កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ផលិតកម្ម B&S Good Day Video បានប្រកាសចេញផលិតរឿងភាគក្រោមចំណងជើងថារឿង«ធនញ្ជ័យ» ដែលជាប្រភេទរឿងអក្សរសីល្ប៍ខ្មែរដ៏ល្បីល្បាញរបស់កម្ពុជា។ នាយព្រែកដែលត្រូវគេស្គាល់ថាជាតារាកំប្លែង និងជាពិធីករមួយរូបបានទទួលតួឯកនៅក្នុងរឿងនេះយ៉ាងកាលីប បើទោះជាភាពយន្តមួយនេះត្រូវគេដឹងថាផលិតឡើងដើម្បីដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ផ្សេង ដែលមិនមែនជាស្ថាប័នដែលលោកបម្រើការ។
លោក ប៊ុន ស៊ា ចាងហ្វាងផលិតកម្មបានអះអាងថាលោកសម្រេចចិត្តជ្រើសយកនាយព្រែកអោយសម្ដែងតួឯកដោយសារតែលោកយល់ថាចរិត និងមុខមាត់របស់នាយព្រែកសាកសមនឹងសម្ដែងជាតួអង្គធនញ្ជ័យ ដែលជាតួអង្គឡិកឡក់ឆ្លាត និងក្រឡេមក្រឡើម។ លោកថាខ្លួនភាពយន្តនេះនឹងផលិតជា៤០ភាគ ដោយគ្រោងចេញថតយ៉ាងតិច៤ខែ និងគ្រោងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅដើមឆ្នាំ២០១៨។ ភាពយន្តនេះលោកថាចំណាយដើមទុនអស់ច្រើន ហើយលោកមានការរំពឹងយ៉ាងខ្ពស់ថាតួអង្គនាយព្រែក ដែលលោកជ្រើសអោយសម្ដែងជាតួអង្គ នឹងជួយរំលេចសាច់រឿងអោយមានភាពទាក់ទាញ នៅពេលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ លោកថាភាពយន្តនេះមានតួអង្គសំខាន់ៗសរុបជាង៥០រូប បូករួមទាំងតួអង្គក្មេងៗផង តែលោកនឹងធ្វើអោយស្នាដៃអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ខ្មែរមានភាពរស់រវើក និងមានលំនាំដើមមិនអោយខុសឆ្គងខ្លឹមសារនោះទេ។ លោកថានាយព្រែកអាចចេញសម្ដែងអោយប៉ុស្ដិ៍ផ្សេងក្រៅពីប៉ុស្ដិ៍ទូរទស្សន៍ដែលលោកបម្រើបាន ទើបលោកសម្រេចជ្រើសអោយសម្ដែងតួឯក ដោយគ្រោងនឹងមានតំណែងតួឯកអោយលោកបន្ថែមទៀត បើមានសាច់រឿងតម្រូវ។
នាយព្រែកនិយាយថា បើទោះជាលោកនៅMy TV និង CTN មានកម្មវិធីធ្វើអោយលោកលេចធ្លោរក្នុងនាមជាពិធីករ ប៉ុន្តែធាតុពិតលោកមិនបានកុងត្រាផ្ដាច់អោយស្ថាប័នដែលលោកបម្រើការនោះទេ ទើបលោកមានសិទ្ធិទទួលថតរឿង និងធ្វើកម្មវិធីអោយបណ្ដាប៉ុស្ដិ៍ផ្សេងដែលលោកបម្រើការ។ លោកនិយាយថាទំនងជាមានផលិតករភាគច្រើនយល់ថាលោកជាតារាផ្ដាច់មុខរបស់My TV ទើបលោកមិនដែលទាក់ទាញបានការសម្ដែងរឿងភាគរបស់ទូរទស្សន៍ផ្សេង ដោយលោកចាត់ទុកថានេះជាការបើកឆាកសម្ដែងលើកដំបូងរបស់ខ្លួន ចាប់តាំងពីលោកបានតំណែងនៅMy TV និងក្រោយពីលោកបានធ្វើតួឯកកូនក្មេងក្នុងរឿង«នេសាទក្រពើ»។ យ៉ាងណាមិញ លោកនឹងមិនអាចទទួលថតរឿង ឬទទួលធ្វើកម្មវិធីទាំងឡាយណា ដែលមានការប៉ះពាល់ម៉ោងពេលនៅក្នុងស្ថាប័នដែលលោកបម្រើការនោះទេ ដោយសារតែលោកមិនចង់បាត់បាត់ឆ្នាំងចាស់។
ខាងក្រោមនេះជាតួអង្គសំខាន់ៗ និងសកម្មភាពក្នុងថ្ងៃក្រុងពាលីថតរឿង«ធនញ្ជ័យ»ដែលបានឡើងដោយផលិតកម្ម B&S Good Day Video កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដែលមាននាយព្រែក និងកញ្ញាពៅ លីដា ជាតួអង្គឯក៖
https://youtu.be/k4b00dW5bzI
មតិយោបល់