ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមចម្រៀងរ៉ុកបប់កម្ពុជា Suffer ចេញ Album លើកដំបូង ផ្លូវការ

នៅទីបំផុតក្រុមចម្រៀង Suffer ដែលមានសមាជិក៤រូប ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងប្រភេទបប់ និងរ៉ុកនៅកម្ពុជា បានសម្រេចបញ្ចេញវ៉ុលចម្រៀងរបស់ខ្លួនមួយ Album ជាផ្លូវការហើយ ដោយវ៉ុលចម្រៀង របស់ក្រុមនេះ ត្រូវគេឃើញធ្វើពិធីសម្ពោធយ៉ាងអធឹកអធម កាលពីយប់ថ្ងៃទី៦ ខែឧសភា ដោយមានអ្នកគាំទ្រកុះករ រោមសុំហត្ថលេខា មុនបង្ហាញបទចម្រៀងលើឆាកតន្ត្រីនោះផង។

ប្រធានក្រុមចម្រៀងនេះ បង្ហាញពីជំនឿចិត្តខ្ពស់ថា វ៉ុលដំបូងរបស់ខ្លួនក្រោយពេលជ្រកក្នុងក្រុមហ៊ុនសិលា Record នឹងទទួលជោគជ័យ ដោយសារតែក្រុមហ៊ុននេះ ក៏ត្រូវគេស្គាល់ថា មានសក្កានុពលក្នុងការលើកស្ទួយដល់បទចម្រៀង original របស់ខ្មែរប្រកួតប្រជែងលើឆាកអន្តរជាតិ និងនៅកម្ពុជានាពេលកន្លងមក។ ប្រធានក្រុមនេះ បង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងថា បទចម្រៀងប្រភេទបប់ និងរ៉ុករបស់ខ្លួន ទទួលបានជោគជ័យ នៅលើទីផ្សារ សម្រាប់វ៉ុលនេះ បើទោះជាមានការលើកឡើងថា ក្រុមចម្រៀងនៅស្រុកខ្មែរ រមែងពិបាកជោគជ័យ សម្រាប់ក្រុមចម្រៀង ដែលមានសមាជិកច្រើននាក់។ តំណាងក្រុមនេះ បានអះអាងថា សមាជិកទាំង៤របស់ Suffer គ្មានថ្ងៃបែកគ្នានោះទេ ថ្វីដ្បិតថាក្រុមហ៊ុន សិលា Record ធ្វើឲ្យសមាជិករបស់ក្រុមលោក មានឈ្មោះល្បីល្បាញ នាពេលខាងមុខ។ លោកថា សមាជិក្រុមលោកចាប់ដៃគ្នាចំនួន១០ឆ្នាំមកហើយ ទើបលោកយល់ថា មិនមានថ្ងៃនោះ សម្រាប់ការបែកក្រុម។

ផ្ទុយទៅវិញសមាជិកទាំងអស់ បានតាំងចិត្តថា នឹងកាន់តែរួមគ្នាធ្វើឲ្យបទប្រភេទបប់ និងរ៉ុករបស់ខ្លួន ដែលគ្រោងចេញបង្ហោះ ក្នុងពេលបន្តបន្ទាប់ មានការទទួលស្គាល់នៅកម្ពុជា។ លោកថា សប្បាយចិត្តដែលបានចេញមួយ Album ជាផ្លូវការ ក្រោយពីបានចូលជ្រកនៅក្នុងផលិតកម្ម សិលា Record តាំងពីឆ្នាំ២០១៤។ ខាងក្រោមនេះជាបទសម្ភាសន៍របស់ក្រុម Suffer ក្នុងថ្ងៃប្រកាសAlbum ថ្មីជាលើកដំបូង៖

មតិយោបល់