ឆ្លើយតបនឹងចម្ងល់ថាហេតុអ្វីតារាស្រីវ័យក្មេងយ៉ែម ស្រីពេជ្រ មិនទទួលថតរឿងអោយផលិតករនៅទូរទស្សន៍ប៉ុស្ដិ៍ផ្សេងក្នុងពេលឡើងកូដ និងទទួលបានការផ្ចុងផ្ដើមយ៉ាងពិសេសនៅប៉ុស្ដិ៍លេខ៥ មិនខុសពីមានបង្អែកយ៉ាងក្រាស់នៅក្នុងស្ថាប័ននេះ នាងបានសារភាពថាខ្លួនពិតជាមានខ្នងបង្អែកពីក្រោយខ្នងដូច្នេះមែន។ យ៉ាងណាមិញ នាងថានោះមិនមែនជាហេតុផលនៃការបង្កាត់ទំនាក់ទំនងស្នេហា ឬជាអ្វីដែលខុសគោលការណ៍នោះទេ គឺដោយសារតែនាងសម្រេចចិត្តកុងត្រាអោយប៉ុស្ដិ៍លេខ៥ ជាថ្នូរនឹងការទទួលបាននូវការលើកស្ទួយយ៉ាងពិសេសត្រលប់មកវិញប៉ុណ្ណោះ។
យ៉ែម ស្រីពេជ្រ និយាយថានាងសម្រេចចិត្តកុងត្រាផ្ដាច់ខ្លួនអោយប៉ុស្ដិ៍លេខ៥ចំនួន៣ឆ្នាំ ដោយមកទល់ពេលនេះកុងត្រារបស់នាងរសាត់បានចំនួន១ឆ្នាំហើយ ទើបនាងរមែងទទួលបានតំណែងតួឯកយ៉ាងចម្លែកក្នុងបណ្ដាភាពយន្តដែលដឹកនាំដោយផលិតករថៃ ដែលជាក្រុមផលិតរឿងពេញសិទ្ធិរបស់ប៉ុស្ដិ៍លេខ៥។ នាងថាខ្លួនមិនអាចទទួលថតរឿងអោយប៉ុស្ដិ៍ផ្សេងបានទេ ដោយសូម្បីតែធ្វើពិធីការិនីចេញមុខនៅលើប៉ុស្ដិ៍ផ្សេងក៏មិនបានដូចគ្នា។ យ៉ាងណាមិញនាងថា ប៉ុស្ដិ៍លេខ៥បានផ្ដល់ប្រាក់ខែគោលអោយនាងមិនខុសពីបុគ្គលិកទូទៅ ហើយទទួលបានតម្លៃខ្លួនគ្រប់ពេលថតរឿង និងថតកម្មវិធីផ្សេងៗ។ នាងថាខ្លួនទទួលលក្ខណ្ឌសម្ដែងរឿងភាគយ៉ាងតិច៣រឿងនៅប៉ុស្ដិ៍លេខ៥ ទើបនាងយល់ថាកុងត្រាផ្ដាច់ខ្លួនរបស់ខ្លួនគឺជាផែនការជួយអោយនាងឡើងកូដ។ នាងថាតារាស្រុកខ្មែរមិនមានច្រើនទេ ដែលត្រូវបានប៉ុស្ដិ៍លេខ៥កុងត្រាយក ខណៈដែលនាងយល់ថានេះជាឱកាសដែលនាងបានខ្នងបង្អែកយ៉ាងក្រាស់ មិនភ័យរឿងអត់រឿងសម្ដែង និងអត់ប្រាក់ចំណូលបើធ្វើជាតារាដែលរង់ចាំអោយតែខាងផលិតករហៅថតប៉ាតណាប៉ាតណី។ នាងយល់ថាកុងត្រា៣ឆ្នាំនៅប៉ុស្ដិ៍លេខ៥ គឺជាផ្លូវមួយត្រូវ ក្នុងពេលដែលកិច្ចកុងត្រានៅសល់រហូតដល់២ឆ្នាំទៀត ប៉ុន្តែរូបនាងទទួលបានឱកាសឡើងកូដទៅហើយ។
យ៉ែម ស្រីពេជ្រ បញ្ជាក់ថារយៈពេល១ឆ្នាំនៅប៉ុស្ដិ៍លេខ៥ នាងទទួលបានតំណែងតួឯក៣រឿងហើយ ដោយរឿងទី៣ដែលបានកុងត្រាចេញថតកាលពីថ្ងៃទី២០ មេសា មុននេះ គឺជារឿងដែលនាងយល់ថានឹងធ្វើអោយខ្លួនកាន់តែទទួលបានបទពិសោធន៍ថ្មី។ ខ្សែរឿងទី៣នោះមានចំណងជើងថា«ម្ចាស់ចម្ការស្នេហ៍» ដោយនាងត្រូវសម្ដែងជាតួកូនអ្នកស្រុកស្រែហើយជិះសេះ និងកាចឆ្នាស់ឆ្នើមផង ជាមួយលោកជា លាងឈេ។ នាងថាជាលើកទី១ដែលបានសម្ដែងប៉ះគ្នា ក្នុងនោះលោកជា លាងឈេ ក៏បានប្រកាសថាចង់បានកុងត្រាដូចយ៉ែម ស្រីពេជ្រ នៅប៉ុស្ដិ៍លេខ៥ផងដែរ ដើម្បីទទួលបានខ្នងក្រាស់គ្រាន់ផ្អែកក្នុងសិល្បៈ៕
https://www.youtube.com/watch?v=QCQszPrm30k
មតិយោបល់