សិង្ហបុរី: អ្នកនាំពាក្យក្រសួងមហាផ្ទៃ (MHA) នៅថ្ងៃសុក្រ បាននិយាយថា បុរសជនជាតិសិង្ហបុរីម្នាក់ បានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម នៅភាគខាងត្បូងប្រទេសហ្វីលីពីន ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។
បុរសខាងលើ ត្រូវបានគេកំណត់អត្តសញ្ញាណហើយ ឈ្មោះ Muhamad Ali Abdul Rahiman @ Muawiya ដោយគាត់រស់នៅភាគខាងត្បូងប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ ១៩៩០ មកម៉្លេះ ។
ទោះជាយ៉ាងណា MHA មិនទាន់បង្ហាញព័ត៌មានបញ្ជាក់ទេថា តើគាត់បានចូលរួមនៅក្នុងការបះបោរប្រដាប់អាវុធ នៅទីក្រុង Marawi លើកោះមីនដាណាវ ដែលជាកន្លែងកងទ័ពហ្វីលីពីន កំពុងឈរជើងដើម្បីប្រតិបត្តិបោសសម្អាត ពួកឧទ្ទាមនៃក្រុម Maute ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋអ៊ីស្លាមនៅទ្បើយទេ។
ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ MHA បានឲ្យដឹងថា ជនបរទេសជាច្រើន រួមមានទាំងជនជាតិឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី បានស្ថិតក្នុងចំណោមក្រុមខ្មាន់កាំភ្លើង ដែលបានប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងសន្តិសុខ នៅទីក្រុង Marawi ។
ក្នុងនោះអ្នកនាំពាក្យ MHA ក៏បានលើកទ្បើងដែរថា «យើងនឹងបន្តធ្វើការជាមួយអាជ្ញាធរហ្វីលីពីន ដើម្បីកំណត់អត្តសញ្ញាណជនជាតិសិង្ហបុរីជាច្រើនទៀត ដែលជាអ្នកបានចូលរួមក្នុងសកម្មភាព អំពើភេរវកម្ម នៅក្នុងប្រទេសហ្វីលីពីន»៕

មតិយោបល់