កណ្ដាលៈ ទោះបីជាលោក យន់ គង់ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បានសម្របសម្រួលក្រៅប្រព័ន្ធតុលាការសងជាសំណងដល់យុវជនម្នាក់ដែលលោកបាញ់បណ្តាលឲ្យរងរបួសពេលបង្ក្រាបបទល្មើសនេសាទនោះ ក៏លោកអធិការរងរូបនេះ គេចមិនផុតពីសំណាញ់ច្បាប់ឡើយ។
តាមប្រភពព័ត៌មានច្បាស់ការណ៍សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ភ្នាក់ងារPost News នៅរសៀលថ្ងៃទី២៧ ខែឧសភា ថា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់លោក យន់ គង់ អាយុ៤៥ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និង១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានធ្វើលិខិតមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពីចំណាត់ការផ្លូវច្បាប់លើលោក យន់ គង់។
ប្រភពដដែលបានបន្តទៀតថា លោក លាវ ស្រេង រៀបរាប់ប្រាប់សម្តេចក្រឡាហោមថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី មានករណី «ប៉ុនប៉ងឃាតកម្ម» កើតឡើងចំពោះជនរងគ្រោះឈ្មោះ មាន ចន្ទសុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះផ្ទាល់រួចមក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបើកការស៊ើបអង្កេតតាមរយៈការសាកសួរយកចម្លើយអ្នកដែលជាប់ពាក់ព័ន្ធក្នុងរឿងហេតុខាងលើ មានជនរងគ្រោះ សាក្សី និងធ្វើការចុះស្រាវជ្រាវជុំវិញទីកន្លែងកើតហេតុចប់សព្វគ្រប់ កម្លាំងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ពិតជាមានវិមតិសង្ស័យលើឈ្មោះ យន់ គង់ ដែលអាចពាក់ព័ន្ធនឹងអង្គហេតុនេះ។
លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ទើបចូលកាន់តំណែងបន្តថា អយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៤៨០ដកសស លើជនសង្ស័យឈ្មោះ យន់ គង់ ពីបទ «ប៉ុនប៉ងឃាតកម្ម» ប្រព្រឹត្តនៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាមមាត្រា២៧និង១៩៩នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធករណីនេះ ពុំទាន់ទាក់ទងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបាននៅឡើយទេ ថារឿងក្តីនេះកំពុងស្ថិតក្រោមចំណាត់ការរបស់ចៅក្រមស៊ើបសួររូបណា។
សូមបញ្ជាក់ថា អធិការរងនគរបាលស្រុកកណ្តាលស្ទឹងម្នាក់ ត្រូវយុវជនម្នាក់ប្តឹងចោទប្រកាន់ថា បានបាញ់ប្រហារទៅលើរូបខ្លួន ចំស្មាខាងស្តាំ១គ្រាប់ ខណ:រូបខ្លួនធ្វើសកម្មភាពឆក់ត្រី ប៉ុន្តែលោក យន់ គង់ បាននិយាយថា រូបគាត់បាញ់មែន តែបាញ់ឡើងលើដើម្បីគំរាមជនគ្រឿងញៀនប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមមាត់ប្រឡាយក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ មាន ចាន់សុដារា អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកឯជនសង្ស័យវិញឈ្មោះ យន់ គង់ មានមុខរបរជាអធិការរងនគរបាលស្រុកកណ្តាលស្ទឹង។
លោក យន់ គង់ បានប្រាប់ភ្នាក់ងារ Post News តាមទូរសព្ទថា មុនពេលកើតហេតុ ដោយលោកទទួលព័ត៌មានមកថា មានជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចប្រឡាយត្រង់កន្លែងកើតហេតុ ពេលនោះ លោកបានហៅនាយរងប៉ុស្តិ៍ព្រះពុទ្ធម្នាក់ចុះទៅជាមួយដើម្បីហៅណែនាំ លុះពេលទៅដល់ ឃាត់ខ្លួនបានមក ក៏ធ្វើការឆែកឆេររកឃើញថ្នាំញៀននៅនឹងខ្លួនឈ្មោះ មាន ចាន់សុដារា ពេលនោះ ជនសង្ស័យបានរើបំរាស់រួចក៏រត់គេចខ្លួន ពេលនោះលោកបានដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់ដើម្បីគំរាម ចំណែកជនសង្ស័យបានព្យាយាមរត់គេចខ្លួនបាត់ទៅ ពេលនោះលោកបានឃាត់ខ្លួនបក្ខពួក គេបានម្នាក់នាំយកមកអប់រំរួច ក៏ឲ្យត្រឡប់ទៅផ្ទះវិញ លុះព្រឹកឡើងស្រាប់តែជនសង្ស័យមកដាក់ពាក្យបណ្តឹងថា រូបលោកបានបាញ់ត្រូវគេចំស្មាខាងស្តាំ១គ្រាប់ទៅវិញ។
លោកបានបន្ថែមថា ករណីនេះលោកមិនយល់ទេ ព្រោះលោកបានបាញ់ឡើងលើសោះធ្វើម៉េចបានត្រូវជនខាងលើ មានរបួសស្នាមថែមទៀតផង ហើយពេលនេះកម្លាំងនគរបាលជំនាញកំពុងតែពិនិត្យស្នាមរបួស ដើម្បីសន្និដ្ឋានឲ្យបានច្បាស់លាស់។
ចំណែកលោក ម៉ែន ចាន់រិទ្ធិ អធិការនគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់ភ្នាក់ងារ Post News ដែរថា លោក យន់ គង់ អធិការរងលោកពិតជាបានបាញ់ ប៉ុន្តែចំពោះការបាញ់ប្រហារទៅលើជនរងគ្រោះឬ មួយយ៉ាងណានោះ លោកក៏មិនទាន់ដឹងច្បាស់ដែរ គឺកំពុងតែធ្វើការស្រាវជ្រាវបន្ត ប៉ុន្តែទោះបីជាយ៉ាង ណាលោកបានរាយការណ៍ ជូនទៅថ្នាក់ខេត្តឲ្យជួយធ្វើការស្រាវជ្រាវលើករណីផងដែរ។
បើយោងតាមជនរងគ្រោះបានប្រាប់ដែរថា ខណ:លោកអធិការរងចុះទៅដល់ឃាត់ខ្លួនរួចហើយនោះ គេបានរើបម្រាស់រួច ក៏រត់គេចខ្លួនមិនបានប៉ុន្មានផង ស្រាប់តែលោកអធិការរងរូបនោះ បានដកកាំភ្លើងបាញ់សំដៅមកលើរូបគេបានបណ្តាលឲ្យរងរបួស ដោយរូបគេទៅឆក់ត្រីនៅចំណុចកើតហេតុ ប៉ុន្តែបែរជាថារូបគេមានគ្រឿងញៀននៅជាប់និងខ្លួនទៅវិញ៕
មតិយោបល់