ក្នុងប៉ុន្មានថ្ងៃនេះ អ្នកលេងហ្វេសប៊ុកច្រើនឡើង បានសម្ដែងអារម្មណ៍ប្រតិកម្មជុំវិញតារាសិល្បៈ ឲ្យតែពេលមានទុក្ខ គឺប្រកាសសុំជំនួយ ក្នុងពេលដែលតារាភាគច្រើនត្រូវគេអះអាងថានៅពេលមិនទាន់មានទុក្ខ គឺឃើញតែបង្អួតភាពហ៊ឺហា និងឡូយឆាយ។ តារាសិល្បៈមួយចំនួនក៏បានលើកឡើងនូវប្រធានបទនេះយកមកពិភាក្សាផងដែរ ដោយចាត់ទុកថាការរិះគន់របស់អ្នកលេងហ្វេសប៊ុកគឺមានចំណុច ពិចារណា បើទោះជាតារាសិល្បៈមួយក្រុមបានបង្ហាញការគាំទ្រចំពោះតារាដែលក្លាហានក្នុងការសុំជំនួយ។
មិនមែនជារឿងត្រូវមើលរំលងនោះទេ ក្នុងពេលដែលអ្នកលេងហ្វេសប៊ុកច្រើនឡើងបានរំលេចទស្សនៈរិះគន់ចំពោះតារាសិល្បៈ ដោយអ្នករិះគន់ទាំងនោះបានសរសេរថា ហេតុអ្វីតារាសិល្បៈឲ្យតែឈឺ ឬឲ្យតែមានរឿងមិនល្អគឺឃើញតែសុំលុយមហាជន។
ក្រុមដដែលបានប្រើសារឆ្លងឆ្លើយតាមរយៈComment ដោយបានបង្ហោះថា តើតារាសិល្បៈក្នុងពេលល្បីឈ្មោះ និងរកចំណូលបានរកលុយទៅណា? ក្រុមដដែលបានចោទថាតារាសិល្បៈដែលធ្លាក់ខ្លួនទាំងនោះមានសភាពអាក្រក់ក្រោយពេលឈឺធ្ងន់ ឬមានទុក្ខ ដោយសារតែខ្វះគំនិតច្នៃប្រឌិត និងគិតតែសប្បាយភ្លេចខ្លួនក្រោយពេលរកបាននោះផង។
អ្នករិះគន់ហាក់ចង់សំដៅថាតារាសិល្បៈ បានប្រើប្រជាប្រិយភាពក្នុងនាមជាតារាសិល្បៈឆ្លៀតឱកាសត្អួញត្អែរ ដើម្បីកៀរគរ ចង់បានជំនួយនោះផងដែរ ដោយអ្នករិះគន់បានចោទយ៉ាងពិសេសទៅលើតារាសិល្បៈផ្នែកសម័យ។ តារាសិល្បៈមួយចំនួនបានគាំទ្រចំពោះការរិះគន់នេះ ប៉ុន្តែតារាមួយក្រុមផ្សេងទៀត ក៏បានប្រកាសថានោះជាការវាយប្រហារចំពោះតារាសិល្បៈ និងថាការរិះគន់គឺបណ្ដាលមកពីមិនទទួលស្គាល់ចំពោះស្ថានភាពខាងក្រៅសិល្បៈរបស់តារាដែលទទូចសុំជំនួយទាំងនោះ។
តារាចម្រៀងជើងចាស់ម្នាក់បានអះអាងថា ការបង្ហោះរបស់អ្នករិះគន់គឺជាការបំបាក់មុខអ្នកសិល្បៈ។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថាតារាសិល្បៈពិតជាសមឲ្យអ្នករិះគន់លើកឡើងនូវចំណុចនោះមែន ដោយសារតែក្នុងពេលល្បីឃើញតែអួតគ្នាពីរឿងខួបកំណើត ពីរឿងជប់លៀង ពីរឿងដូរឡាន និងទិញផ្ទះជាដើម ប៉ុន្តែដល់ពេលមានទុក្ខគឺតារាភាគច្រើនប្រកាសចេញមុខតែសុំជំនួយ។ អ្នកនាងថា តារាសិល្បៈមិនគួរប្រហែសខ្លួនក្នុងពេលឡើងកូដនោះទេ ដោយសារតែការរកចំណូលពីការងារសិល្បៈវាមិនមាននិរន្តរភាពប្រសិនបើតារាមួយចំនួនគិតតែសប្បាយ។
អ្នកនាង ខាត់ សុឃីម ធ្លាប់អះអាងថា ហេតុផលតារាក្រោយពេលធ្លាក់កូដក៏មានជីវភាពចុះខ្សោយគឺអាចបណ្ដាលមកពីតារាភាគច្រើនគឺជាមេគ្រួសារ ហើយរកចំណូលតែឯងក្នុងការផ្គត់ផ្គង់។ អ្នកនាងថាតារាម្នាក់ៗមិនមានអ្នកណាចង់ក្រនោះទេ ប៉ុន្តែអាចបណ្ដាលមកពីមានតម្រូវកាក្នុងរង្វង់គ្រួសាររបស់ខ្លួនទើបក្រោយពេលធ្លាក់ចំណូលក៏ចេះតែបន្តលក់ទ្រព្យ ហើយឈានដល់ការធ្លាក់ខ្លួនក្រក្នុងពេលមានទុក្ខ។ យ៉ាងណាមិញ អ្នកនាងក៏លើកទឹកចិត្តឲ្យតារាសិល្បៈរៀនប្រើថវិកាដែលខ្លួនរកបានឲ្យក្លាយជាប្រយោជន៍ផងដែរ ដើម្បីកុំឲ្យចាស់ទៅពិបាករកជំនួយ។
បើទោះជាមានការពន្យល់ខ្វែងគ្នារវាងអ្នកសិល្បៈគាំទ្រទស្សនៈរិះគន់ និងមិនរិះគន់ ក៏អ្នកលេងហ្វេសប៊ុកបានទម្លាយមុខមាត់តារាមួយចំនួនដែលក្នុងពេលល្បីគឺវក់ស្រីស្រា ល្បែង និងសម្ញ៉ែងដូររថយន្តអួតគ្នាជាដើម លុះដល់ពេលធ្លាក់ខ្លួនក៏ប្រកាសសុំជំនួយ។ យ៉ាងណាមិញ អ្នកលេងហ្វេសប៊ុកដដែលក៏បានសរសេរថាតារាសិល្បៈដែលធ្លាក់ខ្លួនមួយចំនួន ក៏បណ្ដាលមកពីក្នុងពេលល្បីទទួលចំណូលបានត្រឹមក្រពះ និងល្អមើល លុះដល់ធ្លាក់ចំណូលក៏ធ្លាក់ខ្លួននោះផងដែរ។
អ្នកនាងម៉ៅ ស៊ីណាត ថា អ្នកនាងមិនចង់ឲ្យមហាជនណាម្នាក់រិះគន់នោះទេ ពាក់ព័ន្ធនឹងរឿងតារាសិល្បៈឲ្យតែពេលមានរឿងគឺប្រកាសសុំលុយមហាជន។ អ្នកនាងថាមធ្យោបាយដើម្បីជួយឲ្យតារារួចផុតពីស្ថានភាពនេះ គឺមានតែពេលរកលុយបានកុំដើរផឹកដើរស៊ី និងកុំខ្ជះខ្ជាយលុយកាក់ប៉ុណ្ណោះ បន្ថែមពីលើគំនិតច្នៃប្រឌិតដូចគ្នានឹងតារាមួយចំនួនដែលចេះបង្កើតជំនួញបន្ថែមពីលើការងារសិល្បៈ។ អ្នកនាងថាសកម្មភាពរៃអង្គាសជួយដល់តារាសិល្បៈគឺជារឿងដែលអ្នកនាងសប្បាយចិត្ត ប៉ុន្តែអ្នកនាងប្រកាសថាខ្លួនក៏មិនចង់ឃើញឃើញការរិះគន់ចំពោះតារាដូចអ្វីដែលបានលើកឡើងនោះដែរ៕
មតិយោបល់