ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៤រូប ក្លាយជាចំណោទខ្លាំង ក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំ

ក្នុងចំណោមតារាសិល្បៈកុះករដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា គេកត់សម្គាល់តារាវ័យក្មេង៤រូប បានក្លាយជាតារាដែលមានសំណាងជាងគេ ហើយក៏ជាតារាដែលមានគេចោទសួរច្រើនដែរថាតើហេតុអ្វីមានមុខនៅលើព្រឹត្តិការណ៍ដែលមានការចម្រុះដោយតារាល្បីៗនាឱកាសពិសេសនោះ។ យ៉ាងណាមិញអ្នកទាំង៤មិនមែនជាតារាទើបបានហក់ចូលសិល្បៈនោះទេ បើទោះជាពួកគេមិនទាន់ល្បីល្បាញ ទើបខាងអ្នករៀបចំព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ឧសភា នៅស្ដាតអូឡាំពិកសម្រេចចិត្តអោយឡើងបង្ហាញខ្លួន។

កញ្ញាណាតាហ្សា គឺជាតារាមួយដួងក្នុងចំណោមតារាពន្លកថ្មី៤រូប ដែលត្រូវបានជ្រើសអោយដើរបង្ហាញម៉ូដនៅលើកម្រាលព្រំក្រហមនាថ្ងៃនោះ ក្នុងពេលដែលនាងក៏បានគ្រងឈុតជាជនជាតិឥស្លាមដែលជាជនជាតិដើមរបស់ខ្លួនដែលរឹតតែធ្វើអោយមានការចាប់អារម្មណ៍ខ្ពស់។ នាងគឺជាតួឯកស្រីក្នុងរឿង«កំណត់ហេតុនាងនាថ»ដែលបានទទួលការចាប់អារម្មណ៍ក្នុងពេលដាក់បញ្ចាំងតាមរោង ទើបជាហេតុផលមួយដែលអ្នករៀបចំកម្មវិធីបញ្ជាក់ថាត្រូវបានជ្រើសអោយដើរបង្ហាញខ្លួននៅក្នុងវេទិកានោះ។

លោកឈួន ពន្លឺ ក៏ជាតារាពន្លកថ្មីមួយដួងក្នុងចំណោមតារាបង្ហាញម៉ូដដែលសុទ្ធតែជាតារាល្បីៗនៅក្នុងព្រឹត្តិការណ៍នោះផងដែរដោយសារតែពេលប្រកាសឈ្មោះគឺមានមនុស្សមិនច្រើនណាស់ណានោះទេដែលស្គាល់ពីស្នាដៃរបស់លោក។ យ៉ាងណាមិញ នៅពេលប្រកាសថាលោកជាម្ចាស់ពានតារាសម្ដែងឆ្នើមនៅក្នុងកម្មវិធីស្ពានលេខ១១ ដែលត្រូវបានកម្មវិធីប្រកាសអោយជាប់ចំណាត់ថ្នាក់លេខ១ក្រោមការរៀបចំរបស់ទូរទស្សន៍អប្សរា និងជាការជ្រើសរើសរបស់លោកហ្វៃ សំអាង គឺម្នាក់ៗលែងមានការងឿងឆ្ងល់ និងថានេះជាគឺក្រេឌីតពិតប្រាកដ ដែលលោកត្រូវបានជម្រើសអោយចូលបង្ហាញម៉ូដជាទ្រង់ទ្រាយធំនៅក្នុងវគ្គនោះ។ លោកត្រូវបានប្រកាសទៀតថាគឺជាតារាបង្ហាញម៉ូដ និងមានស្នាដៃសម្ដែងច្រើនជាមួយលោកហ្វៃ សំអាង បន្ថែមពីលើពានឆ្នើមចំណាត់ថ្នាក់លេខ១ដែលបានប្រគល់អោយដោយលោកហ្វៃ សំអាង។ អ៊ីចឹងហើយទើបការបង្ហាញខ្លួននៅលើវេទិកាដើរម៉ូដដែលចម្រុះដោយតារាល្បីនាថ្ងៃនោះ គឺបានបង្វែរចម្ងល់ទៅជារុញអោយ លោកឈួន ពន្លឺ លេចធ្លោក្នុងក្រសែភ្នែកមហាជន។

កញ្ញានីតា វរវង្ស ក៏មិនខុសពីលោកឈួន ពន្លឺនោះដែរ ដោយសារតែក្នុងចំណោមអ្នកដើរម៉ូដដែលល្បីៗរួមមានអ្នកនាងលី ម៉ារីណា, កញ្ញាទឹម រដ្ឋា, កញ្ញានី មុន្នីនាថ, លោកអូន ឧស្សាហ៍, កញ្ញាញឹម ចាន់ថន, និងលោករតនៈ វិសិដ្ឋ, ជាដើម គឺនាងក៏ជាតារាពន្លកថ្មីដែលមានស្នាដៃនៅតិចជាងគេ។ បើទោះបានសម្ដែងរឿងច្រើន ជាពិសេសភាពយន្តនៅប៉ុស្ដិ៍លេខ៥ ប៉ុន្តែមិនទាន់មានអ្នកគាំទ្រសិល្បៈច្រើនទេបានស្គាល់នាង។ នាងត្រូវបានផ្ដល់ឱកាសអោយឈានឡើងនៅលើកម្រាលព្រំដែលបានរៀបចំនាថ្ងៃនោះ គឺសម្អាងថានាងជាតារាដែលមានទេពកោលសល្យ មានរូបសម្រស់ និងមានស្នាដៃច្រើនឡើងនាពេលចុងក្រោយនៅក្នុងវិស័យភាពយន្ត និងដើរម៉ូដ។

តារាពន្លកថ្មីម្នាក់ទៀតចុងក្រោយ គឺ លោក ទេព ពង្សវិរៈ ហៅលោកម៉ារ៉ូ គឺរឹតតែមានអ្នកទស្សនាងឿងឆ្ងល់ពីវត្តមានដើរម៉ូដនៅក្នុងព្រឹត្តិការណ៍ធំនោះ។ លោកមិនត្រូវបានគេស្គាល់នៅឡើយទេក្នុងពិភពសិល្បៈ តែត្រូវបានតារាសិល្បៈស្គាល់ច្រើនតាមរយៈការសម្ដែងក្នុងបទ«សែនស្រណោះ»ជាដៃគូរបស់កញ្ញា ពេជ្រ អាវីហ្សា របស់លោកម៉ៃ សុគន្ធ នៅក្នុងផលិតកម្មZoom។ លោកគឺជាតារាបង្ហាញម៉ូដ និងជាតារាសម្ដែងរបស់ផលិតកម្មZoom ហើយជាក៏តារាដែលមានទីផ្សារក្នុងវិស័យសម្ដែង និងដើរម៉ូដនាពេលចុងក្រោយផងទើបត្រូវបានជ្រើសអោយដើរចម្រុះជាមួយតារាល្បីនាថ្ងៃនោះ ស្របពេលដែលលោកក៏មានរូបរាង និងកាយសម្បទាស្រស់សង្ហារស័ក្ដសមជាអ្នកដើរម៉ូដដើម្បីរំលេចកម្មវិធី។ លោកក៍ជាសមាជិកសកម្មក្នុងក្រុមគ្រួសារតារាកម្ពុជា ក្នុងវេទិកាបើកសម្ពោធរឿង និង រាល់សកម្មភាពសប្បុរសធម៍ ទើបការផ្ដល់ឱកាសដោយផ្អែកលើសមត្ថភាពបានកើតមានឡើង។

https://www.youtube.com/watch?v=rl-Nd757TnA

មតិយោបល់