ព័ត៌មានសិល្បៈ និងកម្សាន្ត

ណាខុន ដល់កំណត់ផុតកុងត្រាជា Brand Ambassador

គ្មានអ្នកណាមិនដឹងនោះទេថាតារាសម្ដែងលោកណាខុន ត្រូវបានប្រកាសថាជាតំណាងផលិតផលផ្ដាច់មុខ ឬBrand Ambassador របស់ផលិតផលទឹកហ៊ូ Sunny Coco ដែលជាអាហារបំប៉នសុខភាពល្បីឈ្មោះរបស់ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែយោងតាមការបង្ហើបមុននេះ គឺលោកនឹងដាច់កុងត្រារយៈពេល៦ខែដែលបានចងគ្នាជាផ្លូវការនៅចុងខែឧសភានេះហើយ ដោយមិនទាន់ប្រាកដថាក្រុមហ៊ុននឹងជ្រើសយកលោក១០០ភាគរយអោយបន្តកុងត្រាធ្វើជាតំណាងរបស់ផលិតផលមួយនេះឬយ៉ាងណាទៀតទេ។

កញ្ញា ងួន ច័ន្ទចរិយា តំណាងក្រុមហ៊ុន Sunny Coco បានអះអាងថាក្រោយមានវត្តមានដាក់លក់ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា ផលិតផលទឹកតៅហ៊ូSunny Coco ទើបតែបានជ្រើសយកតារាខ្មែរគឺលោកណាខុន អោយក្លាយជាតំណាងផ្ដាច់មុខកាលពីជាង៥ខែមុនប៉ុណ្ណោះ ដោយការងារដែលបានធ្វើឡើងរួមគ្នាទទួលបានជោគជ័យយ៉ាងខ្លាំង បើទោះជាលោកមិនមែនជាតារាល្បីលំដាប់ជួរមុខ។ នាងថាលោកណាខុន បានទាក់ទាញអ្នកគាំទ្ររបស់លោកអោយក្នុងនាមជា Brand Ambassador តែនាងមិនទាន់ច្បាស់ថាតើលោកនឹងបន្តតំណែងមួយនេះមួយអណត្តិ៦ខែទៀត ឬត្រូវបញ្ចប់នៅចុងខែឧសភានេះឡើយ ដោយសារតែផលិតផល Sunny Cocoក៏មានតំណាងជាតារាសិង្ហបុរី ដែលនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលខាងមុខ។

នាងបានថ្លែងបែបនេះក្នុងពិធីសម្ពោធសាខាថ្មីរបស់ហាងSunny Coco ទី៤ នៅខាងច្រកចូលផ្សារផេនសលស្ដុបសាលាបឋមសិក្សាចតុមុខ ដោយមិនមានវត្តមានរបស់លោកណាខុន ចូលរួម។ នាងថាលោកមានភារៈចេញថតមិនអាចខានបាននៅថ្ងៃបើកសម្ពោធសាខាថ្មីនោះ ទើបអវត្តមានបង្ហាញមុខក្នុងពេលដែលកុងត្រារបស់លោកជាមួយក្រុមហ៊ុន ក៏ឈានជិតដល់ថ្ងៃបញ្ចប់។ យ៉ាងណាមិញ នាងថាក្រុមហ៊ុននឹងពិចារណាកុងត្រាជាលើកទី២ជាមួយលោកណាខុន បើទោះជាក្រុមហ៊ុនមានតំណាងមួយរូបជាតារាមកពីសិង្ហបុរីហើយក៏ដោយ។ នាងថាកិច្ចកុងត្រាលើកទី២ បើគ្មានការប្រែប្រួលគឺនាងត្រូវធ្វើឡើងភ្លាមៗក្រោយពេលកុងត្រាលើកទី១ផុងកំណត់ ហើយសកម្មភាពថតស្បតរបស់លោកណាខុន ក៏នឹងត្រូវធ្វើឡើងក្នុងពេលបន្តបន្ទាប់៕

https://www.youtube.com/watch?v=g-WUfib-dKo

មតិយោបល់