ព័ត៌មានជាតិ

អាសូរណាស់! រមណីយដ្ឋានកោះតាដា ឆក់យកជីវិតក្មេង២នាក់

កំពតៈ ក្មេងស្រី២នាក់ឃើញទឹកថ្លាល្អ នាំគ្នាចុះងូតលេង បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៣និង១០ នាទី រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចរមណីយដ្ឋាន ជ្រោះកោះតាដា ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

លោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុកទឹកឈូបានឲ្យដឹងថា ជនរងគ្រោះខាងលើ ទី១ឈ្មោះ វៀន លីហួយ ភេទស្រីអាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហតុ និងទី២ឈ្មោះ គង់ ចន្ត្រា ភេទស្រីអាយុ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុដូចគ្នា។

លោកអនុសេនីយ៍ឯកបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យក្មេងស្រីទាំង២នាក់ លង់ទឹក ក្មេងស្រីបានទៅលក់ពងទាស្ងោរជាមួយបងប្អូននៅទីនោះ ហើយចុះលេងទឹកដោយពុំមានអ្នកដឹង ក៏បណ្តាលឲ្យលង់ហើយគ្មានអ្នកជួយសង្គ្រោះ ក៏បណ្តាលឲ្យស្លាប់តែម្ដង។

គួរបញ្ជាក់ថា នេះពុំមែនជាលើកទី១ទេ ដែលកន្លែងកម្សាន្តឯកជនមួយនេះ បានឆក់យកជីវិតមនុស្សឲ្យស្លាប់ដោយសារការលង់ទឹក ហើយគេពុំទាន់ឃើញម្ចាស់រមណីយដ្ឋានយកចិត្តទុកដាក់ និងត្រៀមឧបករណ៍គ្រប់គ្រាន់ ឬមានក្រុមសង្គ្រោះសម្រាប់ចាំសង្គ្រោះមនុស្សលង់ទឹកឡើយ ដែលបង្ហាញឲ្យឃើញថា ម្ចាស់រមណីយដ្ឋានហាក់នៅធ្វេសប្រហែស ខណៈដែលអ្នកស្លាប់នៅទីនោះមានជាបន្តបន្ទាប់៕

មតិយោបល់