យោងតាមការប្រកាសរបស់លោកឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ផលិតកម្មGalaxy និងជាម្ចាស់សំឡេងក្នុងបទ«អោយតែនឹកចេះតែចង់យំ»បានអះអាងថាបទនេះលោកសម្រេចចិត្តបញ្ចេញជាMVហើយ ក្រោយពីបានសម្ងំផលិតយ៉ាងសម្រិតសម្រាំងអោយរយៈពេលយូរ។ នេះជាចម្រៀងបើកឆាក ដែលលោក និងតារាចម្រៀងម៉ារ៉ា ប៊ុណ្ណា បានច្រៀងរួមគ្នា ដោយចម្រៀងOriginal Song មួយបទនេះ ក៏ឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតកាលពីអតីតកាលរបស់លោក ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកចម្រៀងផងដែរ។
លោកឡេង ណាវ៉ាត់ត្រា និយាយថាមកទល់ពេលនេះបទ«អោយតែនឹកចេះតែចង់យំ»របស់លោក និងលោកម៉ារ៉ា ប៊ុណ្ណា ទទូលបានការគាំទ្រខ្លាំងឡើងទើបលោកសម្រុកចេញMV ដោយក្រោយការបង្ហោះភ្លាមៗគឺមើលឃើញពីសន្ទុះគាំទ្រតែម្ដង។ លោកថាបទនេះគឺពិតជានិយាយពីអតីតកាលរបស់ខ្លួន ទើបលោកយល់ថាបទនេះមានន័យ ហើយជារឿងរ៉ាវមួយដែលធ្វើអោយលោកអាចដក់ជាប់នូវអារម្មណ៍។ មកទល់ពេលនេះលោកបង្ហាញពីអារម្មណ៍សប្បាយចិត្តដោយសារតែបទដែលលោកបានច្រៀងជាមួយលោកម៉ារ៉ា ប៊ុណ្ណា មានអ្នកចូលទស្សនាច្រើនដងលើYoutube ដែលធ្វើអោយលោកកាន់តែមានផលិតបទថ្មីៗបន្ថែមទៀត ដើម្បីវាយលុកទីផ្សារ។ លោកថាខ្លួនបញ្ចេញបទថ្មីៗមិនមែនគ្រាន់តែចង់មានឈ្មោះបោះសំឡេងប៉ុណ្ណោះទេ ប៉ុន្តែគ្រាន់តែចង់សម្រេចគោលបំណងរបស់ខ្លួនកាលពីនៅជាពលករបម្រើនៅកូរ៉េយ៉ាងលំបាក ដែលចង់មានឱកាសបានច្រៀងបង្ហោះប៉ុណ្ណោះ។ ម្យ៉ាងមកពីលោកចង់ជំរុញទឹកចិត្តអោយបងប្អូនជាពលករកូរ៉េមានកម្លាំងចិត្តតស៊ូអោយបានដូចលោកផង ទើបលោកបន្តបញ្ចេញបទចម្រៀងថ្មី និងផលិតរឿងជាដើមបង្ហាញស្នាដៃ ក្នុងបំណងបញ្ជាក់ថាអ្នកធ្វើការតាមរោងចក្រក៏អាចវិវត្តន៍ខ្លួនបានដែរ អោយតែមានសមត្ថភាព និងឆន្ទៈ។ លោកថាបទ«អោយតែនឹកចេះតែចង់យំ»គឺជាបទជូរចត់មួយកាលពីលោកនៅក្រ ទើបលោកយល់ថាបទនេះបុកត្រូវអារម្មណ៍របស់លោកជាជាងអ្នកណាៗទាំងអស់។ លោករំពឹងថាក្រោយទទួលបានការចាប់អារម្មណ៍ចូលទស្សនាលើYoutube ក្នុងប៉ុន្មានថ្ងៃនេះ បទរបស់លោកនឹងមានការចាប់អារម្មណ៍បន្ថែមទៀតក្នុងពេលបន្តបន្ទាប់។
មតិយោបល់