ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ បញ្ញាពេជ្រ ច្រៀងរកលុយតាមហ្វេសប៊ុក

ខុសពីពេលមុនដែលត្រូវរំពឹងតែម្ខាងលើជំនួយសប្បុរសធម៌ និងថវិកាពីបងប្អូនជាក្រុមគ្រួសារ នៅក្នុងពេលនេះតារាចម្រៀងនាងពៅ បញ្ញាពេជ្រ បានប្រឹងស្វះស្វែងរកចំណូលដោយខ្លួនឯងតែម្ដងតាមរយៈការច្រៀងដើម្បីផ្សព្វផ្សាយផលិតផលដែលនាងនាំចូល។ នៅលើហ្វេសប៊ុកគេឃើញនាងសកម្មយ៉ាងខ្លាំងជាមួយនឹងការឃោសនាផង និងច្រៀងផង ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន អោយជាវផលិតផលដែលសំបូរបែប ដែលនាងប្រកាសប្រាប់ថាសូមជួយទិញ ដើម្បីសង្គ្រោះដល់ជនពិការដូចនាង។

មិនដឹងថាពៅ បញ្ញាពេជ្រ បានប្រកបអាជីវកម្មនាំចូលគ្រឿងសម្អាង គ្រឿងអលង្កាកាឡៃ និងសម្ភារៈប្រើប្រាស់តាំងពីពេលណានោះទេ ប៉ុន្តែគេកត់សម្គាល់ថាតាំងពីចប់ចូលឆ្នាំមកគឺនាងសកម្មភាពយ៉ាងខ្លាំង ជាមួយនឹងការផ្សព្វផ្សាយផលិតផលទាំងនោះ ដើម្បីរកចំណូល។ វិធីរកចំណូលរបស់នាងត្រូវគេកត់សម្គាល់ថាខុសប្លែកពីតារាផ្សេងដែលដាក់លក់ផលិតដូចគ្នា ដោយនាងឃោសនាបណ្ដើរច្រៀងបណ្ដើរ អមដោយការសំណូមពរផង មិនខុសពីគ្នាពីកម្មវិធីច្រៀងឃោសនាដាក់លក់ផលិតផលនោះឡើយ ទើបធ្វើអោយអាជីវកម្មរបស់នាងទទួលបានការចាប់អារម្មណ៍ ហើយចំនួនអ្នកកុម្ម៉ង់ក៏ច្រើនជារៀងរាល់ថ្ងៃ។
ពៅ បញ្ញាពេជ្រ និយាយថានាងមិនអាចអោយគេដៀលថាពិការលើកដៃចាំតែសុំការសង្គ្រោះនោះទេ គឺនាងដាច់ខាតត្រូវតែប្រឹងរកឱកាសជួយខ្លួនឯងដោយមធ្យោបាយខ្លួនទីពឹងខ្លួន ទើបនាងសម្រេចចិត្តនាំចូលផលិតផលកាបូប គ្រឿងសម្អាង គ្រឿងអលង្កា និងសម្ភារៈជាច្រើនទៀតពីថៃ កូរ៉េ និងជប៉ុន នាំយកមកលក់តាមអនឡាញ។ នាងថាដំណើរភ្លាមមានការគាំទ្រតែម្ដង ដោយសារតែផលិតផលរបស់នាងគឺនាងសម្រាំងនាំមកនូវគុណភាព និងដោយសារតែមនុស្សភាគច្រើនអាណិតនាងដែលបានធ្លាក់ខ្លួនជាជនពិការ ហើយមិនអាចរកចំណូលអ្វីផ្សេងបានដូចមុន។ នាងថាខ្លួនលក់សព្វមុខ ហើយមូលហេតុដែលនាំអោយនាងលក់ដាច់ រហូតអ្នកដឹកជញ្ជូនអោយដល់ទីកន្លែងដឹកលែងចង់ទាន់គឺដោយសារតែពេលឃោសនានាងប្រឹងច្រៀងផង ដើម្បីបំណងមហាជនអោយចាប់អារម្មណ៍លើការឃោសនារបស់នាងនេះឯង៕

មតិយោបល់