ខុសពីបណ្ដាផលិតករភាគច្រើនដែលតែងប្រកាសថាភាពយន្តបើកឆាករបស់ខ្លួនមិនមានកម្រិតប្រកួតប្រជែង ផលិតកររឿង«Rosa 5» អ្នកស្រីសរ កេសារ៉ា បានអះអាងថាភាពយន្តមួយនេះរបស់អ្នកស្រីនៅមិនទាន់មានគុណភាពខ្លាំងនៅឡើយទេ ពោលគឺបានត្រឹមតែអាចទស្សនាបានហើយមិនរងការរិះគន់ប៉ុណ្ណោះ។ អ្នកស្រីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធរឿង«Rosa 5»កាលពីល្ងាចថ្ងៃទី៤ មេសា នៅអ៊ីអន។
អ្នកស្រីនិយាយថា បើសំដៅលើគុណភាពកុន អ្នកស្រីថាភាពយន្តដែលអ្នកស្រីសម្រេចអោយដាក់បញ្ចាំងនេះ មិនល្អណាស់ណានោះទេ។ រឿង«រ៉ូហ្សា៥» អ្នកស្រីថា ឆ្លុះបញ្ចាំងពីជីវិតផ្សងព្រេងរបស់នារីស្បែកខ្មៅម្នាក់មកពីបារាំង និងនិយាយពីមនុស្សភេទទី៣ ដោយអ្នកស្រីបញ្ជាក់ថារឿងនេះពោរពេញដោយភាពកំប្លុកកំប្លែង ហើយមានខ្លឹមសារអប់ខ្ពស់។ ក្នុងនោះ ក៏និយាយពីជីវិតរបស់នារី៥រូបដែលសុទ្ធតែមានឈ្មោះរ៉ូហ្សាដូចគ្នា ដែលបង្កើតជាបរិយាកាសថ្មីមួយសម្រាប់អ្នកទស្សនាផងដែរ។ អ្នកស្រីថារឿងនេះមិនល្អដល់ថ្នាក់រំពឹងខ្លាំងនោះទេ ប៉ុន្តែក្រោយការបញ្ចប់ការដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា អ្នកស្រីនឹងយកទៅបញ្ចាំងនៅទីផ្សារបក្នុងប្រទេសថៃ ឡាវ ភូមា និងប្រទេសអូស្រ្តាលីជាដើម បើទោះមិនទាន់បានសុំសិទ្ធិពីប្រទេសទាំងនោះនៅឡើយក្ដី។ ហេតុផលនៃការជឿជាក់គឺដោយសារតែអ្នកស្រីយល់ថាភាពយន្តមួយនេះ មានខ្លឹមសារទូលំទូលាយ ហើយមានរសជាតិច្រើន។ អ្នកស្រីថារឿងនេះផលិតអស់ជាង៤ម៉ឺនដុល្លារ ហើយអ្នកស្រីរំពឹងត្រឹមថារួចខ្លួនគឺអរពេកហើយ អត់ហ៊ានរំពឹងដល់ចំណេញឡើយ។ ប៉ុន្តែបើរឿងនេះខាតក៏អ្នកស្រីមិនអន់ចិត្តដែរ គឺនៅតែបន្តផលិតទៀត ដើម្បីលើកកម្ពស់ដល់វិស័យកុនខ្មែរ៕
https://www.youtube.com/watch?v=dGBpwz95J_Y
មតិយោបល់