ព័ត៌មានសិល្បៈ និងកម្សាន្ត

តូច ស្រីពេជ្រ ទម្លាយរឿងប្ដីថ្ងៃខួបកូន

អ្នកគាំទ្រតិចណាស់បានដឹងថាតារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ គឺជាតារាសម្ដែងដែលមានប្ដីសី និងមានកូនធំផង ក្នុងពេលដែលអ្នកនាងរមែងមិននិយាយពីរឿងឯកជន ហើយក៏ញញឹមបិទមាត់មិនជិតនៅពេលអ្នកណាៗហៅអ្នកនាងថាកញ្ញាៗ។ អ៊ីចឹងហើយទើបមានការភ្ញាក់ផ្អើលគួរសម ក្នុងពេលដែលអ្នកនាងស្រាប់តែប្រកាសធ្វើខួបកូនគម្រប់៩ឆ្នាំ ដោយអ្នកនាងក៏បានប្រកាសឲ្យដឹងពីស្វាមីផងដែរ។

អ្នកនាងតូច ស្រីពេជ្រ និយាយថាការពិតអ្នកនាងមិនដែលលាក់បាំងរឿងមានកូនស្រី និងមានស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែមកពីស្វាមីអ្នកនាងជាអ្នករកស៊ីមិនចង់ឲ្យមានព័ត៌មានណាមួយពាក់ព័ន្ធលោក ហើយបណ្ដាអ្នកសារព័ត៌មានក៏មិនសូវសួរនាំរឿងជីវិតឯកជនរបស់អ្នកនាងផង ទើបអ្នកខ្លះយល់ថាអ្នកនាងបិទបាំងរឿងជីវិតអាពាហ៍ពិពាហ៍ និងគិតថាមិនទាន់មានស្វាមីមានកូន។ អ្នកនាងខ្លួនរៀបការប្រមាណជា១១ឆ្នាំ ហើយអ្នកនាងទើបតែបានប្រឡូកការសម្ដែងប្រមាណជា២-៣ឆ្នាំចុងក្រោយប៉ុណ្ណោះ ជាពិសេសក្រោយពេលកូនស្រីត្រូវបានស្វាមីធានាយកចេញទៅរស់នៅអាមេរិក។ អ្នកនាងថាកូនស្រីដែលអ្នកនាងសម្រេចធ្វើខួបឲ្យនោះ មានវ័យពេញ៩ឆ្នាំឈានចូល១០ឆ្នាំ ដោយពិធីខួបនោះត្រូវបានធ្វើឡើងនៅហាងវីហ្វ្រេនបឹងត្របែកជាមួយគ្នានឹងខួបកំណើតរបស់អ្នកនាងលី ម៉ារីណាដែរ ដោយគ្រាន់តែអ្នកនាងរៀបចំនៅហាងខាងក្រោម ហើយអ្នកនាងលី ម៉ារីណា រៀបចំនៅបន្ទប់ខារ៉ាអូខេ។ អ្នកនាងថាកូនស្រីរបស់ខ្លួនមានឈ្មោះថា សុខ សេរីមរកត ដោយការចុះមកដល់ស្រុកខ្មែររបស់កូនស្រី គឺមិនមានវត្តមានស្វាមីឡើយដោយសារតែស្វាមីអ្នកនាងជាប់ភារ:ចុះពីអាមេរិកមិនទាន់បាន។ អ្នកនាងថាកូនស្រីចុះមកជាមួយអ្នករាប់អានដែលចុះមកលេងនៅកម្ពុជា ដោយស្វាមីរបស់អ្នកនាងមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានចុះមកធ្វើខួបកូនស្រីជួបជុំជាមួយអ្នកនាង។ យ៉ាងណាមិញ អ្នកនាងថាសប្បាយចិត្តដែលស្វាមីអ្នកនាងបានអនុញ្ញាតិឲ្យកូនស្រីចុះមកចំថ្ងៃខួបកំណើតជាមួយអ្នកជិតខាងដែលអាចឲ្យនាងរៀបចំធ្វើខួបឲ្យបាន ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយម្ដាយកូន។ អ្នកនាងថាពិធីខួបគ្រោងធ្វើតែ២០តុប៉ុណ្ណោះ ប៉ុន្តែពេលនេះឈានដល់២៥តុហើយ ដោយសារតែអ្នកសិល្ប:ស្រឡាញ់រាប់អានអ្នកនាងហើយសូម្បីតែអញ្ជើញតាមឆាតហ្វេសប៊ុក ក៏ផ្ដល់កិត្តិយសចូលរួម។ នៅក្នុងពិធីខួបរបស់កូនស្រីអ្នកនាង គេឃើញវត្តមានតារាសិល្ប:យ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានតារាល្បីៗ ដោយសារតែអ្នកនាងដ្បិតថាមិនមែនជាតារាជួរមុខ ប៉ុន្តែកេរ្តិ៍ឈ្មោះនិងមុខមាត់នៅក្នុងពិភពសិល្ប: ក៏ត្រូវបានគេចាត់ទុកថាជាតារាជើងចាស់មួយរូប។

//www.youtube.com/watch?v=i2aR0N81nM8

មតិយោបល់