ក្រោយមរណភាពរបស់ភរិយាលោករិន សាវ៉េត ប្រភពមួយបានអះអាងថាអ្នកនាងទទួលលទ្ធផលកើតជំងឺមហារីកបណ្ដាលអោយស្លាប់ គឺដោយសារតែអ្នកនាងបានកែដើមទ្រូងក្នុងពេលមិនទាន់មានជំងឺ និងពេលមានសុខភាពល្អ។ យ៉ាងណាមិញ ឆ្លើយតបនឹងបញ្ហានេះ លោកអះអាងថាភរិយារបស់លោកមិនមានប្រវត្តិប៉ះពាល់ដើមទ្រូង ដោយការវះកាត់ ឬប្រើផលិតផលប៉ះប៉ូវដើមទ្រូងសូម្បីតែម្ដងនោះទេ។
លោកថ្លែងប្រាប់ថា ភរិយារបស់លោកគឺជាស្រ្តីមេផ្ទះយ៉ាងសាមញ្ញបំផុត ដោយសារតែអ្នកនាងមិនមែនជាតារាសិល្បៈ ឬ អ្នកមានទម្លាប់ធ្វើខ្លួន បើទោះជាអ្នកនាងបានស្វាមីជាតារាសិល្បៈ។ លោកថាភរិយាលោកមិនមែនជានារីជំពូកនោះទេ ទើបលោកប្រកាសយ៉ាងមុតមាំថា អ្នកចោទថាភរិយាលោកមានជំងឺមហារីកដោយសារតែការដំឡើង ឬ កែដើមទ្រូង គឺជារឿងប៉ាន់ស្មានបង្ខូចឈ្មោះ។ លោកថាភរិយារបស់ខ្លួន កើតមានជំងឺមហារីកបង្កពីការកើតឡើងនូវដុំគីសមួយ ដែលភរិយាមិនបានចាប់អារម្មណ៍ថា ជាដុំសាច់មហារីក ហើយបណ្ដាលទៅជាជំងឺធ្ងន់ធ្ងរ។
មិនខុសពីការអះអាងថា ឌីជេកណ្ដុរ ដែលជាមិត្តជិតស្និទ្ធិរបស់លោករិន សាវ៉េត បានអះអាងថា បើភរិយារបស់លោករិន សាវ៉េត ពិតជាបានកែប្រែដើមទ្រូងទើបបណ្ដាលអោយកើតជំងឺមហារីកមែននោះ គឺរឿងមួយនេះ មិនអាចលាក់បាំងជាមួយនឹងលោកបានទេ ដោយសារតែលោក និង គ្រួសារលោករិន សាវ៉េត មិនខុសពីបងប្អូនគ្នា។ លោកថាភរិយារបស់លោករិន សាវ៉េត កើតជំងឺមហារីកមិនខុសពីនារីទូទៅដែលកើតជំងឺនេះទាំងឡាយនោះទេ ដោយតាមលោកដឹងគឺពីដំបូងអ្នកនាងកើតមានជំងឺដុំគីស ហើយក្រោយមកដោយសារតែលោករិន សាវ៉េត មិនមានលទ្ធភាពបញ្ជូនទៅពិនិត្យព្យាបាលក្នុងពេលដុំសាច់នោះមិនទាន់រាល ក៍ក្លាយជាជំងឺគ្រោះថ្នាក់។ លោកនិយាយថា«ប្រពន្ធអាវ៉េតទៅកែដើមទ្រូងស្អីគ្នា ខ្ញុំស្គាល់យូរហើយ មនុស្ស(ភរិយារបស់រិន សាវ៉េត)តាតែងខ្លួនមិនដឹងណាមិនដឹងណីផងហ្នឹង!»។ លោកថាសពរបស់ភរិយាលោករិន សាវ៉េត កម្កល់ធ្វើបុណ្យនៅភូមិខ្វាវ ស្រុកសំរោង ក្នុងខេត្តតាកែវ ដោយត្រូវបូជា នៅល្ងាចថ្ងៃច័ន្ទ ទី២៤ មេសា នេះ នៅវេលាម៉ោង៧យប់ ដោយសារតែមិនអាចទុកយូរ។
មតិយោបល់