ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្ងំជាង៣ខែនៅថៃ ពៅ បញ្ញាពេជ្រ ថ្ងូរថាអត់បានផល

ភ្នំពេញៈ ប្រមាណជា៣ខែមកហើយ ដែលតារាចម្រៀង និងជាជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ នាងពៅ បញ្ញាពេជ្រ បានចេញទៅសម្រាកព្យាបាលជំងឺពិការភាពរបស់ខ្លួននៅក្នុងប្រទេស។ ប៉ុន្តែនាងអះអាងថា លទ្ធផលទទួលបានគឺមិនមាននោះទេ ដោយសារតែជំងឺរបស់នាង ដែលកើតពីការបាញ់ប្រហារកាលពីខែកុម្ភៈ ក្នុងឆ្នាំ២០០៧ មានសភាពធ្ងន់ធ្ងរ។

ថ្លែងប្រាប់ Postnews ពីប្រទេសថៃ ពៅ បញ្ញាពេជ្រ បញ្ជាក់ថា នាងបានចាកចេញពីប្រទេសកម្ពុជាកាលពីដើមខែមីនា ដោយក្នុងពេលនេះ គឺកំពុងស្នាក់នៅព្យាបាលជំងឺស្លាប់មួយកំណាត់ក្រោមដែលគ្មានរំញោចនៅក្នុងមជ្ឈមណ្ឌលព្យាបាលចលនាល្បីឈ្មោះនៅក្នុងខេត្តអ៊ូប៊ុនប្រទេសថៃ។ នាងថាការព្យាបាលនៅទីនោះ ពេទ្យអត់ឲ្យប្រើថ្នាំលេបទេ ប៉ុន្តែគេផ្ដល់ថ្នាំរឹតនឹងជួយជំរុញផ្នែកដែលបានពិការឲ្យមានសកម្មភាពតាមរបៀបបច្ចេកទេសទំនើប និងបែបធម្មជាតិ។

យ៉ាងណាក៏ដោយនាងថា លទ្ធផលក្រោយការព្យាបាលអស់ប្រមាណ៣ខែកន្លងមក គឺអត់មានលទ្ធផលនោះទេ ដោយនាងនៅតែកំរើកមួយកំណាត់ក្រោយអត់បាន ហើយបើនិយាយពីការឈឺចាប់គឺនៅតែមាន។ នាងនិយាយថា«ខ្ញុំមកនឹង៣ខែហើយ ប៉ុន្តែបងអើយដូចនៅតែដដែលនឹង បើនៅតែចឹងប្រហែលដល់ថ្ងៃត្រលប់ទៅវិញក៏មិនខុសពីមុនមកដែរ!»។ នាងថានៅក្នុងមណ្ឌលនេះ មានអ្នកជំងឺពិការច្រើននាក់មកហើយ ទទួលបានលទ្ធផលក្រោយចំណាយពេល៣ទៅ៤ខែក្នុងការព្យាបាល។ លើកលែងតែនាងដែលមកប្រមាណ៣ខែទៅហើយ តែលទ្ធផលនៅតែពិការកំរើកជើងមិនបាន។

យ៉ាងណាក៏ដោយនាងបន្តថា នោះជាជម្រើសដែលនាងមិនអាចគេចបាន ដោយសារតែនាងមិនចង់បន្តលេបថ្នាំ ដែលនាំឲ្យសភាពជាតិថ្នាំទៅបង្កការឈឺចាប់នៅពេលក្រោយ។ នាងនិយាយថា «ទោះជាអត់បានផល ក៏ខ្ញុំតស៊ូព្យាបាលនៅនឹងដែរព្រោះកន្លងមកខ្ញុំលេបថ្នាំឡើងធ្វើទុក្ខខ្លួន ម្យ៉ាងមកពីនៅនឹងយើងចំណាយលុយតិចជាងចូលពេទ្យផងទើបគម្រោងនៅទាល់តែ៤ខែអីទើបត្រលប់ទៅស្រុកវិញ!»។ នាងថានឹងវិលត្រលប់មកកាន់កម្ពុជានៅដើមខែ៧ ឬអាចចុងខែមិថុនានេះ ដោយសារតែនាងប្រញាប់ចុះមកធ្វើអត្តសញ្ញាណប័ណ្ណថ្មីនោះផង។ យ៉ាងណាក៏ដោយនាងអះអាងថា មិនទាន់ច្បាស់ពី គម្រោងឡើងទៅព្យាបាលសរសៃនៅក្នុងមណ្ឌលនោះជាថ្មីម្ដងទៀតឬយ៉ាងណានោះទេ ដោយសារតែបានចំណាយពេល៣ខែទៅហើយអត់មានបានផលបែបនេះ៕

មតិយោបល់