ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៣ ឧសភា អ្នកនាងយុគ ចិន្តា បានប្រកាសអោយដឹងពីជំហរពីជំនឿចិត្តរបស់ខ្លួនថានឹងធ្វើអោយក្រុមហ៊ុនថ្មីដែលអ្នកនាងទើបនឹងត្រូវបានតែងតាំងជានាយកប្រតិបត្តិនឹងទទួលជោគជ័យ។
នេះជាក្រុមហ៊ុនដែលអ្នកនាងគឺជាអ្នកចាត់ចែងលើសេវាកម្មប្រកួតប្រជែងមួយបម្រើអោយវិស័យសិល្បៈចម្រៀង បន្ទាប់ពីអ្នកនាងជម្រើសបានសមាជិកពេញសិទ្ធិចំនួន៨រូប និងក្រុមរាំចំនួន២ក្រុម ដើម្បីធ្វើការប្រកួតប្រជែង។
អ្នកនាងនិយាយថាដោយសារតែមានបំណងចង់ធ្វើអោយអ្នកមានសមត្ថភាពផ្ទាល់ខ្លួនមានការឈានឡើង ទើបបណ្ដាញទូរទស្សន៍CTN សម្រេចបង្កើតក្រុមហ៊ុនថ្មីមួយដោយកំណត់ឈ្មោះថា TMS (Talent Management Service) ដោយអ្នកនាងគឺជាCEO ឬជានាយកប្រតិបត្តិដោយផ្ទាល់។ អ្នកនាងថាក្រុមហ៊ុននេះអ្នកនាងមិនមានភាគហ៊ុនណាមួយនោះទេ ប៉ុន្តែអ្នកនាងគឺជាបុគ្គលិកដែលមានឥទ្ធិពលក្នុងការសម្រេចផ្សេងៗគ្រប់គ្រាន់ ទើបអ្នកនាងមានជំនឿចិត្តខ្លាំងថាអ្នកនាងនឹងធ្វើអោយក្រុមហ៊ុនTMS នឹងមានការរីកចំរើន ដោយសម្អាងថាអ្នកនាងមានបទពិសោធន៍ក្នុងការលើកស្ទួយតារាសិល្បៈច្រើនមកហើយអោយមានឈ្មោះបោះសំឡេង ក្នុងពេលដែលអ្នកនាងក៏ត្រូវគេជឿជាក់ព្រោះតែជាអ្នកដឹកនាំកម្មវិធីល្បីម្នាក់។ អ្នកនាងថា ក្រុមហ៊ុន TMS ទទួលផ្ដល់សេវាកម្មផ្នែកសិល្បៈកម្សាន្តដូចជា ផ្នែកចម្រៀង ភាពយន្ត និងក្រុមរាំផងដែរ។ មកទល់ពេលនេះក្រុមហ៊ុនដែលអ្នកនាងទទួលតំណែងជាCEO មានសមាជិកជាអ្នកនិពន្ធ និងជាតារាចម្រៀងចំនួន៨រូបដោយតារាចម្រៀងវ័យក្មេងទាំងនោះក៏មានបទចម្រៀងជាបណ្ដើរៗវាយលុកទីផ្សារផងដែរដូចជា តារាចម្រៀងអួន បឋម លោក សេម លោក ម៉ា ច័ន្ទបញ្ញា អតីតជយលាភីលេខ៣កម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” រដូវកាលទី២ កញ្ញា រុន ស៊ីរ៉ា រួមទាំង និងម្ចាស់បទ “ទេវតា” P-Sand, MC Bull និងកញ្ញា អ៊ីងអ៊ីង ជាដើម។
អ្នកនាងយុគ ចិន្តា និយាយថាខ្លួនមានយុទ្ធសាស្រ្តច្រើនយ៉ាងក្នុងគម្រោងធ្វើអោយTMS ល្បីឈ្មោះ ដោយCTN មានទូរទស្សន៍ដល់ទៅ៣ដើម្បីជំរុញអោយតារាជាសមាជិកមានទីផ្សារ និងមានការឈានឡើង។ យ៉ាងណាមិញ អ្នកនាងថាមិនទាន់ច្បាស់ពីគម្រោងថាក្នុងមួយឆ្នាំ ឬប៉ុន្មានឆ្នាំទើបមានព្រឹត្តិការណ៍ធំម្ដងដើម្បីពង្រីកមុខមាត់របស់ក្រុមនោះទេ ក្នុងពេលដែលTMN នៅមិនទាន់មានសមាជិកច្រើនគ្រប់គ្រាន់ ដើម្បីរំលេចនូវព្រឹត្តិការណ៍ធំៗទៅបាន។ អ្នកនាងថាមុនទទួលនូវមុខតំណែងនេះ អ្នកនាងបានគិតច្បាស់ហើយថាត្រូវធ្វើយ៉ាងណា ដោយសារតែអ្នកនាងក៏ត្រូវការមុខមាត់ និងមិនអាចអោយខូចឈ្មោះនៅពេលក្រុមហ៊ុនមួយនេះមិនទទួលបានជោគជ័យ៕
មតិយោបល់