បើទោះជាបានលាចាកលោកទៅហើយក្ដី ក៏លោកព្រឹទ្ធាចារ្យឆេង ផុន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអ្នកមានស្នាដៃរាប់មិនអស់ក្នុងវិស័យសិល្បៈ តាមរយៈការបណ្ដុះ និងចងក្រងឯកសារដល់អ្នកសិល្បៈជំនាន់ នៅតែបានបន្សល់ទុកភូមិគ្រឹះធំមួយ ពោរពេញដោយរចនាបទបុរាណនៅម្ដុំព្រែកហូរហួសក្រុងតាខ្មៅធ្វើអោយមានការកត់សម្គាល់។ ទីតាំងនោះ ត្រូវបានផលិតកររឿង«ស្នូរជើងអ្នកណា»ប្រកាសជ្រើសជាទីកន្លែងថតរឿងរហូតដល់ជាង៧០ភាគរយ ដោយអះអាងថាដើម្បីអោយមានការចាប់អារម្មណ៍ចំពោះភូមិគ្រឹះដែលជាស្នាដៃរបស់លោក ក្រោយពេលអត់អតីតព្រឹទ្ធាចារ្យផ្នែកសិល្បៈល្បីឈ្មោះនេះទៅ។
លោកសែម វិសាល អ្នកដឹកនាំទូទៅប្រចាំផលិតកម្ម Wonderfilm Cambodia បានអះអាងថា ដោយសារតែកត់សម្គាល់ឃើញថាភូមិគ្រឹះរបស់លោកព្រឹទ្ធាចារ្យឆេងផុន មានលក្ខណៈពិសេសដោយមានទាំងដើមឈើត្រឈឹងត្រឈៃ មានសាលាបង្ហាត់របាំបុរាណ មានអគារស្រដៀងនឹងអគារមន្ទីរពេទ្យដែលលោកបានស្រម៉ៃក្នុងរឿង និងមានផ្ទះបុរាណនោះផង ទើបលោកសម្រេចជ្រើសយកជាទីតាំងដើម្បីថតរឿង«ស្នូរជើងអ្នកណា»ដែលជារឿងនិយាយពីអគារមន្ទីរពេទ្យចំណាស់មួយ ហើយមានវិញ្ញាណខ្មោចនៅរក្សា។ មុនទទួលបានសិទ្ធិដើម្បីថតនៅទីតាំងនោះ លោកថាបានសុំសិទ្ធិដល់ក្រុមគ្រួសាររបស់លោកព្រឹទ្ធាចារ្យឆេង ផុនរួចហើយ ដោយខាងគ្រួសាររបស់លោកដែលជាអ្នកបន្តវេណក្នុងការបណ្ដុះសិល្បៈបុរាណ និងថែរក្សានៅទីតាំងនោះ បានទាំងបើកចិត្តទូលាយអោយលោក និងក្រុមការងារបានថតដោយពេញចិត្តនោះផង។ លោកថាខ្សែរឿង«ស្នូរជើងអ្នកណា»នឹងតម្រូវយកផ្ទះបុរាណរបស់លោកតាឆេង ផុន ដែលមានរចនាបទស្រដៀងនឹងអគារក្នុងសម័យបារាំង ធ្វើជាអគារមន្ទីរពេទ្យដែលមានវិញ្ញាណនៅចាំ។ ទីតាំងក្នុងបរិវេណដីនោះ ក៏ត្រូវជ្រើសជាទីតាំងថតរឿងរហូតដល់ជាង៧០ភាគរយផងដែរ ខណៈដែលប្លង់នៅខាងក្រៅគឺតិចតួចប៉ុណ្ណោះ ដោយសារតែរឿងនោះនិយាយពីខ្មោចនៅក្នុងអគារមន្ទីរពេទ្យភាគច្រើន។ ស្នងការនគរបាលខេត្តកណ្ដាល ក៏ត្រូវបានជ្រើសជាកន្លែងថតសម្រាប់រឿងនោះផងដែរ នេះបើតាមអ្វីដែលលោកបានបញ្ជាក់។ លោកថាហេតុផលដែលជ្រើសយកផ្ទះលោកតាឆេងផុត ដើម្បីថតរឿងបណ្ដាលមកពីទីតាំងមានអគារត្រូវគ្នានឹងក្ដីស្រម៉ៃក្នុងរឿង ប៉ុន្តែក៏ដើម្បីរំលឹកស្នាដៃរបស់លោកតាក្រោយពីលោកបានបាត់បង់ជីវិតផងដែរ អោយតារាសិល្បៈជំនាន់ក្រោយ និងអ្នកទស្សនាបានស្គាល់។ ទីតាំងនោះ លោកថាត្រូវបានរៀបចំដូចជាសារមន្ទីរវប្បធម៌ និងជាកន្លែងបណ្ដុះសិល្បៈបុរាណ ទើបលោកសម្រេចចិត្តជ្រើសជាកន្លែងថត នឹងថាវត្តមានថតរឿងនៅក្នុងភូមិគ្រឹះនោះទាំងយប់ទាំងថ្ងៃ នឹងធ្វើផ្ទះបុរាណរបស់លោកតាឆេងផុនមានការចាប់អារម្មណ៍។ លោកសែម វិសាល ក៏បានផ្ដល់សម្ភាសន៍យ៉ាងលម្អិតចំពោះការផលិតរឿងនោះជាផ្លូវការផងដែរ កាលពីថ្ងៃក្រុងពាលីនោះ។
ខាងក្រោមនេះជាវីដេអូបទសម្ភាសន៍ទាំងស្រុងទាំងស្រុងរបស់លោក ជុំវិញការផលិតរឿង«ស្នូរជើងអ្នកណា»នៅផ្ទះលោកតាឆេងផុន៖
https://www.youtube.com/watch?v=4ntqOPyC0OA
មតិយោបល់