ក្នុងពិធីបុណ្យ៧ថ្ងៃរបស់តារាចម្រៀងសាន ស្រីឡៃ គេកត់សម្គាល់ថា មានតារាចម្រៀងកញ្ញា សុខ ពិសី ម្នាក់គត់ ដែលបានបង្ហាញខ្លួន ក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្មធំមួយផ្សេង ដើម្បីជួយរំលែកដល់ទុក្ខសោករបស់គ្រួសារនាងសាន ស្រីឡៃ។
នាងអះអាងថាការស្លាប់របស់សាន ស្រីឡៃ ធ្វើអោយក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង ជាពិសេសនៅពេលដែលនាងនិយាយដល់កូនប្រុសរបស់ស្រីឡៃ ដែលត្រូវក្លាយជាកូនបាត់បង់ភាពកក់ក្ដៅដូចគ្នានឹងនាងដែរ។ នៅក្នុងឱកាសនោះនាងក៏បានបកស្រាយជុំវិញព័ត៌មាន ដែលថាលោកខេមរៈ សិរីមន្ត បានចូលហង្សមាសហើយ តែបែរជាត្រលប់ទៅធ្វើការជាមួយនាង នៅក្នុងផលិតកម្មសាន់ដេវិញនោះ។
នាងនិយាយថាលោកខេមរៈ សិរីមន្ត មិនបានធ្វើការជាមួយនាងពាក់ព័ន្ធនឹងការផលិតចម្រៀង ក្រោយពេលលោកចាកចេញពីសានដេនោះទេ គឺរវាងនាង និងលោកពិតជាបានរួមការងារជាមួយគ្នា តែក្នុងលក្ខណ្ឌជាការងារថតស្ពតប៉ុណ្ណោះ។ សុខ ពិសី បញ្ជាក់ថាមហាជនជាច្រើន បានប៉ាន់ស្មានថាលោកខេមរៈ សិរីមន្ត បានធ្វើការអោយសាន់ដេរ ក្រោយពេលមានបទចេញថ្មី នៅក្នុងផលិតកម្មមួយផ្សេងទៀត ប៉ុន្តែនាងនៅតែអះអាងថា លោកអត់មានការបន្តផលិតបទចម្រៀងណាមួយជាមួយសាន់ដេរនោះទេ គឺលោក និងនាងត្រូវបានធ្វើការរួមគ្នា ដោយសារតែមានក្រុមហ៊ុនធំមួយបានទាក់ទងអោយលោក និងនាងឲ្យធ្វើជាតួឯកក្នុងស្ពតរួមគ្នា ដែលស្ពតមួយនោះ នឹងបង្ហាញរូបរាងក្នុងពេលខាងមុខនោះតែប៉ុណ្ណោះ។
នាងនៅតែបង្ហាញអារម្មណ៍សោកស្ដាយចំពោះការចាកចេញរបស់លោកសិរីមន្ត ប៉ុន្តែនាងថា បើទោះជាមិនបានធ្វើការជាមួយគ្នា ក្នុងនាមជាតារាចម្រៀងជាដៃគូដូចមុន ក៏នៅតែបានបន្តការងារជាមួយគ្នា ក្នុងស្ពតពាណិជ្ជកម្មដូចដែលនាង និងលោកទើបតែបានថត បញ្ចប់នោះផងដែរ ខណៈដែលនាងជឿថា ក្នុងពេលខាងមុខនាងក៏ពិតជាមានការងារច្រើនទៀត ត្រូវប៉ះជាមួយលោកខេមរៈ សិរីមន្ត នៅលើវេទិកាតន្ត្រី ក្នុងនាមជាតារាចម្រៀងនៅក្នុងផលិតកម្មផ្សេងគ្នា។
នៅក្នុងថ្ងៃបុណ្យ៧ថ្ងៃ តារាចម្រៀងសាន ស្រីឡៃនោះ នាងក៏បានអំពាវនាវអោយសប្បុរសជនបន្តជួយដល់កូនៗទាំង២របស់ស្រីឡៃ បើទោះជាក្មេងទាំង២ត្រូវបានសាលាអន្តរជាតិធំមួយសម្រេចផ្ដល់អាហារូបករណ៍១០០ភាគរយអោយសិក្សាដល់ថ្នាក់ទី១២។ នាងថាការនៅល្ងាចថ្ងៃទី២១ តុលានោះ នាងត្រូវច្រៀងនៅប៉ុស្ដិ៍ETV ប៉ុន្តែដោយសារតែនាងចង់រួមចំណែកចូលរួមក្នុងពិធីមួយនោះ ទើបនាងឆ្លៀតមកចូលបុណ្យ និងអុជធូប ក្នុងនាមជាតារារួមអាជីព បើទោះជានាងនិងសាន ស្រីឡៃ មិនដែលឃើញគ្នានៅខាងក្រៅទាល់តែសោះ៕











មតិយោបល់