ព័ត៌មានជាតិ

រថយន្តកូរ៉េមួយគ្រឿងត្រូវចោរលួចតាំងពីខណ្ឌទួលគោករហូតដល់ស្រុកបាទី ទើបឃាត់បានវិញតាមប្រព័ន្ធGPS

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចរថយន្តកូរ៉េមួយគ្រឿងពីខណ្ឌទួលគោក បើករត់ឆ្លងកាត់ខណ្ឌដង្កោ តាមផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍ដេញតាមស្ទាក់ចាប់បានមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

ក្នុងសកម្មភាពនេះដែរ សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការ រាយការណ៍ពីម្ចាស់រថយន្ត សមត្ថកិច្ចបានដាក់កម្លាំងពួនស្ទាក់ដេញតាម បានរកឃើញហើយបាននាំយករថយន្តមករក្សាទុកនៅអធិកាដ្ឋារនគរបាលខណ្ឌដង្កោ ដើម្បីឲ្យជនរងគ្រោះដែលជាម្ចាស់រថយន្ត យកឯកសារដែលពាក់ព័ន្ធមកដោះស្រាយ។

តាមសម្តីពីម្ចាស់រថយន្តដែលមានឈ្មោះ កែប រ៉ាវ ភេទស្រី អាយុ៥៣ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុករថយន្តនៅមុខផ្ទះក្រៅរបងដូចរាល់ដងហើយនៅម៉ោង២ជាងបានឮសំឡេងប្លែក គាត់បានឡើងមើលឃើញចោរលួចរថយន្តគាត់ចេញទៅបាត់ហើយ គាត់បានបើកប្រព័ន្ធGPS ឃើញរថយន្តនោះបានបើកចេញទៅតាមផ្លូវសហព័ន្ធរុស្សីឆ្ពោះទៅតាមផ្លូវជាតិលេខ៣ គាត់ក៏បានរាយការណ៍ឲ្យសមត្ថកិច្ចដើម្បីឲ្យជួយដេញចាប់។

សមត្ថកិច្ចបានរកឃើញរថយន្តនោះ នៅចំណុចនៅក្បែវត្តស្រះកែវ ក្នុងស្រុកបាទីខេត្តតាកែវ។ ចំណែកជនសង្ស័យដែលបានលួចរថយន្តនោះ បានដឹងថានៅក្នុងរថយន្តនោះមានភ្ជាប់ប្រព័ន្ធGPS បានបើកដល់កន្លែងស្ងាត់ក្នុងភូមិខាងលើ ហើយបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកតែរថយន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យមើលឯកសារដែលពាក់ព័ន្ធនឹងរថយន្តនោះហើយ ក៏បានប្រគល់រថយន្តឲ្យទៅម្ចាស់ដើមវិញ៕

https://youtu.be/akxKoVS8YCg

មតិយោបល់