ក្តីសង្ឃឹមរបស់កំពូលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក៍ដូចជាអ្នកគាំទ្រកម្ពុជារាប់លាននាក់ បានលេចចេញជាលទ្ធផលហើយ បន្ទាប់ពីក្រុម Fujieda បានផ្ដល់ឱកាសឲ្យកីឡាករកម្ពុជារូបនេះ បង្ហាញខ្លួនក្នុងការប្រកួតកាលពីម្សិលមិញ។
ការបង្ហាញខ្លួន ក្នុងជម្រើស១១នាក់ដំបូង នារសៀលម្សិលមិញ បានក្លាយទៅជាក្តីសោមនស្សរីករាយមួយ សម្រាប់ប្រិយមិត្តអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាទាំងអស់ ដែលកំពុងតែទន្ទឹងរង់ចាំការបង្ហាញវត្តមានរបស់វឌ្ឍនាកា នៅលើឆាកអន្តរជាតិ។ មិនត្រឹមតែអ្នកគាំទ្រកម្ពុជាប៉ុណ្ណោះទេ ចាន់ វឌ្ឍនាកា ក៍ទន្ទឹងរង់ចាំឱកាសដ៍ល្អនេះផងដែរ ព្រោះថា វាជាពេលវេលាមួយ សម្រាប់ការបង្ហាញទេពកោសល្យរបស់គេ ជាមួយនឹងក្រុម ក៍ដូចជាកីឡាករដែលមានបទពិសោធន៍ល្អៗផងដែរ។
បើទោះបីជា វឌ្ឍនាកា មិនអាចរកគ្រាប់បានមែន តែវឌ្ឍនាកា បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការនាំក្រុម Fujieda យកឈ្នះលើក្រុម Yazaki 5-0 ។ នេះគឺជាឱកាសមាសមួយ សម្រាប់វឌ្ឍនាកា ដែលរូបគេអាចកសាងស្នាដៃ និងការពង្រឹងសមត្ថភាព ដើម្បីឲ្យក្រុមលីគទីបីរបស់ជប៉ុន Fujieda ផ្តល់ឱកាសឲ្យរូបគេបន្តទៀត នាការប្រកួតក្រោយៗទៀត។ ចាន់ វឌ្ឍនាកា និងអ្នកគាំទ្រកម្ពុជាទាំងអស់សង្ឃឹមថា វត្តមាន១១នាក់ដំបូងពេលនេះ នឹងធ្វើឲ្យរូបគេ ទទួលបានបទពិសោធន៍ និងការបន្សាំជាមួយអាកាសធាតុ ដើម្បីឲ្យវឌ្ឍនាកា អាចបង្ហាញខ្លួននៅការប្រកួតបន្តទៀត៕





មតិយោបល់