ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីករ នីរិទ្ធិ អែនឌ្រូ លួចកុងត្រាចូលផលិតកម្មចម្រៀងBN !

គេមិនដឹងថាពិធីករប្រចាំប៉ុស្ដិ៍លេខ៩ លោក នីរិទ្ធិ អែនឌ្រូ ដែលមានឈ្មោះដើម ថា ហែម មុន្នីរិទ្ធិ ចេះច្រៀងតាំងពីពេលណនោះទេ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺមានដំណឹងថាលោកបានកុងត្រាស្ងាត់ៗ ដើម្បីធ្វើជាអ្នកចម្រៀងអាជីពជាផ្លូវការមុននេះនៅក្នុង ផលិតកម្មមួយ ដោយគ្រោងនឹងចេញបទ Original ឆាប់ៗវាយលុយទីផ្សារ។ នេះជាដំណើរឈានឡើងមួយកម្រិត បន្ទាប់ពីលោកបានបោះជំហានក្លាយជាពិធីករប្រមាណ៧ឆ្នាំ ហើយទើបតែមានកេរ្តិ៍ឈ្មោះហើបឡើងក្នុងរយៈពេលចុងក្រោយ។

ប្រភពពីផលិតកម្មBN បានអះអាងថាគ្រាន់តែអ្នកស្រីនូ វាសនា ដែលជាអតីតអ្នកគ្រប់គ្រប់ចាស់ប្រកាសដើរចេញពីផលិតកម្មមួយនេះ មានតារាចម្រៀងមួយចំនួនបានសម្រេចហើរចោល បើទោះជាខាងផលិតកម្មទទូចអោយនៅបន្តការងារ។ ជាមួយនឹងការបាត់បង់សមាជិកចាស់ក្នុងពេលផលិតកម្មមានការឈានឡើងនោះហើយ ដែលខាងផលិតកម្មសម្រេចដាក់បញ្ចូលសមាជិកថ្មីភ្លាមៗ ដោយសមាជិកថ្មីដែលចូលកុងត្រា៣រូប គឺមានម្នាក់ជាពិធីករប្រចាំប៉ុស្ដិ៍លេខ៩ លោក នីរិទ្ធិ អែនឌ្រូ។ ប្រភពពីផលិតកម្ម BN បន្តថា ធនធានថ្មីរបស់ផលិតកម្មមួយនេះដែលទើបដាក់បញ្ចូលគឺមានសមាជិក៣នាក់ដែលបានកុងត្រារួច ដោយម្នាក់ជាពិធីករដែលបានទម្លាយចេញ ម្នាក់ជាតារា សម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ហើយមានទឹកដមសំឡេងមិនធម្មតា និងម្នាក់ទៀតគឺជាតារាចម្រៀងស្រីដែលជាបេក្ខភាព Cambodian Idol ដែលល្បីឈ្មោះរួចទៅហើយ។ យ៉ាងណាមិញ ប្រភពដដែលមិនទាន់បង្ហើបអោយដឹងបីសមាសភាពរបស់តារាសម្ដែងនិងតារាចម្រៀងមកពីកម្មវិធី Cambodian Idol ដែលទើបត្រូវដាក់បញ្ចូលនៅឡើយទេ ដោយទើបតែបង្ហើបអោយដឹងពីសមាសភាពរបស់ពិធីករជាមុន គឺ លោកនីរិទ្ធិ អែនឌ្រូ ដែលជាពិធីករលេចធ្លោប្រចាំនៅប៉ុស្ដិ៍លេខ៩។

លោកនីរិទ្ធិ អែនឌ្រូ ដែលត្រូវគេស្គាល់ថាសមាជិករបស់«គ្រួសារតារាកម្ពុជា»ផង បានសារភាពថាលោកពិតជាបានកុងត្រាចូលច្រៀងនៅក្នុងផលិតកម្ម BN ប្រាកដមែន ដោយលោកកុងត្រារយៈពេល៣ឆ្នាំ តែថាមិនមានការជំទាស់ពីខាងស្ថាប័នដែលលោកបម្រើការគឺប៉ុស្ដិ៍លេខ៩នោះឡើយ។ លោកថាលោកនៅប៉ុស្ដិ៍លេខ៩គឺមានកិច្ចព្រមព្រៀងត្រឹមហាមមិនអោយលោកចេញមុខក្នុងតំណែងជាពិធីករនៅលើប៉ុស្ដិ៍ផ្សេងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការទទួលសម្ដែង ឬជាកុងត្រាចូលច្រៀងអោយផលិតកម្មណាមួយគឺលោកមានសិទ្ធិ។ យ៉ាងណាមិញ លោកថាខ្លួនមិនចូលចិត្តសម្ដែងទេ ប៉ុន្តែបើច្រៀងគឺជាជំនាញមិនចាញ់ពិធីករ ដោយលោកបានទាំងអះអាងថាខ្លួនមានទឹកដមសំឡេងអំណោយផលពីធម្មជាតិ និងធ្លាប់ឆ្លងកាត់ការប្រលងក្នុងពេលប្រកួតប្រជែងមុនក្លាយជាពិធីករកាលពី៧ឆ្នាំមុននោះផង។ លោកថាខ្លួនចូលចិត្តច្រៀង ប៉ុន្តែមកពីគ្មានឱកាសនាពេលកន្លងមក ទើបទឹកដមសំឡេងដែលផ្ដល់អោយពីធម្មជាតិត្រូវបានលាក់ឈឹង។ លោកថាសប្បាយចិត្តដែលខាងផលិតកម្ម BN ចាប់អារម្មណ៍យកលោកមកធ្វើជាអ្នកចម្រៀង ដែលលោកបានចាត់ទុកថានោះជាក្ដីស្រម៉ៃធំមួយសម្រាប់អាជីពសិល្បៈរបស់ខ្លួន។ យ៉ាងណាមិញ លោកថាមិនបោះបង់អាជីពពិធីករនោះទេ បើទោះជាពេលខាងមុខអាជីពចម្រៀងដែលមាន Original Song នឹងមានសន្ទុះឈានឡើង៕

មតិយោបល់