ជាមួយនឹងការបង្ហាញខ្លួនធ្វើជាពិធីការិនីជាថ្មីនៅប៉ុស្ដិ៍លេខ៣ អ្នកនាងលី ម៉ារីណា បានអះអាងថាអ្នកនាងមិនមែនត្រលប់ចូលការងារនេះដើម្បីល្បីឈ្មោះ និងពង្រីកទីផ្សារក្នុងសិល្បៈនោះឡើយ។ អ្នកនាងថាទទួលយកការងារនោះ ព្រោះតែស្រឡាញ់ និងទើបទទួលបានសញ្ញាយល់ព្រមពីស្វាមីដែលជាអណិកជនរស់នៅអាមេរិកនោះតែប៉ុណ្ណោះ។
អ្នកនាងលី ម៉ារីណា និយាយថាអ្នកនាងបានសម្រេចទទួលយកការងារជាពិធីការិនីក្នុងកម្មវិធី«ខ្សឹបដាក់មេក្រូ» និងកម្មវិធី«សោភ័ណ្ឌជីវិត»របស់ប៉ុស្ដិ៍លេខ៣បាន១សប្ដាហ៍ហើយ ដោយកម្មវិធី«សោភ័ណ្ឌជីវិត»នឹងគ្រោងចាក់ផ្សាយបើកឆាកការងាររបស់នាងនៅថ្ងៃអាទិត្យនេះ។ អ្នកនាងថាសម្រាប់កម្មវិធី«ខ្សឹបដាក់មេក្រូ»បានផ្សាយមួយលើករួចហើយកាលពីថ្ងៃសៅ៍រសប្ដាហ៍មុន ដោយម្នាក់ៗហាក់បានខលមកសួរនាងថាបើនាងជ្រុលទទួលធ្វើការងារជាពិធីការិនី ហេតុអ្វីមិនជ្រើសស្ថានីយទូរទស្សន៍ដែលធំ និងមានការប្រកួតប្រជែងនោះផង។ អ្នកនាងថាខ្លួនមិនមែនត្រលប់កាន់ការងារទូរទស្សន៍ដើម្បីចង់ល្បីដូចមុនទៀតទេ ទើបអ្នកនាងយល់ថាការលេចមុខជាមួយនឹងប៉ុស្ដិ៍លេខ៣ គឺជារឿងដែលអ្នកនាងយល់ថាសមស្រប។ អ្នកនាងថាខ្លួនស្រឡាញ់អាជីពពិធីការិនី ក៏សុំស្វាមីក្រោយពេលប៉ុស្ដិ៍លេខ៣ទាក់ទង។ យ៉ាងណាមិញ អ្នកនាងថាការទទួលយកកម្មវិធីចំនួន២នៅប៉ុស្ដិ៍លេខ៣ មិនមានន័យថាអ្នកនាងចង់បង្ហាញមុខមាត់ ដើម្បីអោយប៉ុស្ដិ៍ធំណាមួយទាក់ទងទៅវិញនោះទេគឺអ្នកនាងប្រកាសថាបានបម្រើការនៅប៉ុស្ដិ៍លេខ៣គឺពេញចិត្ត។ អ្នកនាងថាការងារថ្មីនោះអត់មានកុងត្រាទេ តែអ្នកនាងយល់ថានឹងយូរអង្វែងដោយសារតែនោះជាកម្មវិធីថតទុក ដែលមិនប៉ះពាល់ដល់ការងារមុខជំនួញនាំចូលគ្រឿងបន្លាស់រថយន្ត ដែលស្វាមីបើកអោយ និងមុខរបរបើកហាងលក់សំលៀកបំពាក់ផ្ទាល់ខ្លួនរបស់អ្នកនាង។ អ្នកនាងថាមិនចង់ហក់ទៅណាទៀតទេ ទើបគ្រាន់តែលោកខេន វណ្ណាថាត់ ជាអ្នករៀបចំកម្មវិធីនៅប៉ុស្ដិ៍លេខ៣ផកដល់ឱកាសអោយ អ្នកនាងទទួលយកតែម្ដង៕
មតិយោបល់