សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់Post News មុននេះបន្តិចថា ដើម្បីរួមចំណែកភូមិឃុំ សង្កាត់មានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចរបស់លោក បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង មានទាំងប្រុសស្រីនិងខ្ទើយ ចំនួន១០នាក់។
លោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី បានបន្តថាក្មេងទំនើងទាំងនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបាននៅវេលាម៉ោង ១២យប់ រហូតដល់ម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងចុះល្បាតជាមួយកម្លាំងអន្តរាគម៍ និងកម្លាំងអធិការដ្ឋានក្រុងសៀមរាប និងប៉ុស្តិ៍ស្វាយដង្គុំ បានធ្វើការឃាត់ខ្លួនពួកក្រុមក្មេងទំនើង តាមមាត់ស្ទឹង និងតាមម្តុំព្រះអង្គចេកព្រះអង្គចម និងនៅសួច្បារអ៊ុងអឿន បានចំនួន១០នាក់ ក្នុងនោះមានស្រី២នាក់ ខ្ទើយ២នាក់ ប្រុស៦នាក់។
ជាលទ្ធផលក្រោយការស្រាវជ្រាវ និងធ្វើតេសរកសារធាតុញ្ញៀន រកឃើញថា ក្នុងចំណោមមនុស្សទាំង១០នាក់នេះ មានផ្ទុកសារធាតុញ្ញៀនចំនួន ៩នាក់ ក្នុងនោះមានស្រី២នាក់ ខ្ទើយម្នាក់ និងប្រុសចំនួន៦នាក់។ ចំណែកខ្ទើយម្នាក់ទៀត ដែលមិនមានសារធាតុញៀនទេនិងបទល្មើសព្រហ្មទណ្ឌ ត្រូវបានសមត្ថកិច្ចធ្វើសាវតាក្មេងទំនើងនិងធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។
ចំណែកក្មេងទំនើង៩នាក់ទៀត ដែលមានផ្ទុកនូវសារធាតុញៀន ត្រូវសមត្ថកិច្ចបញ្ជូនបន្តឲ្យការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់