ព័ត៌មានជាតិ

ជាប់ពន្ធនាគារម្តងហើយមិនរៀង បែរជាជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីស្រាវជ្រាវនិងត្រួតពិនិត្យឆែកឆេរ រកឃើញមានថ្នាំញៀនចំនួន៤កញ្ចប់ជាប់នឹងខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងមាត់ទន្លេបាសាក់ ភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ពៅ ព្រែក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់តូច និងទូរសព្ទដៃម៉ាក អាយខល ចំនួន១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចរោងមាត់ទន្លេបាសាក់ខាងលើរួចមក លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកកម្លាំងដោយផ្ទាល់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ធ្វើការត្រួតពិនិត្យ ឆែកឆេររោងមាត់ទន្លេ របស់ឈ្មោះ ពៅ ព្រែក ក៏បានរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់តូច ទើបធ្វើការចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ពៅ ព្រែក បានសារភាពថា ខ្លួន
ពិតជាបានទិញគ្រឿងញៀន ចំនួន៦កញ្ចប់ តម្លៃ៨ម៉ឺនរៀល ពីគេមិនស្គាល់ឈ្មោះ នៅវាលខ្សាច់ ចាក់អង្រែលើ ដើម្បីយកទៅលក់ និងប្រើប្រាស់ពិតប្រាកដមែន មិនតែប៉ុណ្ណោះខ្លួន ធ្លាប់ជាប់ពន្ធធនាគាខេត្តកណ្តាល ពីបទហិង្សាដោយចេតនា ហើយដោះលែងវិញនៅឆ្នាំ២០១៥ កន្លងទៅ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងអនុវត្តន៍តាមនីតិវិធីច្បាប់៕

មតិយោបល់