ព័ត៌មានសិល្បៈ និងកម្សាន្ត

សៅ ឧត្តម កុងត្រាធ្វើតារាសម្ដែងផ្ដាច់មុខ ៣ឆ្នាំ

មានការភ្ញាក់ផ្អើលគួរសមក្នុងពេលដែលតារាចម្រៀងដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាព Cambodian Idol លោក សៅ ឧត្តម មិនប្រកាសអោយដឹងពីការកុងត្រាចូលច្រៀងនៅក្នុងផលិតកម្មណាមួយ តែបានប្រកាសថាទើបនឹងបានកុងត្រាផ្ដាច់មុខអោយផលិតកម្ម LD ដើម្បីឈោងចាប់អាជីពសម្ដែង។ យ៉ាងណាមិញ លោកថាមិនចោលអាជីពចម្រៀងនោះទេ ដោយគ្រាន់តែលោកសម្រេចចិត្តសម្ដែងរឿងជាច្រើនផ្ដាច់មុខអោយផលិតកម្មដែលលោកកុងត្រា ពេញរយៈពេល៣ឆ្នាំ ខុសពីតារាចម្រៀងផ្សេងទៀតតែប៉ុណ្ណោះ។

លោកសៅ ឧត្តម និយាយថាដោយសារតែមានចំណូលចិត្តក្នុងការសម្ដែងផងដែរទើបលោកសម្រេចចិត្តកុងត្រារហូតដល់៣ឆ្នាំ ដើម្បីសម្ដែងរឿងភាគ និងរឿងដុំអោយផលិតកម្ម LD ក្នុងពេលអាជីពចម្រៀងរបស់លោកមានការរីកចំរើនយឺតជាង។ លោកថាផលិតកម្ម LD បានផ្ដល់ឱកាសអោយលោកសម្ដែងជាតួចកាចចិត្តអាក្រក់ ហើយដោយលោកក៏អាចសម្ដែងបានធ្វើអោយខាងផលិតករពេញចិត្ត ទើបខាងផលិតទាមទារកុងត្រា ស្របគ្នាដែលលោកក៏ព្រមទទួល។ លោកថាផលិតកម្មបានកំណត់អោយលោកសម្ដែងពី៣ទៅ៤រឿងក្នុងមួយឆ្នាំ តែបានបំបិទមិនអោយលោកសម្ដែងណាមួយនៅក្នុងផលិតកម្មផ្សេងទៀតនោះទេ ប្រសិនបើគ្មានការអនុញ្ញាតិ លើកលែងតែអាជីពចម្រៀងដែលអាជីពមួយផ្សេងដែលខាងLD មិនដាក់សម្ពាធ។ លោកថាផលិតកម្មមិនបានកំណត់ថាអោយលោកសម្ដែងតួឯកនោះទេ ដោយគ្រាន់តែដាក់គម្រោងអោយលោកសម្ដែងជាតួធំម្នាក់នៅក្នុងផ្ទៃរឿងប៉ុណ្ណោះ អ៊ីចឹងហើយទើបលោកយល់ថាបើទោះមិនបានសម្ដែងតួឯក តែលោកនឹងលេចធ្លោសម្រាប់អាជីពសម្ដែង។ លោកថានេះជាការបោះជំហានមួយថ្មី ប៉ុន្តែលោកក៏នឹងស្វះស្វែងផលិតបទចម្រៀងផ្ទាល់ខ្លួនដើម្បីវាយលុកទីផ្សារផងដែរ បន្ថែមពីលើជោគជ័យអាជីពសម្ដែងដែលទើបទទួលបាន។ លោកថាការសម្ដែងជាតួចិត្តអាក្រក់ ឬតួរំលោភ មិនភ័យរឿងអ្នកគាទ្រស្អប់នៅពេលលោកចេញច្រៀងនោះទេ ដោយលោកយល់ថាអាជីពសម្ដែងគឺសិល្បៈ ហើយផ្ទុយទៅវិញ គឺមហាជននឹងទទួលស្គាល់ចំពោះសមត្ថភាពរបស់លោក។ លោកថាផលិតកម្មLD បានដាក់អោយលោកសម្ដែងបានប៉ុន្មាថ្ងៃហើយ ដោយរឿងថ្មីរបស់លោកគឺមិនទាន់ដឹងថាថតចប់ពេលណា និងដាក់បញ្ចាំងនៅពេលណាទេ៕

https://www.youtube.com/watch?v=Es55oWgaiYc&feature=youtu.be

មតិយោបល់