ព័ត៌មានបច្ចេកវិទ្យា

កាន់តែកប់ឡើង! iPhone 8 នឹងបំពាក់ប្រព័ន្ធសំឡេង និងការពារទឹកជ្រាបកាន់តែល្អប្រសើរ

យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីចែកផ្សាយដោយក្រុមហ៊ុន JPMorgan នៅសប្តាហ៍នេះ បានរកឃើញថា ទូរសព្ទដៃ iPhone ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Apple ដែលគេជឿថាជា iPhone 8 នឹងពាំនាំមកជាមួយប្រព័ន្ធសំឡេង Stereo ដែលមានគុណភាពកាន់តែខ្ពស់ និងស្រទាប់ការពារទឹកកាន់តែរឹងមាំ តាមរយ:ការធ្វើ ឱ្យ ប្រសើរឡើងនូវបច្ចេកវិទ្យាសំឡេង Receiver។

ក្រុមហ៊ុនឯកទេសខាងវិភាគដែលបានតាមដានចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មួយនេះ បានឱ្យដឹងបន្ថែមថា ប្រព័ន្ធសំឡេង Receiver ថ្មីនោះ ត្រូវបានបំពាក់នៅពីលើអេក្រង់របស់ទូរសព្ទ ត្រង់កន្លែងអ្នកប្រើប្រាស់ដាក់ផ្អឹបនឹងត្រចៀកពេលសន្ទនាទូរសព្ទ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតអំពីថា តើវាត្រូវបានរចនាឡើងតាមបច្ចេកវិទ្យាអ្វី ឬមានរូបរៀងយ៉ាងម៉េចនោះទេ។

តែទោះយ៉ាងណា ក្រុមហ៊ុនអះអាងថា វានឹងជួយបង្កើនកម្រិតគុណភាពសំឡេង និងសមត្ថភាពការពារជម្រាបទឹកកាន់តែខ្ពស់ ហើយនេះគឺស្របទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមកដែលថា iPhone 8 នឹងបំពាក់បច្ចេកវិទ្យាការពារទឹកជ្រាប IP68 កាន់តែប្រសើរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានបង្កើនគុណភាពសំឡេងរបស់ iPhone 7 ឱ្យខ្ពស់ជាងជំនាន់មុនរបស់វា គឺ iPhone 6s រហូតដល់ទៅពីរដង តាមរយ:ការបំពាក់រន្ធបំពងសំឡេងមួយគូនៅត្រង់គែមទូរសព្ទផ្នែកខាងក្រោម ម្លោះហើយ សម្រាប់ការអះអាងថ្មីនេះ គឺវាពិតជាគួរជាទីទុកចិត្ត និងអាចទៅរួច៕

ប្រភពព័ត៌មាន: macrumors

 

មតិយោបល់