ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូម៉ាកMSXមួយគ្រឿង ក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតបុកឃឿនថ្មចែកទ្រូងផ្លូវពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូអូសប្រហែល៣០ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ វៃ ផានិត ភេទប្រុស អាយុ២៧ឆ្នាំមានមុខរបរជាកម្មករោងចក្រ ស្នាក់នៅជិតវត្តស្ទឹងមានជ័យ និងមានស្រកកំណើតនៅភូមិព្រែកអង្គុញ ឃុំព្រែកកណ្ដៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក MSX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG-6738 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីកើតទៅលិច ក្នុងល្បឿលឿន ពេលមកដល់ចំណុចផ្លូវកោង ម៉ូតូខាងលើមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកឃឿនថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកម៉ូតូអូសប្រហែលជិត៣០ម៉ែត្រ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារសពជនរងគ្រោះដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទើបប្រគល់ឲ្យទៅវិញ៕
មតិយោបល់