ព័ត៌មានជាតិ

ផឹកស៊ីក្លែមសម្ដី ទីបំផុតទាញពូថៅកាប់គ្នា របួសធ្ងន់ម្នាក់ ជាប់ទ្រុងម្នាក់

ឧត្តរមានជ័យៈ ជម្លោះពាក្យសម្ដីក្នុងវង់ផឹកស៊ី ទីបំផុតបញ្ចប់ត្រឹមកាំបិតខ្វេវ និងពូថៅ កាប់ប្រហារគ្នាបណ្ដាលឲ្យម្នាក់ របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់ រីឯម្នាក់ទៀត ត្រូវជាប់ទ្រុងដូចសរិកា។ ហេតុការណ៍ផឹកស៊ីរហូតឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ Post News ថា កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ ឈឿន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ បន្ទាប់ពីយកពូថៅ និងកាំបិតខ្វេវ កាប់លើជនរងគ្រោះឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវចំនួន២កន្លែង ផ្នែកខាងក្រោយ ក្រោមស្មាទាំងពីរ បណ្តាលឲ្យរងបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់។

លោកស្នងការរូបនេះ បញ្ជាក់ថា ហេតុការណ៍ដែលឈានដល់ការកាប់ចាក់គ្នានេះ គឺផ្តើមពីផឹកស៊ីក្នុងវង់តែមួយនាំគ្នាក្លែមសម្ដី ហើយរកភាពចាញ់ឈ្នះរៀងៗខ្លួន។ ជម្លោះកាន់តែរីកធំ ទោះជាមានការឃាត់ពីអ្នកផឹករួមវង់ក៏មិនអាចទទួលយកបាន។ នៅទីបំផុតបញ្ចប់ត្រឹមពីរកាំបិត ដែលអ្នកឈ្នះចូលទ្រុងសារិកា ឯអ្នកចាញ់ត្រូវក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះបន្ទាន់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរចម្លើយបង្កហេតុ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-22_09-37-08 photo_2016-05-22_09-37-12 photo_2016-05-22_09-37-14

មតិយោបល់