ក្នុងបទសម្ភាសន៍មុននេះបន្តិចតារាចម្រៀងផលិតកម្ម BN លោកគឹម ថាណា បានអះអាងថាអោយតែកម្មវិធីបក្សគឺទោះជាចង់ជួលលោកក្នុងតម្លៃណាក៏ដោយ ក៏លោកប្រកាន់ជំហរមិនច្រៀងដាច់ខាត។ លោកថាសុខចិត្តទទួលច្រៀងមិនគិតកម្រៃនូវរាល់សកម្មភាពសប្បុរសធម៌ ឬកម្មវិធីសង្គមនានា តែបើអោយលោកច្រៀងឃោសនាអោយគណបក្សនេះឬគណបក្សនោះគឺលោកសុំបដិសេធទាំងស្រុង។ ក្នុងនោះលោកក៏សម្ដែងការហួសចិត្តផងដែរ បន្ទាប់ពីឃើញតារាសិល្បៈច្រើនឡើង ដោយរួមមានទាំងតារាល្បីៗដែលមានប្រជាប្រិយខ្ពស់ផង ធ្វើសកម្មភាពក្នុងបក្សនេះបក្សនោះយ៉ាងពេញទំហឹង ដោយលោកបានអះអាងថា មានការជេរប្រមាថដល់អ្នកសិល្បៈទាំងនោះយ៉ាងខ្លាំង ដែលលោកបញ្ជាក់ថា ឮហើយឈឺជំនួស។
លោកគីម ថាណា និយាយថាក្នុងនាមតារាសិល្បៈគឺពិតជាមានសេរីភាពគ្រប់គ្រាន់ក្នុងការគាំទ្រគណបក្សណាមួយដែលខ្លួនស្រលាញ់ ប៉ុន្តែមិនគួរលេចធ្លោពេកទេជាពិសេសនៅតាមរយៈហ្វេសប៊ុក ដើម្បីកុំអ្នកមិនសប្បាយចិត្តខ្លះមាក់ងាយ។ លោកថាតារាសិល្បៈទទួលបានភាពល្បីល្បាញមិនមែនដោយសារគណបក្សណាមួយលើកស្ទួយនោះទេ គឺសុទ្ធតែកើតមានឡើងដោយសារមហាជនគាំទ្រអោយបានល្បីល្បាញទាំងអស់ទើបបក្សសំឡឹងឃើញ អ៊ីចឹងបើបានល្បីហើយ បែរជាយកប្រជាប្រិយភាពរបស់ខ្លួនទៅចេញមុខគាំទ្របក្សណាមួយលេចធ្លោខ្លាំងពេក គឺមិនខុសពីធ្វើអោយតម្លៃជាបុគ្គលមហាជនរបស់ខ្លួនរងការរិះគន់នោះឡើយ។ លោកថាគ្មានអ្វីដែលមានតម្លៃ និងមានកិត្តិយសជាជាងនៅឈរចំណុចកណ្ដាលនោះឡើយ ហើយបើទៅធ្វើសកម្មភាពគាំទ្រទៅហើយក៍មិនគួរផុស ឬផ្សាយនោះដែរ ដើម្បីកុំមានការដឹងឮទូលំទូលាយ ហើយមានការជេរប្រមាថណាមួយ ធ្វើអោយតម្លៃអ្នកសិល្បៈប៉ះពាល់។ លោកថាមិនដឹងថាតារាដែលប្រឹងចេញមុខលើកជើងគណបក្សនេះលើកជើងគណបក្សនោះយ៉ាងផ្កាប់មុខ ទទួលបានលាភសក្ការៈអ្វីខ្លះជាថ្នូរនោះទេ ប៉ុន្តែលោកនៅតែយល់ថាអ្វីដែលពួកគេទទួលបានគឺការិះគន់ និងធ្វើអោយអ្នកសិល្បៈនោះខូចឈ្មោះ។ លោកប្រកាសមិនច្រៀងបម្រើបក្សណាមួយដាច់ខាត ដោយលោកនិយាយថាបើលោកហ៊ានចេញមុខឃោសនាគាំទ្រគណបក្សដូចតារាមួយចំនួន ដែលគេចេញមុខ គឺលោកសុខចិត្តមិនបន្តទទួលសម្ដែង ឬទទួលច្រៀងនាំអោយស្អុយឈ្មោះរបស់ខ្លួនតែម្ដង។ លោកថាតារាសិល្បៈដែលបានចេញមុខគាំទ្របក្ស រមែងខឹងសម្បារនឹងការជេរប្រមាថរបស់មហាជនមួយចំនួនដែលមិនពេញចិត្ត ប៉ុន្តែ បញ្ហាកើតឡើងលោកនៅតែយល់ឃើញថាកើតចេញដោយសារតែតារាសិល្បៈខ្លួនផ្ទាល់ ជាអ្នកធ្វើឡើងប៉ុណ្ណោះ។ លោកថាមហាជនជាអ្នកធ្វើអោយតារាម្នាក់ៗមានឈ្មោះបោះសំឡេង ហើយពួកគាត់មិនខុសនោះទេប្រសិនបើពួកគាត់ប្រើសិទ្ធិរិះគន់តបវិញ។ យ៉ាងណាមិញ លោកថា នោះជាការសម្រេចរបស់តារាម្នាក់ៗ ប៉ុន្តែសម្រាប់រូបលោកគឺនៅតែយល់ថា ក្នុងនាមជាតារាសិល្បៈជាពិសេសគឺតារាល្បីតែម្ដង មិនគួរប្រឡូកប្រឡាក់ក្នុងរឿងនេះទេ ដោយសារកិត្តិយសដែលតារាសិល្បៈខំសាងដោយលំបាក មិនអាចត្រូវបាត់បង់ ដោយសារតែការប្រមាថ និងការលាភពណ៍ត្រឹមមួយពព្រិចភ្នែក៕




































មតិយោបល់