ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈយុទ្ធ រៀបការចូលរោងការថ្ងៃទី២០ ឧសភា នេះ!

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះតារាចម្រៀងល្បីឈ្មោះ លោក ឆាយ វិរៈយុទ្ធ នឹងចូលរោងការជាមួយកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវសំបូរទ្រព្យនៅខេត្តកំពង់ចាម ប៉ុន្តែបើក្រឡេកមើលភាគីខាងសាមីខ្លួនវិញ ហាក់មិនចង់ទម្លាយអោយដឹងពីមង្គលការខ្លួននោះទេ។ លោកបានត្រឹមតែឆ្លើយថា ប្រហែលជាមានមង្គលការមែននៅខែឧសភានេះ ប៉ុន្តែបើអោយបញ្ជាក់ថ្ងៃណា លោកថាចាំអ៊ុតទៅ។

យ៉ាងណាក៏ដោយប្រភពផ្លូវការបានអះអាងថាមង្គលការរបស់លោកនឹងត្រូវធ្វើឡើងនៅខេត្តកំពង់ចាម នៅថ្ងៃទី២១ ឧសភាសម្រាប់ពិធីមង្គការ និងថ្ងៃចូលរោងគឺថ្ងៃទី២០ ឧសភានេះ។ អ្នកសិល្បៈនៅក្រៅផលិតកម្មសាន់ដេមិនច្រើននោះទេ ដែលទទួលបានការអញ្ជើញសម្រាប់មង្គលការរបស់លោក ទើបមកដល់ថ្ងៃនេះមានអ្នកខ្លះក៏ដឹងអ្នកខ្លះក៏មិនបានដឹងពីមង្គលការនេះ ស្របគ្នាដែលលោកឆាយ វិរៈយុទ្ធ ក៏មិនសូវចង់បង្ហើបចេញពីមាត់រាល់ពេលចោទក្នុងពេលបង្ហាញខ្លួនលើឆាកតន្ត្រីនោះផង។ សល់មិនដល់២០ថ្ងៃទៀតផងត្រូវរៀបការ ប៉ុន្តែលោកបែរជាឆ្លើយរបៀបប្រហែលថា លោក និងគូដណ្ដឹងនៅខេត្តកំពង់ចាមប្រហែលជាមានមង្គលការនៅខែឧសភាមែន ខណៈដែលសុំអោយបញ្ជាក់រឿងថ្ងៃលោកបានត្រឹមតែញញឹមហើយមិនឆ្លើយ។ ផ្ទុយពីតារាល្បីឈ្មោះផ្សេងទៀតដូចជា លី ច័ន្ទសីហា ដែលតែងប្រកាសតាំងពីចម្ងាយពីគម្រោងរៀបការរបស់ខ្លួន ជំហររបស់លោកធ្វើអោយមានចម្ងល់ថាហេតុអ្វីបានជាលោកមិនចង់បញ្ជាក់ដោយបើកចំហរ។ អ្នកខ្លះថាលោកភ័យខ្លាចធ្លាក់កូដ និងខ្លះថាប្រហែលជាមានបំណងបិទបាំងមិនចង់លាតត្រដាងព្រោះហេតុផលអ្វីផ្សេង ទើបលោកមិនសូវចង់ឆ្លើយ។ មង្គលការរបស់លោកត្រូវគេដឹងថាគ្រោងចំណាយខ្ទង់ម៉ឺនដុល្លារ ដោយសារតែសម្អាងក៏យកពីហាងធំ ហើយការរៀបចំពិធីផ្សេងគឺម៉ៅអោយត្រកូលខាត់ជាអ្នកចាត់ចែង។

អ្នកនាង ខាត់ សុឃីម បានទទួលស្គាល់ថាថ្ងៃទី២០ និង២១ ឧសភា អ្នកនាងពិតជាត្រូវម្ចាស់ដើមការគឺលោក ឆាយ វិរៈយុទ្ធ និងគ្រួសារខាងស្រីកក់អោយទៅធ្វើពិធីបុកលក្ខណ៍ និងកាត់ខាន់ស្លាជាដើមប្រាកដមែន ដោយអ្នកនាងប្រកាសថាខ្លួន និងក្រុមសិល្បៈបានរៀបចំខ្លួនរួចរាល់អស់ហើយ។ អ្នកនាងថាលោកឆាយ វិរៈយុទ្ធ អត់យកសម្អាងរបស់ខ្លួននោះទេ តែក៏សប្បាយចិត្តដែលលោក បានផ្ដល់ឱកាសអោយគ្រួសាររបស់អ្នកនាងបានកាត់ខាន់ស្លា និងធ្វើពិធីមង្គលផ្សេងៗនៅល្ងាចថ្ងៃទី២០ ឧសភា បំពេញកិច្ចអោយ៕

មតិយោបល់