ក្រៅពីបានប្រកាសទម្លាក់ចោលពាក្យបណ្ដឹងលើតារាសម្ដែងលោក រតនៈ វិបុល ពីបទបរិហារកេរ្តិ៍ និងគំរាមសម្លាប់ តារាសម្ដែងល្បីឈ្មោះ អ្នកនាង ម៉ៅ សុចាន់ធី ក៏បានបន្តជំហរចុងក្រោយដកពាក្យបណ្ដឹងជាផ្លូវការបន្ថែមផងដែរ ដោយអ្នកនាងកំពុងសិក្សាផ្លូវច្បាប់ ដើម្បីដកចោលពាក្យបណ្ដឹងតែម្ដង ដើម្បីបើកច្រកឲ្យគូជម្លោះ ដែលយល់ព្រមសុំទោស ឲ្យមានសេរីភាពពេញលេញ។ ជាមួយនឹងជំហរនេះហើយ ដែលគេចាត់ទុកថា អ្នកនាងខំជិះយន្តហោះមកឡើងតុលាការតាំងពីអាមេរិក ដើម្បីទាមទារជំងឺចិត្ត៥ម៉ឺនដុល្លារ ប៉ុន្តែចុងក្រោយ បែរជាបោះលុយនោះចោល ហើយថែមទាំងចាយលុយកាក់ផ្ទាល់ខ្លួនអស់មួយសន្ធឹកធំ។
អ្នកនាងបានថ្លែងប្រាប់ Post News ថា គម្រោងចុះមកកម្ពុជាក្នុងរយៈពេលខ្លីនេះ គឺពិតជាចង់ប្ដឹងតារាសម្ដែងលោក រតនៈ វិបុល ហៅយ៉ុងយ៉េ ឲ្យចូលគុក ឬទាមទារទឹកប្រាក់ជំងឺចិត្តចំនួន៥ម៉ឺនដុល្លារដូចការដាក់ប្ដឹងមែន។ ប៉ុន្តែដោយសារតែពេលចូលតុលាការ ភាគីចុងចោទបានទទូចអង្វរ និងបានបង្ហោះវីដេអូឃ្លិបសុំទោស ព្រមជាមួយនិងឃើញសភាពគ្រួសាររបស់តារារូបនេះ ស្ថិតក្នុងសភាពវេទនាផង ទើបសម្រេចចិត្តឈប់ប្ដឹងតាមការសម្រុះសម្រួលរបស់តុលាការ ហើយចុងក្រោយ ក៏បានយល់ព្រមនិងដកពាក្យបណ្ដឹងឲ្យតារារូបនេះថែមទៀត ដើម្បីកុំឲ្យមានការរិះគន់ថា អ្នកនាងដាច់អហង្ការពេក។
អ្នកនាងនិយាយថា “ពេលដែលខឹងរឿងវាឡូយ វាអត់ទទួលខុស គឺខ្ញុំសុខចិត្តឡើងមកកម្ពុជា ដើម្បីអូសកវាចូលគុក និងទារ៥ម៉ឺនដុល្លារអ៊ីចឹងមែន ប៉ុន្តែដោយសារតែខាងតុលាការ គាត់ផ្ញើរូបឪពុកគ្នាឈឺឲ្យមើល ផ្ញើរូបផ្ទះគ្នាលំបាកឲ្យមើល ហើយ រតនៈ វិបុល ក៏យល់ព្រមសុំទោសជាវីដេអូឃ្លីបទៀត អ៊ីចឹងយើងទៅយកស្អីគ្នា ទៅអូសគ្នាចូលគុកយ៉ាងមិច អ៊ីចឹងមានតែអហោសិកម្មឲ្យគ្នាទៅ!”។
អ្នកនាងបញ្ជាក់ថា ខ្លួនចុះពីអាមេរិកលើកនេះ ចំណាយច្រើនគួរសមទាំងរឿងជួលមេធាវី ក្នុងគម្រោងប្ដឹងផ្ដល់ ទាំងការចំណាយច្រើនទៀតក្នុងពេលរង់ចាំការកោះហៅរបស់តុលាការខេត្តបាត់ដំបង ប៉ុន្តែចុងក្រោយអ្នកនាងអត់បានលទ្ធផលពីការលះបង់នេះទេ គឺអត់ទាំងប្រាក់ជំងឺចិត្ត៥ម៉ឺនដុល្លារ ដែលបានគិតទុក និងអស់ទាំងលុយផ្ទាល់ខ្លួនក្នុងពេលចុះមក។ ពីដំបូងអ្នកនាងគ្រាន់តែយល់ព្រមបញ្ឈប់ការប្ដឹង ដោយបន្តតម្កល់ពាក្យបណ្ដឹងទុកនៅតុលាការប៉ុណ្ណោះ ប៉ុន្តែដោយសារតែដឹងថា តារាសម្ដែង រតនៈ វិបុល មានគម្រោងចេញច្រៀងក្រៅប្រទេស ដើម្បីយកលុយជួយគ្រួសារ ហើយមើលឃើញថា គ្រួសាររបស់គេពិបាក ក៏សម្រេចដកពាក្យបណ្ដឹងតែម្ដង ទុកដូចជា ការធ្វើបុណ្យដល់មនុស្សដែលដឹងខុសម្នាក់។
អ្នកនាងនិយាយថា “ភ្លាមៗពេលម្នាក់និងបង្ហោះឃ្លីបសុំទោស ខ្ញុំឯកភាពនិងតុលាការត្រឹមតែថា តម្កល់ពាក្យបណ្ដឹងទេ គឺមានន័យថា តុលារការនឹងហៅចូលរាល់មួយខែ ឬ២ខែម្ដង គឺមានន័យថា បើខ្ញុំចង់ប្ដឹងវិញ គឺតុលាការនិងសើរើ ប៉ុន្តែបើខ្ញុំធ្វើអ៊ីចឹង គឺដូចជាឲ្យគ្នាជាប់ពិរុទ្ធ ហើយមិនអាចចេញសម្ដែងតាមគេទាក់ទងបាន ទើបខ្ញុំសម្រេចថា ដកពាក្យបណ្ដឹងតែម្ដង បើថ្ងៃក្រោយមនុស្សនេះមិនដឹងខ្លួនតាមតែយថាកម្មទៅ!” ។
អ្នកនាងបញ្ជាក់ថា ថ្វីដ្បិតថាបានចោលលុយ៥ម៉ឺនដុល្លារ ដែលគ្រោងទុកតាមរយៈបណ្ដឹង ប៉ុន្តែអ្នកនាងក៏បានសប្បាយចិត្ត ដោយសារតែការសម្រេចចិត្តរបស់ខ្លួន គឺមិនខុសពីការធ្វើបុណ្យឲ្យក្រុមគ្រួសាររបស់លោក រតនៈ វិបុល ដែលមានសភាពខ្វះខាត៕
មតិយោបល់