កន្លងមកគេបានត្រឹមតែដឹងថា ភាពយន្តខ្នាតធំរឿង «ចិញ្ចៀន» ស្ថិតក្រោមការផលិតរបស់ផលិតកម្មចក្រវាឡពេជ្រ និងនិពន្ធសាច់រឿងដោយលោក ម៉េងប៊ុនឡូ ប៉ុណ្ណោះ ដោយគេមិនបានដឹងថា ការពិតនោះជារឿងដែលលោកប្រើទុនខ្លួនឯងផលិត ហើយបានចូលហ៊ុន ជាមួយតារាស្រី ក្នុងរឿង២រូបទៀតនោះទេ។ យ៉ាងណាមិញ លោកបានទម្លាយថា ក្នុងភាពយន្តនេះ គឺលោកចេញទុន៥០ភាគរយ កញ្ញាញឹម ចាន់ថន ២៥ភាគរយ និងអ្នកនាង ទូច ស្រីលក្ខណ៍ ២៥ភាគរយដែរ ដោយផលិតកម្មមហាហង្ស គឺជាអ្នកជ្រោមជ្រែងខាងប្រើឈ្មោះផលិតកម្ម និងជួយផ្នែកបច្ចេកទេស។
អ៊ីចឹងតើគេទើបគេមានចម្ងង់ថា តារាទាំង៣រូប ក្រៅពីជាតួសម្ដែង ក៏ចេញមុខខ្នះខ្នែងលើការងារផលិត ដោយចែកផ្នែកគ្នាច្បាស់លាស់។
លោក ម៉េង ប៊ុនឡូ ជាអ្នកនិពន្ធ និងជាម្ចាស់ហ៊ុនធំ បានអះអាងថា ហេតុផលដែលនាំឲ្យមានស្នាដៃរឿង «ចិញ្ចៀន»នេះឡើង គឺដោយសារតែលោក និងតារាស្រី២ដួង គឺទូច ស្រីលក្ខណ៍ និងញឹម ចាន់ថន មានសាច់រឿងមួយក្រោមការពិភាក្សារួមគ្នា ហើយដោយសារតែមានគំនិតត្រូវគ្នា ក៏សម្រេចស្សែលុយគ្នាផលិត ដោយលោកចំណាយ៥០ភាគរយ ដោយរាប់ទាំងកម្លាំង និងសម្ភារៈផង ហើយតារាជាដៃគូ២រូបទៀត ចំណាយក្នុងម្នាក់២៥ភាគរយ។ លោកកាន់តែសប្បាយចិត្ត ពេលទទួលការជ្រោមជ្រែង ពីលោកស្រី ថុង ស៊ីវទៀង អោយប្រើស្លាកផលិតកម្មចក្រវាឡពេជ្រ ដោយជ្រោមជែងទាំងលុយកាក់មួយចំនួនផង ដើម្បីអោយភាពយន្តនេះ បញ្ចប់ដោយជោគជ័យ។
លោកថាភាពយន្តរឿង «ចិញ្ចៀន» បើស្ដាប់តែចំណងជើងហាក់មិនមានខ្លឹមសារស៊ីជម្រៅនោះទេ ប៉ុន្តែសម្រាប់សាច់រឿង គឺបង្កប់ដោយរឿងរ៉ាវភ័យរន្ធត់ រឿងរ៉ាវស្នេហា និងភាពកំប្លុកកំប្លែង ដោយក្រៅពីចំណុចពិសេសនេះ ក៏បានរំលេចតំបន់ ដែលមានទេសភាពស្អាត របស់ខេត្ត៤ គឺខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ កំពត និងខេត្តកំពង់ចាម ដែលមនុស្សមួយចំនួនមិនសូវបានស្គាល់ទេ ដោយលោកចាត់ទុកថា ភាពយន្តរបស់ខ្លួនមិនខុសពីការពាំនាំអោយតំបន់ ដែលមានទេសភាពស្អាតទាំងនោះ អោយអ្នកទេសចរណ៍បានដឹង។
លោកបញ្ជាក់បន្ថែមក្នុងវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៣០ ធ្នូ នៅភោជនីយដ្ឋានវវីហ្វ្រនបឹងត្របែកទៀតថា ភាពយន្តរឿង «ចិញ្ចៀន»តារាសម្ដែងកញ្ញា ញឹម ចាន់ថន ក៏បានលះបង់ហ៊ានថតដោះអាវ ដើម្បីអោយត្រូវនឹងសាច់រឿងផងដែរ ទើបលោករំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នឹងទទួលបានជោគជ័យ ជាពិសេសគឺការបង្កប់ឈុតឆាកកំប្លែង លាយឡំឈុតភ័យរន្ធត់លងបះសក់ និងស្នេហាស៊ីជម្រៅ។
កញ្ញា ញឹម ចាន់ថន បញ្ជាក់ថា ភាពយន្តរឿង «ចិញ្ចៀន» នឹងត្រូវដាក់បញ្ចាំងចាប់ពីថ្ងៃទី៣ មករាតទៅ ដោយនាងបញ្ជាក់ថា អ្នកចូលចិត្តភាពយន្តខ្មែរ ហើយមិនចំណាយសំបុត្រ៣ដុល្លារទស្សនាភាពយន្តនេះ នឹងស្ដាយក្រោយ ដោយសារតែភាពយន្តនេះ ទាំងសាហាវ ទាំងកម្សត់ ទាំងស្នេហារ៉ូម៉ាទិក និងកំប្លែងគឺល្អមើលគ្រប់ឆាក ខណៈដែលនាងប្រកាសថា បើទស្សនារឿងនេះ និយាយថាមិនល្អមើល គឺនាងសុខចិត្តសងលុយអោយវិញ។ កញ្ញាថាភាពយន្តនេះ គឺជាញើសឈាមដែលកញ្ញាសម្ដែងអស់ពីចិត្តផង និងចេញលុយផង ប៉ុន្តែបើទោះ ជាលទ្ធផលចំណេញ ឬមិនចំណេញក៏ដោយ ក៏នាងនឹងបន្តសហការជាមួយ លោកម៉េង ប៊ុនឡូ និងទូច ស្រីលក្ខណ៍ ផលិតបន្តទៀតនោះដែរ ដោយគ្រាន់តែបើការបញ្ចាំងរឿងចំណេញ គឺនឹងផលិតវគ្គ២បន្តភ្លាមៗ ប៉ុន្តែបើមានលទ្ធផលខុសពីការរំពឹង នឹងដកឃ្លារកលុយសន្សំទាំង៣នាក់ទៀតសិន ដើម្បីបានដើមជាថ្មី។
នាងថាភាពយន្តនេះ នឹងគម្រោងដាក់បញ្ចាំងតាមបណ្ដាខេត្តដូចជាបាត់ដំបង កំពត កំពង់ចាម និងខេត្តផ្សេងទៀត បន្ទាប់ពីបេសកកម្មដាក់បញ្ចាំងនៅខេត្តសៀមរាប និងភ្នំពេញ ចាប់ពីថ្ងៃទី៣ មករា ត្រូវបញ្ចប់។ អ្នកទស្សនាភាពយន្តនេះ ក៏នឹងឈ្នះចិញ្ចៀនពេជ្រមួយវង្ស តម្លៃ១៥០០ដុល្លារ ពីការចាប់កន្ទុយសំបុត្រនៅថ្ងៃទី១៤ មករា ផងដែរ ដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រ៕
មតិយោបល់