ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់តែរញ្ជួយពិភពសិល្បៈ ក្រោយ អ្នកជំនាញកុនម្នាក់ ត្រូវរន្ទះសម្លាប់

ហេតុការណ៍រន្ទះបាញ់ក្នុងពេលថតកាលពីល្ងាចថ្ងៃទី៣ ឧសភា ក្នុងពេលក្រុមការងារថតរឿងរបស់អ្នកស្រីពាន់ ភួងបុប្ផា ស្ថិតនៅភ្នំបាសិត ហើយបានបណ្ដាលឲ្យអ្នកកាន់កាមេរ៉ា លោក មឿន វណ្ណា ទទួលមរណភាព បានបណ្ដាលឲ្យរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងពិភពសិល្ប:។ តារាសម្ដែងភាគច្រើន សុទ្ធតែបានប្រកូសប្រកាសនៅលើហ្វេសប៊ុកពីការស្ដាយស្រណោះ ខណ:ដែលមរណភាពរបស់លោក បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកដែលតារាសិល្ប:ជជែកគ្នា ក្នុងស្ថានភាពរន្ធត់។

កញ្ញា ញឹម ចាន់ថន និយាយថា លោកវណ្ណា គឺជាអ្នកថតដែលមានជំនាញច្បាស់លាស់ និងបានបម្រើរជាមួយផលិតកម្មខ្មែរមេគង្គ ដែលក្រៅពីថតឲ្យខ្មែរមេគង្គលោកក៏ទទួលកាន់កាមេរ៉ាឲ្យបណ្ដាក្រុមហ៊ុន និងផលិតកម្មដទៃផងដែរ។ នាងថាតារាសម្ដែង នៅក្នុងប្រទេសកម្ពុជាភាគតិចណាស់ដែលមិនស្គាល់លោកវណ្ណា ដោយសារតែលោកកាន់ការងារជាអ្នកថតកុនច្រើនឆ្នាំមកហើយមុនពេលទទួលមរណភាព។ នាងថាលោកបានស្លាប់ក្នុងពេលទៅថតរឿងឲ្យផលិតកម្មថោននៅភ្នំបាសិត កាលពីល្ងាចថ្ងៃទី៣ ឧសភា ដោយសារតែលោកបន្តថតក្នុងពេលធ្លាក់ភ្លៀងតិចៗ។ មានតែលោកម្នាក់ឯងប៉ុណ្ណោះ ដែលបានទទួលមរណភាព ដោយក្រុមការងារផ្សេងពួកគេត្រឹមតែសន្លប់ប៉ុណ្ណោះ ក្នុងពេលរន្ទះបាញ់វាយប្រហារ។

កញ្ញាស្រីពៅ មុខឈើ បញ្ជាក់ថា លោកគឺជាអ្នកថតម្នាក់ដែលនាងស្គាល់យូរហើយ ដោយលោកក្រៅពីទទួលថតកុន ក៏ជាអ្នកបញ្ជាកាមេរ៉ាយ៉ាងជំនាញនៅតាមមង្គលការផងដែរ ទើបតួភាគច្រើនមិនសូវមិនស្គាល់លោកនោះទេ ឲ្យតែជាតារាសិល្ប:។ នាងថាជារឿងសោកស្ដាយដែលលោកបានលាចាកលោក ដោយមិនបានផ្ដាំប្រពន្ធកូនមួយម៉ាត់ ជាពិសេសគឺកាន់តែរន្ធត់បន្ថែមទៀត នៅពេលរូបប្រពន្ធរបស់លោកយំអោបសពប្ដីត្រូវគេចែកចាយ។

អ្នកនាងខាត់ សុឃីម និយាយថាជារឿងតក់ស្លុតណាស់ ដែលមនុស្សម្នាក់ត្រូវស្លាប់ដោយសាររន្ទះ ដោយសារមិនបានដឹងមុនថាភ្លៀងដែលបានធ្លាក់ចុះស្រិចៗប៉ុណ្ណឹងសោះ នឹងមានរន្ទះបាញ់មករំខាន។ អ្នកនាងថាខ្លួនស្លុតចិត្តណាស់ចំពោះមរណភាពរបស់លោកមឿន វណ្ណា ហើយអ្នកនាងក៏កាន់តែមានអារម្មណ៍ភ័យញ័រផងដែរ ដោយសារតែកាលចូលឆ្នាំស្វាមីរបស់អ្នកនាង និងក្រុមការងារក៏កាន់កាមេរ៉ាថតកណ្ដាលភ្ញៀងផងដែរ ដោយមិនបានគិតដល់រឿងហ្នឹង។

លោកស៊ឹម ស៊ីណាត តារាចម្រៀង និងជាសមាជិកគ្រួសារតារាកម្ពុជា បានអះអាងថាពេលឃើញទិដ្ឋភាពរបស់លោក មឿន វណ្ណា ធ្វើឲ្យលោកចង់ស្លុត នៅពេលគិតដល់កាលថតហាលភ្លៀងនៅភ្នំពេញបាសិនកាលពីមុនផងដែរ ដោយលោកបញ្ជាក់ថា អ្នកកាន់កាមេរ៉ាមិនគួរប្រថុយចេញថតហាលភ្លៀងនោះទេ ជាពិសេសនៅតំបន់ភ្នំតែម្ដង ដែលងាយនឹងមានផ្គររន្ទះ។

នៅលើហ្វេសប៊ុក មិនត្រឹមតែតារាសិល្ប:ប៉ុណ្ណោះទេ ដែលបានបង្ហាញពីការសោកស្ដាយចំពោះមរណភាពរបស់លោក មឿន វណ្ណា សូម្បីតែផលិតករក៏ផុសពាក្យពេចន៍រន្ធត់ចិត្ត ធ្វើឲ្យលើហ្វេសប៊ុកមានសុទ្ធតែព័ត៌មានអកុសលរបស់អ្នកជំនាញកាមេរ៉ាកុនរូបនេះផងដែរ។ កញ្ញាមាន សូនីតា អ្នកនាងឆយី និងតារាសិល្ប:ល្បីៗស្ទើរទាំងអស់សុទ្ធតែឃើញបង្ហោះ និងចែកចាយពីមរណភាពនេះ ដោយសារតែលោកមឿន វណ្ណា ត្រូវគេចាត់ទុកជា Camera Man ចាស់វស្សា និងមានតារាភាគច្រើនស្គាល់ច្បាស់៕

មតិយោបល់