែង ព្រីយ៉ា បញ្ជាក់ថា នាងនឹងប្រឹងពុះពារនៅក្នុងសិល្បៈឲ្យអស់លទ្ធភាព ដើម្បីឲ្យកេរ្តិ៍របស់នាងកាន់តែការទទួលស្គាល់។ នាងអាចសម្ដែងបានទាំងតួស៊ិចស៊ី កាចឆ្នាស់ និងតួទឹកភ្នែក ខណៈដែលនាងរីករាយសម្ដែងគ្រប់ទម្រង់សិល្បៈ ឲ្យតែខាងផលិតករតម្រូវ។ យ៉ាងណាមិញ នាងថា ប្រសិនបើជាឈុតស៊ិចស៊ីខ្លាំង អមដោយឈុតស្នេហារោលរាលនោះ នាងមិនថាទេ ព្រោះធ្វើឲ្យកេរ្តិ៍ឈ្មោះខំសាង រលាយបាត់ ដោយសារការរិះគន់៕
មតិយោបល់