គ្រាន់តែចុះពីអាមេរិកមកដល់ប្រទេសភ្លាម អ្នកនាងយុគ ចិន្តា បានទៅដល់កន្លែងគោរពវិញ្ញាណខ័ន្ធរបស់លោក អ៊ិត សេដ្ឋា នៅផ្ទះជួលរបស់លោកភ្លាម នៅម្ដុំសាលាបឋមសិក្សាប្ញស្សីកែវភ្លាម។ អ្នកនាងបាននាំជំនួយពីសហរដ្ឋអាមេរិកប្រមាណជាង៤ពាន់ដុល្លារ យកមកប្រគល់ជូនដល់ក្រុមគ្រួសាររបស់លោក និងបានបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង នៅចំពោះមុខរូបថតរបស់លោក។
អ្នកនាង យុគ ចិន្តា និយាយថា ខ្លួនពិតជារន្ធត់ចិត្ត ដែលត្រូវបាត់បង់ដៃគូយ៉ាងសំខាន់ នៅក្នុងជីវិតសិល្បៈរបស់ខ្លួន ដែលអ្នកនាងបានចាត់ទុកថា គឺជាការបាត់បង់ដៃគូដ៍មានតម្លៃម្នាក់។ អ្នកនាងមានអារម្មណ៍ខូចចិត្ត ដែលឃើញបណ្ដាញផ្សព្វផ្សាយមួយចំនួន សរសេរមុនច្បាស់ពីលោក ក្នុងពេលដែលអ្នកនាងបានដឹងអាថ៍កំបាំងរបស់លោកទាំងអស់ និងគិតថាជារឿងអយុត្តិធម៌ នៅពេលអាថ៍កំបាំងទាំងនោះមិនត្រូវទម្លាយ ដែលនាំអោយមានការយល់ច្រលំចំពោះលោក ពាក់ព័ន្ធនឹងរឿងភរិយា។ អ្នកនាងថា ខ្លួនដឹងរឿងអាថ៍កំបាំងរបស់លោក អ៊ិត សេដ្ឋា ច្រើនជាងម្ដាយរបស់លោកទៅទៀត ទើបអ្នកនាងមានអារម្មណ៍ឈឺចាប់ ដែលអ្នកនាងមិនអាចនិយាយបាន ក្នុងពេលដែលលោក អ៊ិត សេដ្ឋា សុំចិត្តមិនអោយអ្នកនាងនិយាយប្រាប់អ្នកដទៃ ជាពិសេសគឺបណ្ដាញសារព័ត៌មាន។
យ៉ាងណាមិញអ្នកនាងថា លោក អ៊ិត សេដ្ឋា មានភរិយាតែមួយគត់ គឺម្ដាយរបស់ក្មេងទាំង៣ ដោយមិនមានភរិយាមុន ឬ ភរិយាក្រោយនោះទេ។ ក្នុងនោះ ពាក់ព័ន្ធនឹងរឿងអតីតរបស់ភរិយាលោក ដែលបន្តបាត់មុខ មិនមកអើតកូន ក៏អ្នកនាងដឹងច្បាស់នោះដែរ តែអ្នកនាងមិនអាចនិយាយបាន។ អ្នកនាងថាខ្លួនតឹងចិត្ត រាល់ពេលមានដំណឹងនិយាយមិនពិតពីលោក អ៊ិត សេដ្ឋា ហើយអ្នកនាងនិយាយមិនកើត ដើម្បីលាងជម្រះមន្ទិលរបស់លោក អ៊ិត សេដ្ឋា។ អ្នកនាងថា លោក បានលាចាកលោកព្រមជាមួយនឹងអាថ៍កំបាំង ដែលអ្នកនាងយល់ថាគឺជារឿងដ៏រន្ធត់ សម្រាប់អ្នកនាងដែលដឹងរឿងពិតពីលោក៕
មតិយោបល់