ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា ធ្វើខួបកំណើតឲ្យពិធីការិនីហង្សមាស

ធ្លាប់តែមានអ្នកគាំទ្រ និងតារាសិល្ប:ធ្វើខួបកំណើតឲ្យខ្លួន កាលពីយប់ថ្ងៃទី១១ មិថុនា មុននេះតារាចម្រៀងនាងឱក សុគន្ធកញ្ញា បែរជាបានកាន់នំមកធ្វើខួបកំណើតឲ្យពិធីការិនីអ្នកនាង ចាន់ កែវនិមល យ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយក្នុងនោះលោកព្រាប សុវត្ថិ ក៏បានចូលរួមផង។

នេះជាពិធីខួបកំណើតទ្រង់ទ្រាយតូច ប៉ុន្តែបានធ្វើឲ្យម្ចាស់ខួបកំណើតត្រេកអរចង់ហោះ ដោយសារតែឱក សុគន្ធកញ្ញា មិនបានប្រាប់មុន ហើយដល់ពេលធ្វើការងារជួបនៅខេត្តបន្ទាយមានជ័យ ក៏យកនំខួបមកឲ្យអ្នកនាងនិមល ផ្លុំយករាសីតែម្ដង។

អ្នកនាងនិមល បានបង្ហោះនៅលើហ្វេសប៊ុកបង្ហាញពីការសប្បាយចិត្តយ៉ាងខ្លាំង ក្នុងពេលដែលអ្នកនាបានត្រឹមតែធ្វើខួបកំណើតជាលក្ខណ:គ្រួសារកាលពីថ្ងៃទី៨ មិថុនា តែតារាចម្រៀងនាងឱក សុគន្ធកញ្ញា នៅតែបន្តពន់ញ៉ាក់អារម្មណ៍ដល់អ្នកនាងជាថ្មីម្ដងទៀត ក្នុងពេលដែលអ្នកនាង និងតារាចម្រៀងទាំងនោះធ្វើកម្មវិធីរួមគ្នានៅខេត្តបន្ទាយមានជ័យ។

យ៉ាងណាមិញ មិនមានការបញ្ជាក់ថា អ្នកនាងនិមលមានវ័យប៉ុន្មាននៅថ្ងៃផ្លុំនំនោះទេគឺគ្រាន់តែអ្នកនាងប្រកាសថា គឺជារឿងអ្នកនាងរំភើបចិត្តហួសពីការស្មាន ដោយសារតែឱក សុគន្ធកញ្ញា បានធ្វើខួបSurprise អ្នកនាងនាយប់នោះបន្ថែមទៀតប៉ុណ្ណោះ៕

មតិយោបល់