ព័ត៌មានសិល្បៈ និងកម្សាន្ត

ជម្លោះម្ចាស់ផលិតកម្មកេសារ៉ា និងតារាសម្ដែង ឈួន ពន្លឺ ថៅកែហាងលូកដៃ

ក្នុងពេលជម្លោះក្ដៅគគុក រវាងអ្នកស្រីសរ កេសារ៉ា ផលិតកររឿង«រ៉ូហ្ស៉ា៥» និងតារាសម្ដែងឈួន ពន្លឺ ដែលជាអតីតអ្នកចាត់ការទូទៅប្រចាំផលិតកម្មអ្នកស្រីផ្ទុះឡើង លោកម៉ៅ ប៊ុនរតនា ម្ចាស់ហាងសម្លៀកបំពាក់ Mr.Man មិនធ្វើការបកស្រាយទាល់តែសោះ បើទោះជាជម្លោះនេះកើតឡើងពីការមិនទទួលយករបស់លោករឿងម្ចាស់ផលិតកម្មកេសារ៉ាមិនធ្វើតាមកិច្ចសន្យា។ ទើបតែមុននេះប៉ុណ្ណោះដែលលោកបានបោះសម្តីនៅលើហ្វេសប៊ុក ដោយបានសរសេរថា«ពេលឈឺយកដំរីមកបន់ ពេលលាបំណន់យកពងមាន់មកថ្វាយ!»ប្រតិកម្មចំពោះជម្លោះ។

នេះជាសម្ដីលូកមាត់ដែលទើបគេឃើញ ដែលមានន័យសំដៅដល់ការមិនទទួលខុសត្រូវរបស់ម្ចាស់ផលិតកម្មសរកេសារ៉ា ដែលបានព្រមដាក់Logo ហាងលោកនៅលើPosterរឿង នៅលើTrailer រឿង និងក្នុងការផ្សព្វផ្សាយរឿងផ្សេងទៀតរបស់រឿងតាមរយៈលោកឈួន ពន្លឺ ជាថ្នូរនឹងការទទួលសម្លៀកបំពាក់ពីហាងរបស់លោកគ្រប់តួដែលថតក្នុងរឿង«រ៉ូហ្ស៉ា៥»តាំងពីដើមដល់ចប់ ប៉ុន្តែក្រោយគឺម្ចាស់ផលិតកម្មមិនធ្វើដែលនាំឲ្យលោក និងលោកឈួន ពន្លឺ មានបញ្ហានឹងគ្នា។ នេះជាសម្ដីប្រតិកម្មជាសាធារណៈរបស់ម្ចាស់ហាងរូបនេះលើកដំបូង បន្ទាប់ពីអ្នកស្រីសរ កេសារ៉ា និងលោកឈួន ពន្លឺ ឈ្លោះគ្នាចង់ផ្អើកហ្វេសបុក។ លោកត្រូវគេដឹងថាបានប្រតិកម្មប្រាប់អ្នកសិល្បៈថា ជាលើកទី១ដែលលោកផ្ដល់សម្លៀកបំពាក់ក្នុងចំនួនច្រើនឲ្យថតរឿង ប៉ុន្តែចុងក្រោយគេដាក់ឲ្យត្រឹមថាពាក្យអរគុណនៅចុងរឿង ដែលលោកយល់ថាគេមិនឃើញ។ លោកថាតំណាងផលិតកម្មបានយល់ព្រមចំពោះលោកច្បាស់លាស់ មុននឹងលោកសម្រេចចាប់ដៃឧបត្ថម្ភ អ៊ីចឹងហើយទើបលោកប្រកាសថានឹងរាងចាលសម្រាប់ការផ្ដល់សម្លៀកបំពាក់ដល់តួឲ្យថតសម្ដែង ដោយថាប្រើបានតែខូចសំលៀកបំពាក់តែមិនបានត្រលប់មកវិញ។ នេះជាអ្វីដែលតារាសិល្បៈបានដឹងថាជាសម្ដីប្រតិកម្មរបស់លោកចំពោះរឿងនេះ បន្ថែមពីលើការបង្ហោះឆ្លើយលើហ្វេសប៊ុក។

លោកឈួន ពន្លឺ ដែលត្រូវគេស្គាល់តាមរយៈជាប់ពានជាតារាសម្ដែងឆ្នើមក្នុងកម្មវិធីរបស់លោកហ្វៃ សំអាង បញ្ជាក់ថារឿងរ៉ាវអូសបន្លាយនេះគឺបណ្ដាលមកពីអ្នកស្រីសរ កេសារ៉ា មិនព្រមចេញមុខសូមទោសដើម្បីទទួលខុសត្រូវតែមួយមុខ។ លោកថាវាមិនហួសហេតុទេ បើមិនបានដាក់Logo ឲ្យគេតាមការព្រមព្រៀងតាមរយៈលោក ហើយចេញមុខសូមទោសឲ្យចប់រឿង។ លោកថាខ្លួនមិនចង់បានអ្វីក្រៅពីហ្នឹងនោះទេ ដើម្បីឲ្យលោកបានរួចផុតបន្ទុក និងកុំឲ្យម្ចាស់ហាង Mr.Man ដៀលថាលោកជាអ្នកបាតដៃខ្នងដៃ ក្នុងពេលដែលលោកមិនបានរួមចំណែក។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រីសរ កេសារ៉ា ធ្លាប់បានបញ្ជាក់ថា អ្នកស្រីមិនដែលព្រមព្រៀងណាមួយជាមួយម្ចាស់ហាង Mr.Man នោះទេ គឺមានតែខាងលោកពន្លឺប៉ុណ្ណោះ ដែលបានសន្យាប៉ាតណាប៉ាតណីតែខ្លួនឯង។ អ្នកស្រីថាខ្លួនបានយល់ព្រមត្រឹមតែដាក់ពាក្យអរគុណចុងក្រោយ ក្នុងចុងបញ្ចប់រឿងប៉ុណ្ណោះ ដោយអ្នកស្រីបានចាត់ទុកថាខ្លួនបានធ្វើហើយ។ យ៉ាងណាមិញអ្នកស្រីថាខ្លួនបានស្នើសូមលោកឈួន ពន្លឺ ដែលជាអតីតអ្នកចាត់ការរឿង និងខាងហាងខោអាវដាក់សំណើរមុនពេលចេញPosterនិង Trailer ដែរ ប៉ុន្តែមកពីភាគីទាំងពីរស្ងាត់ឈឹងទើបអ្នកស្រីអត់ដឹងធ្វើម៉េច។ អ្នកស្រីថាខ្លួនមានបំណងរកពេលទៅបកស្រាយឲ្យម្ចាស់ហាងបានយល់ពីកំហុសឆ្គងដែរ ប៉ុន្តែមកពីលោកឈួន ពន្លឺ បង្ហោះធ្វើឲ្យអ្នកស្រីទទួលយកមិនបាន ទើបអ្នកស្រីសម្រេចចិត្តមិនធ្វើការសុំទោស ឬទទួលខុសត្រូវ។

លោកឈួន ពន្លឺ បន្តថា អ្នកស្រីឆ្លើយយករួចខ្លួន ដ្បិតអីក្រោយថតរឿងចប់ លោកបានព្យាយាមទំនាក់ទំនងអ្នកស្រីសរ កេសារ៉ា ពីរឿងដាក់Logo នេះ ស្ទើរជារៀងរាល់ថ្ងៃ តែអ្នកស្រីមិនឆ្លើយតបទាំងឆាត និងមិនលើកទូរសព្ទ ដោយសូម្បីតែពេលឃើញមិនដាក់Logoនៅពេលចេញរឿងហើយក៏អ្នកស្រីមិនឆ្លើយតបឆាត និងមិនលើកទូរសព្ទដែរ។ លោកថាខ្លួនអស់ជម្រើសទើបសម្រេចផុសលើហ្វេសប៊ុក ដើម្បីកុំឲ្យម្ចាស់ហាងដាក់កំហុសលើលោកតែម្ដង។ លោកថាខ្លួននៅតែរង់ចាំការទទួលខុសត្រូវរបស់អ្នកស្រីសរ កេសារ៉ា ក្នុងពេលអ្នកស្រីប្រកាសថាគ្មានការទទួលខុសត្រូវណាមួយតាមការទាមទារ៕

មតិយោបល់