ភ្នំពេញៈ មកទល់នឹងពេលនេះ គេកត់សម្គាល់ថាម្ចាស់បទ «ទាល់តែយូរបានស៊ីអូនបាន» របស់តារាចម្រៀងកញ្ញា ម៉ា លីស និងបទ«ស៊ីបានចេះតែស៊ីទៅ»របស់លោក កែវ វាសនា នៅក្នុងផលិតកម្មថោន ត្រូវបានមហាជនជន និងតារាសិល្បៈផ្ទុះការរិះគន់ស្ទើររញ្ជួយបណ្ដាញហ្វេសប៊ុក។
ម្នាក់ៗបានបង្ហាញអារម្មណ៍ខកចិត្តចំពោះប៉ារ៉ូលបទចម្រៀងនេះយ៉ាងខ្លាំង និងបានទទូចឲ្យក្រសួងវប្បធម៌ធ្វើចំណាត់ការលើបទទាំងពីរនេះ។ នៅក្នុងបណ្ដាញហ្វេសប៊ុកស្ទើរក្លាយជាអណ្ដាតផ្កាភ្លើងទៅហើយ ដោយសារតែម្នាក់ៗបានងាកមកព្រួតវាយសំពងមកលើបទទាំងពីរ ដោយចោទថាបទទាំងពីរ ជាការបន្ទាបបន្ថោកតម្លៃស្រ្តីខ្មែរ និងបង្ហាញពីភាពអាណាចារ្យធ្វើឲ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ ក្រុមយុវវ័យ និងតារាសិល្បៈ បាននិយាយចំៗទៅលើការរិះគន់បទទាំងពីរ ដោយអ្នកដៀលជេរខ្លះ បានចុចសំដៅទៅកាន់អ្នកចមៀងជាម្ចាស់បទ និងអ្នកនិពន្ធប៉ារ៉ូលនេះផ្ទាល់តែម្ដង។ បទទាំងពីរនេះ ជាបទចម្លងមកពីប្រទេសថៃ ប៉ុន្តែអ្វីដែលគេប្រតិកម្មស្ទើរតែក្លាយជារឿងផ្ទុះប្រតិកម្មនោះ គឺអត្ថបទនៅក្នុងបទទាំងពីរតែម្ដង។
នេះមិនមែនជាលើកទី១ទេ ដែលបទចម្លងត្រូវបានមហាជនផ្ទុះការរិះគន់ ជាពិសេសបទចម្រៀងរបស់លោកកែវ វាសនា ត្រូវគេកត់សម្គាល់ថាមានការជេរប្រទិច និងប្រតិកម្មបែបនេះចំនួន២លើកហើយ បន្ទាប់ពីបទរបស់លោកនៅក្នុងផលិតកម្មថោនក្រោមចំណងជើងថា «អង្គុយម៉ាវង់រកមុខអ្នកផោមអត់ឃើញ» ក៏ទទួលរងនូវបញ្ហាបែបនេះដូចគ្នា។ នៅមិនទាន់ទទួលបានការឆ្លើយតបពីម្ចាស់ផលិតកម្ម និងអ្នកនិពន្ធដែលបានផលិតបទនេះនៅឡើយទេ ក្រៅពីមានការទទូចយ៉ាងផុលផុសសុំឲ្យមានចំណាត់ការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើបទចម្រៀងទាំង២ឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យខ្លឹមសារអានាចារត្រូវបានផ្សព្វផ្សាយនៅក្នុងបទចម្រៀងបែបនេះ។
លោកប៉ីប៉ីឌី ត្រូវគេឃើញបង្ហោះវីដេអូរិះគន់លើបទចម្រៀងទាំង២យ៉ាងចាស់ដៃជាងគេ ដោយលោករិះគន់ថា នេះជាបទចម្លងដ៏អាម៉ាសនៅក្នុងវិស័យចម្រៀងខ្មែរ បន្ទាប់ពីអ្នកគាំទ្របានងាកទៅគាំទ្របទនិពន្ធថ្មីកាន់តែច្រើន។ ក្រោយផ្ទុះការរិះគន់នេះ គេកំពុងចាំមើលថា ក្រសួងវប្បធម៌ នឹងមានចំណាត់ការបែបណា ដើម្បីទប់ស្កាត់កុំឲ្យបទទាំងពីរបន្តវាយលុកនៅលើឆាកតន្ត្រី និងត្រូវបានចាក់បន្លឺជាសាធារណៈ៕
https://www.youtube.com/watch?v=W78jq2LwErk
មតិយោបល់