ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រិមប្រិយ ភ្ជាប់ពាក្យ រកឪពុកឲ្យកូនស្រី!

នៅព្រឹកថ្ងៃទី១៦ មិថុនា នេះតារាកំប្លែងអ្នកនាងប្រិមប្រិយ បានសម្រេចចិត្តភ្ជាប់ពាក្យហើយជាមួយតារាចម្រៀងជាអណិកជនអាមេរិកគឺលោក សៅ រ៉ានីត ដែលជាសមាជិកមួយរូបក្នុងក្រុមកំប្លែងរបស់អ្នកនាងដែរ។ ជាការសម្រេចចិត្តមួយថ្មី បន្ទាប់ពីនាងខកស្នេហ៍លើកទី១ ហើយបន្សល់ទុកកូនស្រីម្នាក់នៅក្រោមបន្ទុករាល់ថ្ងៃ។

យ៉ាងណាមិញ អ្នកនាងនិយាយថា ចំណងស្នេហ៍ដែលនាំឲ្យនាងហ៊ានជម្រើសយកការភ្ជាប់ពាក្យនេះ គឺត្រូវរ៉ូវគ្នាមិនក្រោម៧ឆ្នាំ ទើបធ្វើឲ្យលោកសៅ រ៉ានីត ចុះឡើងៗមកកាន់ស្រុកខ្មែររហូតលែងចង់ទៅវិញ។

អ្នកនាងប្រិមប្រិយនិយាយថា ក្រោយពីបរាជ័យស្នេហាជាមួយតារាកំប្លែងម្នាក់រួមក្រុម ហើយបណ្ដាលឲ្យអ្នកនាងចិញ្ចឹមកូនតែម្នាក់ឯង ហាក់ធ្វើឲ្យអ្នកនាងរាងចាលនឹងស្នេហាយ៉ាងខ្លាំង បើទោះជាពេលបន្តបន្ទាប់មានម្ចាស់ហាងភោជនីយដ្ឋានធំមួយក៏តាមចែចង់រូបនាងក៏ដោយ។ អ្នកនាងថាខ្លួនបានស្គាល់លោក សៅ រ៉ានីត ក្នុងពេលលោកចុះមកលេងបងប្អូន និងសម្ដែងសិល្បៈកាលពីច្រើនឆ្នាំមុន ហើយដោយលោកមិនដែលប្រកាន់រឿងអ្នកនាងភ្លាត់មានកូនស្រីម្នាក់តែមិនមានអ្នកទទួលខុសត្រូវ ទើបអ្នកនាងស្រឡាញ់ពេញចិត្ត ហើយសប្បាយចិត្តក្នុងការទទួលយក។ អ្នកនាងថាពិធីភ្ជាប់ពាក្យរបស់ខ្លួនពិតជាត្រូវធ្វើឡើងនៅថ្ងៃទី១៦ មិថុនានេះមែន តែមិនធំដុំទេ គឺត្រឹមតែអញ្ជើញចាស់ទុំ និងមិត្តភក្តិរួមក្រុមដែលជិតស្និទ្ធិតិចតួចឲ្យចូលរួមធ្វើជាសាក្សីប៉ុណ្ណោះ។

អ្នកនាងថាលោកសៅ រ៉ានីត ជាតារាចម្រៀងនៅក្នុងហាងមួយនៅអាមេរិក ហើយលោកចាប់ផ្ដើមឡើងចុះស្រុកខ្មែរញឹកញាប់នាពេលចុងក្រោយ ក្រោយពេលសិក្សាស្វែងយល់ជាមួយនាងក្នុងនាមជាគូស្នេហ៍។ យ៉ាងណាមិញ អ្នកនាងថាមិនទាន់ច្បាស់ពីគម្រោងរៀបការទេរង់ចាំឲ្យការងារធូរស្បើយបន្តិចសិន៕

មតិយោបល់