ការបាត់មុខមួយរយៈ ហើយស្រាប់តែបង្ហាញមុខជាថ្មីស្ថិតក្នុងសភាពឡើងគីឡូបែកសាច់រហូតធ្វើអោយរាងស្វែល និងសម្រស់ដែលធ្លាប់ផូរផង់ និងខ្យូតៗត្រូវបានប្រែប្រួលនោះ បានធ្វើអោយតារាចម្រៀងផលិតកម្មថោន កញ្ញា អេនីហ្សាម ធ្លាក់ដល់ដំណឹងថាបែកសាច់ព្រោះទើបតែសម្ងំសម្រាលកូនក្ដៅនោះតែម្ដង។ នាងបានបង្ហាញការភ្ញាក់ផ្អើល ប៉ុន្តែនាងថានោះជាការយល់ឃើញរបស់មនុស្សដែលមិនបានដឹងច្បាស់ពីខ្លួន ខណៈដែលនាងក៏មិនអាចបិទមាត់ចំពោះការយល់ឃើញដ៏អាក្រក់នោះបាន។
កញ្ញា អេនីហ្សា ដែលបានបង្ហាញខ្លួនលើឆាកតន្ត្រីរបស់ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«TV5 Carabao Spark Concert »កាលពីថ្ងៃអាទិត្យទី១១ មីនា កញ្ញានិយាយថាកញ្ញាមិនបានសម្ងំពរពោះ និងបង្កើតកូនស្ងាត់ ហើយទើបបែកសាច់ដូចដែលមហាជនបានឃើញនោះទេ ប៉ុន្តែអ្វីដែលធ្វើអោយរូបរាងរបស់នាងប្រែប្រួល គឺបញ្ហាមិនបានហាត់ប្រាណ និងស្រាប់តែឡើងគីឡូដល់ថ្នាក់សម្រកលែងបានតែម្ដង។
កញ្ញាថាគីឡូរបស់ខ្លួន បានប្រែប្រួលពី៤៧គីឡូក្រាម ទៅ៥៧គីឡូក្រាម ដោយនាងប្រកាសថាហេតុផលដែលនាំអោយនាងបាត់មុខ មិនទទួលការងារសិល្បៈមួយរយៈ ក៏ដោយសារតែខ្មាស់គេរឿងធាត់បែកសាច់ ដោយមិនដឹងពីមូលហេតុនោះផងដែរ។
នាងថាអ្នកបានឃើញនាងក្រោយពេលឡើងធាត់ សុទ្ធតែមានការភ្ញាក់ផ្អើល ក្នុងពេលដែលមនុស្សមួយចំនួនក៏ប៉ាន់ស្មានថានាងប្រហែលជាសម្ងំបង្កើតកូនទើបបែកសាច់ដល់ម្លឹងដែលនាងបានហៅគំនិតអគតិនេះថា ជាបង្ខូចឈ្មោះដ៏អកុសល។
អេនីហ្សាម និយាយថា នាងមិនសូវខ្វល់ពីការសម្រកទម្ងន់អោយបានដូចដើមនោះទេ បន្ទាប់ពីនាងសម្ងំសម្រកទម្ងន់មួយរយៈមកហើយ ប៉ុន្តែលទ្ធផលនៅតែមិនស្រក ដែលតម្រូវអោយនាងត្រូវតែចេញច្រៀងជាថ្មី ដើម្បីកុំអោយមហាជនងឿងឆ្ងល់រឿងនាងបាត់យូរ។
នាងថានៅក្នុងផលិតកម្មថោន នាងមានបទចម្រៀងសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរតែ២បទប៉ុណ្ណោះ ដោយនៅផលិតកម្មថោននាងក៏ដាច់កុងត្រា ហើយមិនតកុងត្រាដូចមុនទៀតដែរ ខណៈដែលនាងប្រាប់ថាបើថោនឈប់ចេញបទចម្រៀងអោយនាង ក៏នាងមិនខ្វល់ស្រវាស្រទិញទៅកាន់ផលិតផ្សេង ហើយអាចនឹងលាឈប់ពីការងារចម្រៀងតែម្ដង។ អ៉ីចឹងហើយទើបនាងបែកសាច់លើកនេះ គឺមិនខ្វល់ពីរឿងអ្នកណាគិតអាក្រក់ និងមិនខ្វល់ពីរឿងប្រកាន់ជំហរសម្រកទម្ងន់អោយបានដាច់ខាត ដោយនាងនិយាយថាបានប៉ុណ្ណាយកប៉ុណ្ណឹងទៅ៕
មតិយោបល់